ក្រោយ​ការ​គ្រងរាជ្យ​និង​ក្តីសង្ឃឹម​សម្រាប់​ស្ថិរភាព​នៅក្នុង​ប្រទេស​ថៃ​បិទបាំង​ហានិភ័យ​នៃ​និចលភាព​

1020
ចែករម្លែក

​ខណៈដែល​សភា​ថៃ​បាន​បើក​កាលពី​ថ្ងៃ​សុក្រ​ទី ២៤ ខែឧសភា សំណួរ​នៅក្នុង​ចិត្ត​របស់​ពួក​អ្នកសង្កេតការណ៍​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​និង​តំបន់​ដទៃទៀត​គឺថា​តើ​ប្រទេស​នេះ​ទីបំផុត​ស្ថិតនៅ​លើផ្លូវ​ឆ្ពោះទៅរក​ស្ថិរភាព បន្ទាប់ពី​ចលាចល​១៥​ឆ្នាំ​ឬ​យ៉ាងណា​។​

​អំឡុង​រយៈពេល​នៃ​ចលាចល​ទាំង​នោះគេ​បានឃើញ​រដ្ឋប្រហារ​ចំនួន​ពីរ បាតុកម្មហិង្សា​របស់​ក្រុម​អាវ​ក្រហម​និង​ក្រុម​អាវ​លឿង​នៅតាម​ដងផ្លូវ​ក្រុង​បាងកក អន្តរាគមន៍​ផ្នែក​យុត្តិធម៌​ដើម្បី​ទម្លាក់​នាយករដ្ឋមន្ត្រី​ពីរ​នាក់ និង ការបោះឆ្នោត​ចំនួន​ពីរ​ត្រូវ​បានប្រកាស​គ្មាន​សុពលភាព​។​

​អំឡុងពេល​នៃ​ការ​បែកខ្ញែក​នេះ​ក៏​ជា​សាក្សី​នៃ​ការ​សោយ​ទិវង្គត​របស់​ស្ដេច​ភូមិបុល អាឌុលយ៉ាដេត​ក្នុង​ឆ្នាំ ២០១៦ ផងដែរ បន្ទាប់ពី​ការ​គ្រងរាជ្យ​ជាច្រើន​ទសវត្សរ៍ ដែល​ក្នុង​គ្រានោះ​ទ្រង់​ត្រូវបាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា​បាន​នាំមក​នូវ​ស្ថិរភាព​ដល់​ប្រទេស​របស់​ទ្រង់​។​

  • ចលាចល​ដ៏​ខាតបង់​ជិត ១៥ ឆ្នាំ​

​ភាពចលាចល​នៅ​ប្រទេស​ថៃ​ចាប់តាំងពី​ឆ្នាំ ២០០៥ បាន​បង្ក​ការខាតបង់​យ៉ាងខ្លាំង​។ វា​បាន​នាំមក​នូវ​ការបែកបាក់​សង្គម​ដ៏​ជ្រាលជ្រៅ និង​ការបែងចែក​រវាង​គ្រួសារ​និង​មិត្តភក្តិ​។ ចលាចល​នេះ​បានធ្វើឱ្យ​អ្នករស់នៅ​ទីក្រុង​បាងកក​កាន់តែ​ឃ្លាតឆ្ងាយ​ពី​តំបន់​តាម​បណ្តា​ខេត្ត កន្លែង​ដែល​ជនរួមជាតិ​ថៃ​របស់​ពួកគេ​កំពុង​រស់នៅ​។​

​អស្ថិរភាព​រ៉ាំរ៉ៃ​នេះ​បាន​រំខាន​បុគ្គលិក​ស៊ីវិល​របស់​ប្រទេស​នេះ​ពី​ការគិតគូ​រលើ​បញ្ហា​ប្រឈម​នានា​នៃ​សង្គម​ចាស់ជរា អន្ទាក់​ប្រាក់ចំណូល​មធ្យម វិស័យ​អប់រំ​មិនមាន​ស្តង់ដារ​ខ្ពស់ អំណាច​ប្រមូលផ្តុំ​ហួសហេតុ និង តម្រូវការ​ក្នុង​ការកសាង​ទំនាក់ទំនង​ដែលមាន​អត្ថប្រយោជន៍​សន្ធឹកសន្ធាប់​ជាមួយ​ចិន​។​

