ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​ចុះ​ឆែកឆេរ​ផ្ទះ​របស់លោក សួន សេរី​រដ្ឋា

933
ចែករម្លែក

(​ភ្នំពេញ​)៖ បន្ទាប់ពី​បាន​ឆែកឆេរ​អស់​ប្រមាណ​ជិត​២​ម៉ោង ការឆែកឆេរ​ផ្ទះ​របស់លោក សួន សេរី​រដ្ឋា​នៅ​បុរី​ប៉េង​ហួត​ស្ថិតនៅ​សង្កាត់​​ច្រាំង​ចម្រេះ​១​ខណ្ឌឫស្សីកែវ បានបញ្ចប់​ហើយ​នៅ​ម៉ោង​ប្រមាណ​៦៖៥០​ព្រលប់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៧​នេះ ។​

​ការឆែកឆេរ​ធ្វើឡើង​ក្រោយ​ការចាប់ខ្លួន​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូបនេះ​ពាក់ព័ន្ធ​ការជេរប្រមាថ​ដល់​កង​ទ័ព​ជាតិ​ក្នុងន័យ​ប្រមាថ​​និង​ញុះញង់​បំបែកបំបាក់​ជាតិ​។ ខណៈ​ពេលនេះ​ជនសង្ស័យ សួន សេរី​រដ្ឋា កំពុង​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​ការចុះ​ឆែកឆេរ​ក្នុងផ្ទះ​នេះ​កើតឡើង​ខណៈ​Facebook មួយ​មានឈ្មោះ «​កូន​នាគ​អាស៊ី​» ដែល​បាន​អះអាងថា​ខ្លួន​ជា​មនុស្ស​ជំនិត​របស់ សួន សេរី​រដ្ឋា បាន​ទម្លាយ​ឯកសារ​សំងាត់​ដែលមាន ខ្លឹមសារ​ប្រមាថ​ព្រះ​ចេស្តា​របស់ ព្រះមហាក្សត្រ​ខ្មែរ ចង់​បំផ្លាញ​របបរាជានិយម​។​

​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​និង​វ៉ៃខ្នោះ​ភ្លាមៗ​បន្ទាប់ពី​លោក​បាន​បង្ហោះ​​សារ​នៅលើ​គេហទំព័រ ជេរប្រមាថ​ម៉ាក់​ងាយ​ដល់​កងទ័ព​ជាតិ ចំពេល​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ក្រោម​ការដឹក​នា​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ទើប​នាំ​មហា​ជ័យជម្នះ​ជូន​ជាតិ គឺ​បណ្តេញ​ទ័ព​ឈ្លានពាន​ឡាវ​ច​ញ​ពី​ទឹកដី​កម្ពុជា​។​

​សួន សេរី​រដ្ឋា បាន​បង្ហោះ​សារ​ក្នុង​Facebook​របស់លោក​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧ ថា​៖«​ពេល​សង្គ្រាម​កើតឡើង​ជាមួយនឹង​​ប្រទេស​លាវ​នោះ លទ្ធផល​វា​ហ្នឹង​មិន​ខុសពី​សង្គ្រាម​ដែល​កើតឡើង​ជាមួយនឹង​ប្រទេស​សៀម​ទេ ! គឺ​កូន​ខ្មែរ កងទ័ព​ជាតិ​នឹង​ស្លាប់​ក្នុង​​សមរភូមិ​យ៉ាង​វេទនា​…​ហើយ​មេទ័ព​ចោរ នឹង​ឡើងបុណ្យ​សក្តិ ប្រមូលបាន​លុយកាក់ សប្បាយ​ជាមួយ​ស្រី​ញី​យ៉ាង​គគ្រឹកគគ្រេង !​។​ពីព្រោះ​​កន្លងមក​ដូច​យើង​ដឹង​ហើយ សង្គ្រាម​ដែល​កើត ឡើង​ជាមួយនឹង​ប្រទេស​សៀម គឺ​ស្លាប់​តែ​កូន​ខ្មែរ​អ្នកស្នេហាជាតិ​ដែល​ចូល​ប្រយុទ្ធ​​នៅ​ជួរមុខ​ទេ​។ ចំណែកឯ​ពួក​មេៗ​ពាក់​ផ្កាយ និង​កូន​លោកធំៗ​ដែល​នៅ​ជួរ ក្រោយ​ចេញមុខ​ចេញ​មាត់​នោះ ប្រមូល​លុយ ប្រមូល​លាភ ហើយ​ដេក​តែ​ម៉ាស៊ីនត្រជាក់​ជាមួយ​ស្រី​កំដរ ក៏​ឡើងបុណ្យ​ឡើង​ផ្កាយ​ដែរ​»​។​

​ក្រោយ​ឃើញ​សារ​ប្រមាថ​នេះ មន្ត្រី​យោធា​កំពូលៗ​បាន​ចេញមក​ថ្កោលទោស និង​ទាមទារ​ឲ្យ​តុលាការ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ និង​ដាក់ទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត ដោយ​គ្មាន​ការលើកលែង​នោះឡើយ​៕​ដោយ​៖​វាសនា​

#