ក្រោយ​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ស៊ីវិល​ជា​ផ្លូវការ ប្រា​យុទ្ធ​សន្យា​«​ស្តាប់​សម្លេង​ប្រជាជន និង​ការពារ​របបរាជានិយម​»

656
ចែករម្លែក

​អតីត​ប្រមុខ​របប​សឹក​ថៃ លោក​ប្រា​យុទ្ធ ចាន​អូ​ចា កាលពី​ថ្ងៃ​អង្គារ​ទី​១១​មិថុនា បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ថៃទី​២៩​ជា​ផ្លូវការ ក្រោយពី​ទទួល​ការអនុម័ត​ពី​ស្តេច ដោយ​បញ្ចប់​​ការផ្លាស់ប្តូរ​ដ៏​វែង​មួយ​ពី​ប្រមុខ​យោធា​មកកាន់​មេដឹកនាំ​ស៊ីវិល និង​បាន​ប្តេជ្ញា​«​ស្រឡាញ់ បង្កើត​ឯកភាព​ជាតិ​និង​ផ្តល់​សេចក្តី​មេត្តា​»​។​

លោក​ប្រា​យុទ្ធ ចាន​អូ​ចា

​ពួក​អ្នក​រិះគន់​មាន​មន្ទិល​លើ​ការសន្យា​របស់​លោក ដោយ​តែ​លោក​ប្រា​យុទ្ធ​នេះឯង​បាន​ដណ្តើម​អំណាច ហាម​ជួបជុំ​នយោបាយ​និង​បង្ក្រាប​លើ​សារព័ត៌មាន​ព្រមទាំង​ក្រុម​ប្រឆាំង​។​​តែ​អតីត​មេទ័ព​វ័យ​៦៥​ឆ្នាំ​ដែល​បាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​នៅ​ឆ្នាំ​២០១៤ បាន​និយាយថា​«​ខ្ញុំ​នឹង​ជំរុញ​បរិយាកាស​សន្តិភាព​សំរាប់​សង្គម​ឯកភាព​មួយ​ផ្អែកលើ ការស្រឡាញ់ ឯកភាព​​និង​សេ​ក្តីមេត្តា​ករុណា​»​។​

​ក្រោយ​ព្រះរាជ​ក្រិត​ត្រូវបាន​អាន​ក្នុង​សភា​កាលពី​ព្រឹក​ថ្ងៃ​អង្គារ លោក​ប្រា​យុទ្ធ បាន​និយាយថា​«​ខ្ញុំ​សន្យា​ស្តាប់​សម្លេង​ប្រជាជន​» និង​ការពារ​របបរាជានិយម​។​

​លោក​ក៏​បាន​អរគុណ​បណ្តា​គណបក្ស​ក្នុង​ក្រុមចំរុះ​ចំពោះ​ការគាំទ្រ​របស់​គេ​។​

​មុន​ពិធី​ទទួល​ព្រះរាជ​ក្រិត លោក​ប្រា​យុទ្ធ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា គណៈរដ្ឋមន្ត្រី​ថ្មី​នឹង​ត្រូវ​បង្កើតឡើង​ក្នុងពេល​ឆាប់ៗ​ដោយ​«​នឹង​មាន​ការពិភាក្សា​គ្នា​សំរាប់​តំណែង​សម​​ស្រប​និង​ការសន្យា​ត្រូវតែ​គោរព​…»៕​ដោយ​៖​វាសនា​