​ភាពចលាចល​និង​អស្ថិរភាព​នៃ​បណ្តា​ឆ្នាំ​ទាំងនេះ​ក៏​គាប់​ជួន​គ្នា​ផងដែរ​ជាមួយនឹង​ការរិះគន់​កាន់តែខ្លាំង​ឡើងលើ​រាជាធិបតេយ្យ​ថៃ​និង​របៀបរៀបរយ​នៃ​សង្គម​ដ៏​បែកបាក់​នេះ​។ ចលាចល​នេះ​បាន​បំផ្លាញ​មុខមាត់​ប្រទេស​និង​លើក​ជា​សំណួរ​អំពី​សមត្ថភាព​របស់​ថៃ​ក្នុងការ​ធ្វើជា​ដៃគូ​អាច​ជឿទុកចិត្ត​បានជា​មួយ​មិត្តភក្តិ​នៅក្នុង​តំបន់​។​

​តើ​ឥឡូវនេះ​ស្ថិរភាព​អាច​ស្ថិតនៅក្នុង​សន្លឹក​បៀ​ឬទេ​?

​តាមពិត បើ​និយាយថា​ថៃ​ឥឡូវ​កំពុងមាន​ស្ថិរភាព​គឺ​អត់​ត្រូវ​ទេ គេ​គួរ​និយាយថា​ការបែកបាក់​និង​អស្ថិរភាព​កំពុង​តែមាន តែ​គេ​ទប់​ឱ្យ​វា​នៅ​ស្ងៀម​មិន​ផ្ទុះឡើង​តែប៉ុណ្ណោះ​។ ជនជាតិ​ថៃ​និង​មិត្តភក្ដិ​ថៃ​ដែល​ប្រាថ្នា​ចង់បាន​ស្ថិរភាព​ពិតប្រាកដ​គឺ​គួរតែ​ប្រុងប្រយ័ត្ន​នូវ​អ្វីដែល​ពួកគេ​ចង់បាន​។ ហានិភ័យ​នៃ​អស្ថិរភាព​លាក់​មុខ​នេះ​គឺ​មិន​តូចតាច​នោះទេ​។​

  • ហានិភ័យ​នៃ​និចលភាព (​អស្ថិរភាព​លាក់​មុខ​)

​មនុស្ស​តិចតួច​ណាស់​បាន​បង្ហាញ​ពី​ហានិភ័យ​នៃ​និចលភាព ដូចជា លទ្ធផល​នៃ​ការបោះឆ្នោត​សភា​កាលពី​ខែមីនា​ជាដើម​។ ការផ្តោត​សំខាន់​ដដែលៗ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​រូបមន្ត​កំណត់​ចំនួន​អាសនៈ​នៃ​គណបក្ស​ដែល​ប្រកួតប្រជែង​នៅក្នុង​សភា និង​អំពី​សម្ព័ន្ធ​គណបក្ស​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​និង​សម្ព័ន្ធ​គណបក្ស​ដែល​គាំទ្រ​យោធា អាច​បង្អាក់​យើង​ពីសារ​ដ៏​សំខាន់​នៃ​ការបោះឆ្នោត​នេះ​។​

​ចំណែក​នៃ​សំឡេងឆ្នោត​ដែល​ទទួលបាន​ដោយ​គណបក្ស​ផា​ឡាំង​ប្រា​ចា​រ៉ាត់​បានបង្ហាញ​ពី​បំណងប្រាថ្នា​នៃ​ស្ថិរភាព​បំភាន់​ភ្នែក ដែលជា​កង្វល់​ធំ​នៅក្នុង​ចំណោម​ប្រជាជន​ថៃ​ភាគច្រើន​។​

