ក្រោយ​ចូល​បំភ្លឺ លោក គី តិច អះអាងថា​លោក​នៅ​រក្សា​ពាក្យបណ្ដឹង​ប្រឆាំង​លោក លឺ ឡាយស្រេង ដដែល​ ​

422

(​ភ្នំពេញ​) ៖ លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​រសៀល​ថ្ងៃទី​០៦ វិច្ឆិកា​បាន​ចូល​បំភ្លឺ​​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកា​អញ្ជើញ​របស់លោក សៀង សុខ​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​​រាជធានី​ភ្នំពេញ ជុំវិញ​បណ្ដឹង​ប្តឹង​លោក លឺ ឡាយស្រេង អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ករណី​ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ និង​បរិហាកេរ្តិ៍​ប្រមុខ​រាជរដ្ឋាភិបាល​ជា​សាធារណៈ​កាលពីពេល​ថ្មីៗ​នេះ​។​
​ ​
​តាម​ការបញ្ជាក់​របស់​លោក គី តិច ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន បន្ទាប់ពី​ចាកចេញ ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​អះអាងថា លោក​នៅតែ​បន្ដ​ជំហរ​ស្នើ​ឲ្យ​មានការ​ផ្ដន្ទាទោស និង​ទាមទារ​សំណង​ពី​លោក លឺ ឡាយស្រេង​ដូច​ក្នុង​ពាក្យបណ្ដឹង​របស់​​លោក​ដដែល​។​
​ ​
​សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧ កន្លងទៅនេះ មេធា​រី តំណាង ដោយ​អាណត្តិ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ពាក្យបណ្តឹង​ផ្លូវការ ប្តឹង​លោក លឺ ឡាយស្រេង ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយដោយ​ស្នើឱ្យ​ផ្តន្ទាទោស​តាម​​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០០​លាន​រៀល ដល់​ដើមបណ្តឹង​។ ការដាក់​ពាក្យបណ្តឹងរ​បស់​លោក​មេធាវី គី តិច​ធ្វើឡើង​​បន្ទាប់ពី​លោក លឺ ឡាយស្រេង ជាមួយ​លោកស្រី គី លំអង អតីត​តំណាងរាស្ត្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​សន្ទនា​គ្នា​ប្រមាថ​ព្រះ​ចេស្តា​​លើ​អង្គ​ព្រះមហាក្សត្រ​យ៉ាងធ្ងន់ធ្ងរ និង​សម្តេចក្រុមព្រះ ហើយ​ថែមទាំង​និយាយ​ធ្វើឱ្យប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ កិត្តិយស កិត្តិ​ស័ព្ទ​យ៉ាងធ្ងន់ធ្ងរ ដល់​ប្រមុខ​ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​
​ ​
​ពាក្យបណ្តឹង​របស់លោក គី តិច ប្តឹង​លោក លឺ ឡាយស្រេង បាន​សុំឱ្យ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើការ​ចោទ​​ប្រកាន់ និង​ផ្តន្ទាទោស​ឈ្មោះ លឺ ឡាយស្រេង និង​ទាមទារ​ឱ្យ​បុគ្គល​នេះ​សង​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០០​លាន​រៀល​ដល់​ដើម​បណ្តឹងរដ្ឋប្បវេណី​។ បន្ថែម​ពីលើ​នេះ ពាក្យបណ្តឹង​ក៏បាន​សុំឱ្យ​តុលាការ​ប្រកាស​ផ្តន្ទាទោស​បន្ថែម​ផ្អែក​តាម​មាត្រា​៣១០ នៃ​ក្រមព្រហ្មទណ្ឌ​។​
​ ​
​តុលាការ​ក៏បាន​កោះហៅ​លោក លឺ ឡាយស្រេង ឱ្យចូល​បំភ្លឺ នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ផងដែរ តែ​យ៉ាងណាមិញ​លោក លី ឡាយស្រេង បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ផុត​ទៅហើយ​៕​ដោយៈ​វិបុល​/sn