ក្រោយ​ចាញ់ មែន​នី ប៉ាក​គី​អៅ ដោយ​ពិន្ទុះ​មិនដាច់ ធឺ​មែន សុំ​ប្រកួត​សងសឹក​

2648
ចែករម្លែក

​អ្នក​ប្រដាល់​ហ្វីលីពីន មែន​នី ប៉ាក​គី​អៅ បាន​វាយ​ផ្តួល អ្នក​ប្រដាល់​អាម៉េរិក ឃី​ត ធឺ​មែន នៅក្នុង​ទឹក​ទី​១ តែ​អ្នក​ប្រដាល់​មិនដែល​ស្គាល់​ចាញ់​ពីមុន​រូប​នេះ​អាច​ងើបឈរ​តតាំង​​ជាមួយ​គូប្រកួត​បាន​ចប់​១២​ទឹក ក្នុង​ការប្រកួត​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​២១​កក្កដា នៅ​ក្រុង​ឡា​ស វេ​ហ្កា សហរដ្ឋ​អាម៉េរិក​។​ប៉ាក​គី​អៅ (​ឈ្នះ​៦២ ចាញ់​៧ )​បាន​បន្ត​ជ័យជម្នះ​ទោះ​​ជា​ឈាន​ចូល​វ័យ​៤០​ឆ្នាំ តែម្តង​នេះ​ឈ្នះ​ដោយ​ពិន្ទុះ​មិនដាច់​។​

​ប៉ាក​គី​អៅ បាន​វាយ​ត្រូវ ធឺ​មែន ច្រើន​នៅ​បណ្តា​ទឹក​ដំបូង តែ​ចាប់​ពី​កណ្តាល​ការប្រកួត​ទៅ ធឺ​មែន​(​ឈ្នះ​២៩ និង​ម្តង​) បង្ហាញ​សមត្ថភាព​ទប់​និង​វាយបក​ធ្ងន់ៗ​លើ​ប៉ាក​គី​អៅ ជា​​ហេតុ​ចប់​ការប្រកួត​១២​ទឹក​ធ្វើ​អោយ​ទស្សនិកជន​ពិបាក​ទាយ​ថា​នរណា​ឈ្នះ​។​

​ក្រោយ​ការប្រកួត ប៉ាក​គី​អៅ បាន​និយាយថា​«​វា​ជា​ការប្រកួត​ល្អមើល​។​គូប្រកួត​របស់​ខ្ញុំ​ជា​អ្នក​ប្រយុទ្ធ​ស្វិតស្វាញ​និង​ជា​អ្នក​ប្រដាល់​ល្អ​ម្នាក់​…​ខ្ញុំ​គិតថា​គាត់​ធ្វើ​បាន​ល្អ និង​ខ្ញុំ​ក៏​ខំ​អស់​​ពី​សមត្ថភាព​ដែរ​។​ខ្ញុំ​គិតថា ពួក​យើង​បាន​ធ្វើអោយ​អ្នកគាំទ្រ​សប្បាយ​ភ្នែក​នៅ​យប់​នេះ ព្រោះ​វា​ជា​ការប្រកួត​ល្អមើល​មួយ​»​។​

​ចៅក្រម​២​រូប អោយ​ប៉ាក​គី​អៅ ឈ្នះ និង​ម្នាក់​អោយ​ធឺ​មែន​ឈ្នះ​។​

​ចំណែក​ឃី​ត ធឺ​មែន បាន​និយាយថា «​វា​ជា​ការប្រកួត​បាន​ពិន្ទុះ​ប្រកៀកប្រកិត​គ្នាមួយ​។​គាត់​មានប្រៀប​ដោយសារ​បាន​វាយ​ខ្ញុំ​ដួល​នៅ​ទឹក​ទី​១…​យប់​នេះ​ជា​មេរៀន​មួយ​»​។​

​ក្រោយ​ចាញ់​មិន​អស់ចិត្ត ធឺ​មែន បាន​សុំ​ធ្វើ​ការប្រកួត​សងសឹក និង​ហ្វូង​ទស្សនិកជន​ក៏បាន​ស្រែក​គាំទ្រ​។​

​មុន​ការប្រកួត​ចាប់ផ្តើម ផ្ល​យ មេ​វេឌ័រ​(Floyd Mayweather ) កំពូល​អ្នក​ប្រដាល់​មិន​ដែល​ស្គាល់​ចាញ់​របស់​អាម៉េរិក បាន​ចូល​ក្នុង​សង្វៀន​និង​ជូនពរ​អោយ​អ្នក​ប្រដាល់​ទាំងពីរ​​ជួប​សំណាងល្អ​។​កំពូល​អ្នក​ប្រដាល់​ចូលនិវត្តន៍​រូបនេះ បាន​ឡើង​សង្វៀន​ដដែល​នេះដែល​គាត់បាន​វាយ​ឈ្នះ​ពិន្ទុះ ប៉ាក​គី​អៅ កាលពី​៤​ឆ្នាំមុន​។​

​ក្នុងពេល​ជាមួយគ្នា គ្រូបង្វឹក​របស់​ប៉ាក​គី​អៅ សង្ឃឹមថា ផ្ល​យ នឹង​ចេញពី​ការចូល​និវត្តន៍​ហើយ​ផ្តល់​ការប្រកួត​សងសឹក​ជាមួយ ប៉ាក​គី​អៅ​៕​ដោយ​៖​វាសនា​

ប៉ាក​គី​អៅ វាយ​ត្រូវ ធឺ​មែន ច្រើន​នៅ​ប៉ុន្មាន​ទឹក​ដើមទី និង​វាយ​ផ្តួ​កគូប្រកួត​អោយ​ដួលដ​ល់​រាប់​នៅ​ទឹក​ទី​១