​គណបក្ស​ជាប់​លេខ​ពីរ​គឺ​ភឿ​ថៃ​បាន​បន្ត​លើក​យកមក​និយាយ​អំពី​ទុក្ខសោក​នៃ​អំពើហិង្សា​តាម​ដងផ្លូវ​និង​ការបង្ក្រាប​ជា​បន្តបន្ទាប់​នៅ​អំឡុង​ខែមេសា​និង​ឧសភា​ឆ្នាំ ២០១០ ពោលគឺ​វា​មាន​រយៈពេល​ជិត​មួយ​ទសវត្សរ៍​មកហើយ​។​

​វា​គឺមាន​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​មកហើយ​ដែល​ចៅហ្វាយ​ជាក់ស្តែង​របស់​បក្ស​ភឿ​ថៃ គឺ​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​បាន​ប្រឡូក​ខ្លាំង​ក្នុង​ជីវិត​នយោបាយ​។ ពិតណាស់ សម័យកាល​របស់​ថាក់ស៊ីន​ឥឡូវ​កំពុង​ចាប់ផ្តើម​ចុះខ្សោយ​ឥទ្ធិពល​បន្តិច​ម្តងៗ​។​

​ការដួលរលំ​នៃ​ការបោះឆ្នោត​នៅក្នុង​ទីក្រុង​បាងកក​និង​ភាពអាម៉ាស់​នៅ​មូលដ្ឋាន​រឹងមាំ​ភាគខាងត្បូង​របស់​បក្ស​ប្រជាធិបតេយ្យ ដែល​ឆ្នាំនេះ​បាន​ត្រឹម​ជាប់​លេខ​៤ បាន​បង្កឱ្យមាន​ជម្លោះផ្ទៃក្នុង​បក្ស ដែល​ស្តាប់ទៅ​ដូចជា​គណបក្ស​នេះ​បាន​ស្លាប់​បាត់ទៅហើយ​។ ការសម្រេចចិត្ត​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​គាំទ្រ​សម្ព័ន្ធ​គណបក្ស​ដឹកនាំ​ដោយ​គណបក្ស​យោធា ផា​ឡាំង​ប្រា​ចា​រ៉ាត់ បានធ្វើឱ្យ​បក្ស​មួយ​នេះ​ក្លាយជា​សសរស្តម្ភ​មួយ​នៃ​ជម្លោះ​ស៊ីវិល​ដែល​កំពុង​បន្ត​នេះ​។​

  • ជា​អ្នក​ទប់​ទល់នឹង​និចលភាព​?

​កត្តា​សក្តានុពល​ដ៏​សំខាន់បំផុត​ចំពោះ​និចលភាព​លើ​ទិដ្ឋភាព​នយោបាយ​ថៃ​គឺ​គណបក្ស​ថ្មី ដែល​ទទួលបាន​សំឡេងឆ្នោត​ខ្ពស់បំផុត​ទី​បី​។ គណបក្ស​អនាគត​ឆ្ពោះទៅមុខ​គឺ​តំណាងឱ្យ​យានយន្ត​មួយ​សម្រាប់​គំនិត​សេរីនិយម រួមទាំង​ការបញ្ចប់​នូវ​ការបំពេញ​កាតព្វកិច្ច​យោធា​និង​ការធ្វើកំណែទម្រង់​យោធា​។​

​ការប្រើ​ភាសា​របស់​បក្ស​អនាគត​ទៅមុខ​ថា “​អ្នកគាំទ្រ​តាម​ទីក្រុង​កើត​ជំនាន់​ឆ្នាំ​២០០០” គឺជា​ការរំខាន​បំផុត​ដល់​ត្រចៀក​មេដឹកនាំ​ប្រទេស​។ ហើយ​ឥឡូវនេះ គណបក្ស​នេះ​កំពុង​ប្រឈម​នឹង​ការ​វាយ​សំពង​ខាង​ផ្លូវច្បាប់​ពី​សំណាក់​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព​និង​សណ្តាប់ធ្នាប់ (NCPO) ដែល​បាន​នាំឱ្យមាន​ការព្យួរ​អភ័យឯកសិទ្ធិសភា​រប​ស់មេ​ដឹកនាំ​របស់ខ្លួន​រួចទៅហើយ គឺ​លោក ថា​ណា​ថន រឿង​រុងរឿង​គីត​។ ពន្ធនាគារ​ប្រហែលជា​កំពុង​រង់ចាំ​គាត់​។​

