ក្រោយ​ចាប់បាន​ថ្នាំញៀន​១០​លាន​គ្រាប់ ថៃ​ចាប់បាន​៣០០​គីឡូក្រាម​ទៀត​

317
ចែករម្លែក

បុរស​រដ្ឋ​សាន​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​ម្នាក់ ត្រូវបាន​ឃាត់ខ្លួន​ក្រោយ​ទាហាន​ស្ទាក់ចាប់​រថយន្ត​របស់​ជននេះ​និង​បាន​រកឃើញ​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​៣០០​គីឡូក្រាម​កាល​​ពី​យប់​ថ្ងៃ​ពុធ​ទី​០៩​មករា​ក្នុង​ខេត្ត​ឈៀង​រ៉ៃ​នៅ​ព្រំដែន​ខាងជើង​។​

ម៉ា​ទឹកកក ឬ មេ​តំ​ហ្វេ​តា​មីន​ក្រាម​ចំនួន​៣០០​គីឡូក្រាម​ត្រូវបាន​រឹបអូស​បាន​ពី​ជនល្មើស​នៅជាប់​ព្រំដែន​មី​យ៉ាន់​ម៉ា​

​ទាហាន​ដែល​ដាក់​ប៉ុ​ស្ត៍​ត្រួតពិនិត្យ​ជាប់​ព្រំដែន​បានឃើញ​រថយន្ត​មួយ​បាំង​កន្លះ​មួយ​បន្ថយល្បឿន​និង​បត់​ភ្លាមៗ​មុនពេល​វា​មកដល់​ចំណុច​ឆែកឆេរ​ដូច្នេះ​ពួកគេ​បាន​​ដេញតាម​រហូតដល់រ​ថ​យន្ត​បើក​ធ្លាក់​ផ្លូវ​និង​អ្នកបើក​រត់​ចូល​ព្រៃ​តែ​អ្នករួមដំណើរ​ម្នាក់​ជា​អ្នករស់នៅ​រដ្ឋ​សាន របស់​មី​យ៉ាន់​ម៉ា ត្រូវបាន​ចាប់ខ្លួន​។​

​កាលពី​ថ្ងៃ​អង្គារ​មួយថ្ងៃ​មុននេះ ប៉ូលិស​ថៃ​ចាប់បាន​ថ្នាំញៀន​សន្ធឹកសន្ធាប់ គឺ​ប្រមាណ​១០​លាន​គ្រាប់​នៅក្នុង​កុង​តេ​នឺ​ទំនិញ​នៃ​រថយន្ត​ធុន​ធំ​មួយ​នៅក្នុង​ខេត្ត​ផា​ធូ​ម ថា​នី​។​

​រថយន្ត​ដឹក​កុង​តេ​នឺ​នេះ​ត្រូវបាន​ឃាត់​ឆែកឆេរ​និង​ត្រូវបាន​រកឃើញ​បាវ​៥០ ដោយ​បាវ​មួយៗ​ដាក់​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ប្រមាណ​២០០.០០០​គ្រាប់​។​អ្នកបើករថយន្ត​នេះ​​ក្រោយមក​បាន​សារភាពថា​ខ្លួន​ត្រូវបាន​គេ​ជួល​៥០.០០០​បាត​អោយ​ដឹកទំនិញ​ទាំងនេះ​ពី​ខេត្ត​ឡាំ​ប៉ាង​មកកាន់​ខេត្ត​ផា​ធូ​ម ថា​នី​៕ដោយ៖វាសនា

រថយន្ត​ដឹក​កុង​តេ​នឺ​ថ្នាំញៀន​ត្រូវបាន​ឃាត់​នៅ​ខេត្ត​ផា​ធូ​ម ថា​នី​កាលពី​យប់​ថ្ងៃ​អង្គារ