ក្រោយ​គ្រោះ​ខ្យល់​កន្ត្រាក់ :​ កងទ័ព​ជួយ​រុះរើ សម្រួល​ទីជម្រក​នឹង​ជួសជុលផ្ទះ​ជូន​ប្រជាពលរដ្ឋ​

293
ចែករម្លែក

ដោយ:ប​.​ជ័យ/បន្ទាយ​មាន​ជ័​យ ៖ ក្រោយ​គ្រោះ​ខ្យល់​កន្ត្រាក់​កាលពី​ព្រលប់​ថ្ងៃទី​២៥​និង​២៦ ​ខែមេសា​ឆ្នាំ​២០១៩ នៅ​ឃុំ​ខ្លះ​ក្នុងស្រុក​មង្គល​បូរី កម្លាំង​កងទ័ព បាន​ចុះជួយ​រុះរើ សម្រួល​ទីជម្រក​និង​ជួសជុលផ្ទះ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈុន ម៉ៅ មេបញ្ជាការរង​យោធភូមិភាគ​ទី​៥​និង​ជា​មេបញ្ជាការ​ទិស​ទី​១​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២៨​ខែមេសា បាន​ដឹកនាំ​បញ្ជា​នូវ​កងកម្លាំង​ជួរមុខ​ទិស​ទី​១​បន្ទាយមានជ័យ កងទ័ព​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង នៃ​កងពលតូច​ថ្មើរជើង​លេខ​៥១ កងអនុសេនាធំ​ទី​២ កងការពារ​អាកាស​និង​កងអនុសេនាធំ​ទី​២ កងរថក្រោះ ចំនួន​រាប់រយ​នាក់​ចុះទៅ​អន្តរាគមន៍​ជួយ​ពលរដ្ឋ ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈុន ម៉ៅ បាន​ស្រង់​របាយការណ៍​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែលថា គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​ពី​ខែមីនា​ដល់​មេសា​ឆ្នាំ​២០១៩ នេះ​នៅ​ស្រុក​ក្រុង​ទាំង​៩​របស់​ខេត្តបន្ទាយមានជ័យ បង្ក​ប៉ះពាល់ ខូចខាត​ផ្ទះសម្បែង​ពលរដ្ឋ​និង​សំណង់​សាធារណ​:​នានា​ជាង​១.៥០០​ខ្នង និង​ស្លាប់​ពលរដ្ឋ​៥​នាក់ របួស​៦​នាក់ ងាប់​គោ​១៣​ក្បាល និង​អន្តរាយ​ទ្រព្យ​ស​ម្ប​ត្តិ​ជាច្រើន​ទៀត។​ ថ្ងៃទី​២៥​និង​២៦​ខែមេសា​ឆ្នាំ​២០១៩ នៅ​ឃុំ​ខ្លះ​ក្នុងស្រុក​មង្គល​បូរី អស់​ជាង​១៥០​ខ្នង។​

ប៉ុន្តែ ចំពោះមុខ គ្រោះធម្មជាតិ​នេះ មន្ត្រី​ថ្នាក់ដឹកនាំ មន្ត្រី​អាជ្ញាធរ កងកម្លាំង​នគរបាល កងទ័ព កងរាជអាវុធហត្ថ​និង​ក្រុមការងារ​ផ្សេងទៀត បាន​ចុះជួយ​រុះរើ សម្រួល​ផ្ទះ​និង​សំណង់​ខូចខាត និង​រៀបចំ​ជម្រក​បណ្តោះអាសន្ន ផ្តល់​គ្រឿងសំណង់​មាន​ស័ង្កសី ឈើ​ជាដើម​និង​បាន​ជួយ​ជួសជុល កសាង​ឡើងវិញ។​

ក្នុងនោះ ក្នង​នាម​មេបញ្ជាការ​ទិស​ទី​១ បន្ទាយមានជ័យ​លោក​ក៏បាន​ដឹកនាំ​បញ្ជា​និង​ណែនាំ​អោយកម្លាំង​កងទ័ព​គ្រប់​ប្រភេទ​ចុះទៅ​ជួយ​អន្តរាគមន៍​​រុះរើ សម្រួល​ទីជម្រក​និង​ជួសជុលផ្ទះ​ជូន​ពលរដ្ឋ​ជា​បន្តបន្ទាប់​ផងដែរ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ មន្ត្រី​ក្រុមការងារ មន្ត្រី​អាជ្ញាធរ មាន​សមត្ថកិច្ច សប្បុរសជន​ដែល​បានផ្តល់​អំណោយ​ស័ង្ក​សី សម្ភារៈ​សំណង់ ម្ហូបអាហារ ថវិកា​ដល់​ពលរដ្ឋរ​ង​គ្រោះជា​បន្តបន្ទាប់។​

ក្នុងនោះ កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​ បានផ្តល់​អំណោយ​បន្តបន្ទាប់​ដែរ​៕B/


#