​វិធីសាស្ត្រ​ដ៏​គឃ្លើន​របស់ NCPO ចំពោះ​គណបក្ស​អនាគត​ឆ្ពោះទៅមុខ​គឺ​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​យោធា​កំពុង​កាន់អំណាច​ចំពោះ​គំនិត​ជាក់លាក់​មួយ​របស់គេ​អំពី​ស្ថិរភាព​។​

​អ្នក​អត្ថាធិប្បាយ​ជាច្រើន​បាន​គូសបញ្ជាក់ថា រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០១៧ ជាមួយ​ព្រឹទ្ធសមាជិក​មិនបាច់​បោះឆ្នោត​ដ៏​មានអំណាច​និង​ធនធាន​រដ្ឋ​ដែល​ទទួលបាន​ដោយ​បក្ស​ផា​ឡាំង​ប្រា​ចា​រ៉ាត់​គឺជា​សញ្ញា​មួយ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់ NCPO ក្នុងការ​បន្តកាន់កាប់​អំណាច​របស់ខ្លួន​។​

​ប៉ុន្តែ​ការផ្សាយ​ដដែលៗ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី NCPO គឺជា​ការរំខាន​មួយ​ផ្សេងទៀត​។ លោក​ថា​ណា​ថន គណបក្ស​របស់លោក និង​ការអំពាវនាវ​របស់​ពួកគេ​ចំពោះ​អ្នកបោះឆ្នោត​វ័យក្មេង គឺ​គំរាមកំហែង​មិន​ត្រឹមតែ​រដ្ឋាភិបាលយោធា​បច្ចុប្បន្ន​នេះ​ទេ តែ​ថែមទាំង​ផែនការ​របស់​យោធា​សម្រាប់​អនាគត​ខាងមុខនេះ​ទៀតផង​។​

​ផ្ទុយទៅវិញ ក្នុងពេល​បើក​បង្អួច​ដើម្បី​អនុញ្ញាត​ឱ្យមាន​ខ្យល់អាកាស​ស្រស់​បរិសុទ្ធ​ចូលទៅក្នុង​ប្រព័ន្ធ​នយោបាយ​ធុំក្លិន​ផ្អួរ​របស់​ថៃ​និង​បើក​ពន្លឺព្រះអាទិត្យ​ឱ្យ​ជះ​ទៅលើ​ប្រព័ន្ធ​ដឹកនាំ​ហួស​សម័យ​របស់​យោធា គេ​បែរជា​ថា​បក្ស​អនាគត​ឆ្ពោះទៅមុខ​បាន​បង្កើត​បញ្ហា​ប្រឈម​ដល់​សណ្តាប់ធ្នាប់​របស់​ថៃ​ទៅវិញ​។​

​ព្រឹទ្ធសភា​ថ្មី​ត្រូវបាន​បង្ហាញ​កាលពី​ពាក់កណ្តាល​ខែឧសភា ដោយ​សមាជិក​ក្នុងនោះ​មួយផ្នែក​គឺជា​ពួកយោធា​និង​ប៉ូលិស រួមទាំង​មន្ត្រី​កំពូល​កំពុង​កាន់តំណែង​សកម្ម​ចំនួន ៦ រូប​។

  • យោធា​និង​រាជាធិបតេយ្យ​

​ពាក់កណ្តាល​ខែឧសភា​នោះ​ក៏បាន​នាំឱ្យមាន​ការបញ្ចេញ​រូបថត​ផ្លូវការ​ចំនួន​២០​សន្លឹក​នៃ​ព្រះមហា​ក្សត្រិយានី​ថ្មី​របស់​ថៃ​ផងដែរ​។ រូប ១៨ សន្លឹក​បាន​ពណ៌នា​ទ្រង់​នៅក្នុង​ឯកសណ្ឋាន​យោធា ចាប់ពី​ពិធីបុណ្យ​ផ្លូវការ​រហូតដល់​សមរ​ភូមិ​ប្រយុទ្ធ​។ ក្នុង​រូបថត​ពីរ​សន្លឹក​ទៀត ទ្រង់​បាន​ពាក់មួក​សុវត្ថិភាព​ដែល​ក្លែងបន្លំ​ជាមួយ​ព្រៃឈើ​។​

​ភាពជា​ដៃគូ​រវាង​យោធា​និង​រាជាធិបតេយ្យ​នៅក្នុង​ប្រទេស​ថៃ ដែល​រូបថត​ទាំងនោះ​បានចង្អុលបង្ហាញ គឺមាន​តាំងពី​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៥០​។ ប្រភពដើម​នៃ​ភាពជា​ដៃគូ​នេះ​បានកើត​ចេញពី​ការបញ្ចប់​ជម្លោះ​រវាង​ស្ថាប័ន​ទាំងពីរ​នេះ ដែល​នាំឱ្យមាន​ផលចំណេញ​ជាជាង​ធ្វើជា​គូប្រជែង​នឹង​គ្នា​និង​ប្រឆាំងនឹង​គ្នា​ទៅវិញទៅមក​ក្នុងអំឡុង​ពាក់កណ្តាល​សតវត្សរ៍​ទី​២០​។​

​យុទ្ធនាការ​ប្រឆាំង​ការ​ងើប​បះបោរ​និង​ការជំរុញ​ដែល​ពាក់ព័ន្ធ​ដើម្បី​រួមបញ្ចូល​តំបន់​ដាច់ស្រយាល​នៃ​ប្រទេស​ថៃ​ក្នុងអំឡុង​ការ​គ្រងរាជ្យ​ដ៏​សកម្ម​របស់​ស្តេច​ភូមិបុល បានផ្តល់​ហេតុផល​អាច​ទទួលយក​បាន​សម្រាប់​ភាពជា​ដៃគូ​នេះ​។​

​ប៉ុន្តែ​សម័យ​ប្រឆាំង​ការបះបោរ​នៅ​អាស៊ីអាគ្នេយ៍​បាន​ចប់​ជា​យូរ​មកហើយ​។​

​ឥឡូវនេះ​ប្រទេស​ថៃ​ត្រូវ​ជួបនឹង​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត ដូចដែល​បាន​រៀបរាប់​ខាងលើ​។ តួនាទី​របស់​ព្រះមហាក្សត្រ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ​គឺ​អំពាវនាវ​ឱ្យមាន​ប្រភេទ​រាជាធិបតេយ្យ​ផ្សេង​ពីមុន ពោលគឺ​ត្រូវ​ធ្វើការ​ជាមួយ​ដៃគូ​ផ្សេងៗ​គ្នា​។​

​ក្រុម​អ្នកសង្កេតការណ៍​ព្រួយបារម្ភ​ខ្លាំង​ជា​យូរ​មក​ហើយពី​សមត្ថភាព​របស់​ប្រទេស​ថៃ​ក្នុង​ការពុះពារ​ជម្នះ​នូវ​គ្រា​នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះមហាក្សត្រ​ភូមិបុល​និង​ការផ្លាស់ប្តូរ​មហាក្សត្រ​ថ្មី​។ ក្នុង​ព្រឹត្តិការណ៍ សោយ​ទិវង្គត​របស់​ស្តេច​ភូមិបុល ការធ្វើ​បុណ្យសព​នៅ​ខែតុលា​ឆ្នាំ ២០១៧ និង​ការឡើង​គ្រងរាជ្យ​របស់​ព្រះមហាក្សត្រ​វិ​ជ្ជ​រ៉ា​ឡុងកន គឺ​បានបង្ហាញ​រូបភាព​នៃ​ស្ថិរភាព​របស់​ស្ថាប័ន​មហាក្សត្រ​។​

​ពិធី​ឡើង​គ្រងរាជ្យ​នេះ​បាន​ពង្រឹង​នូវ​រូបភាព​នៃ​និរន្តរភាព​រវាង​រាជបល្ល័ង្ក​ថ្មី​និង​រាជបល្ល័ង្ក​របស់​ស្តេច​ពីមុនៗ​៩​អង្គ​ទៀត​នៃ​រជ្ជកាល​ចក្រី​។​

​ការច្នៃប្រឌិត​គឺមាន​សារៈសំខាន់​កាន់តែខ្លាំង​ឡើង​ដូច​នៅក្នុង​ការធ្វើ​ទំនើបភាវូបនីយកម្មរ​ដ្ឋ​បាល​ដោយ​ស្ដេច​ជូឡាឡុងកន​នៅ​ចំពោះមុខ​ចក្រពត្តិនិយម​លោកខាងលិច ការ​សាបព្រោះ​គំនិត​ជាតិនិយម​របស់​បុត្រា​ទ្រង់​គឺ​ស្ដេច​វីរៈ​វុ​ធ និង​ការយកចិត្តទុកដាក់រ​បស់​ចៅទួត​ព្រះអង្គ​គឺ​ស្តេច​ភូមិបុល​ទៅលើ​តំបន់​ជនបទនិង​ការគាំទ្រ​ដល់​ផលប្រយោជន៍​អាជីវកម្ម​ថៃ​-​ចិន​និង​កំណើនសេដ្ឋកិច្ច​។​

​ការរៀបចំ​ពិធី​ឡើង​គ្រងរាជ្យ​ដ៏​ធំ​អាច​បង្ហាញ​ពី​ស្ថិរភាព​ប៉ុន្តែ​វា​ផ្តល់នូវ​ការចង្អុលបង្ហាញ​តិចតួច​ណាស់​អំពី​ការច្នៃប្រឌិត​ឬ​ការប្តេជ្ញាចិត្ត​ខ្ពស់ ដូចដែល​បានបង្ហាញ​នៅ​ជំនាន់​ស្តេច​មុនៗ ដើម្បី​បង្កើត​តួនាទី​រាជវង្ស​ដើម្បី​បំពេញតម្រូវការ​តាម​សម័យកាល​នីមួយៗ​។​

​បរិយាកាស​ដែលមាន​ស្ថិរភាព​មួយ គឺ​ត្រូវ​អនុញ្ញាតឱ្យ​ការច្នៃប្រឌិត​លូតលាស់​ឡើង​។ និចលភាព​គឺមាន​ផលវិបាក​ផ្សេងៗ​គ្នា​។​

​នៅក្នុង​ការវាយតម្លៃ​អំពី​ជោគវាសនា​នៃ​គណបក្សនយោបាយ​ឈានមុខ​នានា​របស់​ថៃ​បន្ទាប់ពី​ការបោះឆ្នោត​ខែមីនា ការដែល​គេ​កត់សម្គាល់ឃើញ​ភាព​គ្មាន​ឆន្ទៈ​របស់​យោធា​ក្នុងការ​ដកថយ​ពី​តួនាទី​នយោបាយ​ហួស​សម័យ​របស់ខ្លួន​និង​ការ​សម្លឹងមើល​ព្រះមហាក្សត្រ​ក្នុងការ​ឱបក្រសោប​យក​ទំនៀមទម្លាប់​របស់​រជ្ជ​កាល​ចក្រី ក្រុម​អ្នកសង្កេតការណ៍​ប្រទេស​នេះ​អាច​នឹងមាន​ការសោកស្តាយ​ចំពោះ​ក្តីសង្ឃឹម​របស់​ពួកគេ​សម្រាប់​ស្ថិរភាព ប្រសិនបើ​អ្វីដែល​ហុច​ជា​លទ្ធផល​គឺ​ពិតជា​និចលភាព​មែន​នោះ​៕ ដោយ៖ កញ្ញាដាលីស

ប្រភព៖ Channelnewsasia

ស្តេច​ថៃ​វិ​ជ្ជ​រ៉ា​ឡុងកន និង​មហេសី​របស់​ទ្រង់​នៅ​រាជវាំង​ក្នុង​ទីក្រុង​បាងកក