ក្រោយ​ជាប់គុក​ទាំង​គ្មាន​កំហុស​ជាង ២០ ឆ្នាំ​ទទួលបាន​ជំងឺ​ចិត្ត​ជិត​មួយ​លាន​ដុល្លារ​

399
ចែករម្លែក

​បុរស​ជនជាតិ​ចិន ម្នាក់​ដែល​បាន​ជាប់ពន្ធនាគា​រទាំង​គ្មាន​កំហុស​អស់ ២៥​ឆ្នាំ​ដោយសារ​ករណី មនុស្សឃាត​ដែល​គាត់​មិនបាន​ប្រព្រឹត្ត​ពេលនេះ​ទទួលបាន​សំណង​ជំងឺ​ចិត្ត ពី​រដ្ឋ​ចំនួន ៤,៦ លាន​យ័ន (៩១០.៦៤៩ ដុល្លារ​) ក្នុងនោះ ១,៩ លាន​យ័ន​សម្រាប់ “​ការប៉ះពាល់​ផ្លូវចិត្ត​” និង ២,៥ លាន​យ័ន​សម្រាប់ “​ការបាត់បង់​សេរីភាព ផ្ទាល់ខ្លួន​”​។​

​គេហទំព័រ Thepaper.cn បាន​ចុះផ្សាយ​ថា លោក លីវ ចុង​លីន (Liu Zhonglin) ដែល​ពេលនេះ​មាន​វ័យ ៥០ ឆ្នាំ​ទៅហើយ ទទួលបាន​សំណង​ជំងឺ​ចិត្ត​ពី​តុលាការ​ប្រជាជន ក្រុង​លាវ​យ័ន (Liaoyuan) កាលពី​ថ្ងៃ​ច័ន្ទ​ទី​៧ ខែមករា ឆ្នាំ​២០១៩ នេះ​។

​គេ​ជឿថា គាត់​ជា​អ្នក​ដែល​ជាប់ពន្ធនាគា​រទាំង​ខ្លួន​គ្មាន​កំហុស​យូរ​បំផុត​នៅក្នុង​ប្រទេស​ចិន​។ ឯកសារ​តុលាការ​បង្ហាញថា លោក លីវ ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែតុលា ឆ្នាំ​១៩៩០ នៅពេល​គាត់ មាន​អាយុ ២២ ឆ្នាំ​ពីបទ​សម្លាប់​នារី​វ័យ ១៨​ឆ្នាំ​ម្នាក់​ដែល​សាកសព​នាង​ត្រូវគេ​ប្រទះឃើញ ក្នុង​ស្ទឹង​នៅ​ភូមិ​ហួយ​មិន (Huimin) តំបន់​តុង​លាវ (Dongliao) ខេត្ត​ជី​លីន (Jilin)​។

​លោក លីវ ត្រូវបាន​ដោះលែង​កាលពី​ខែមករា ឆ្នាំ​២០១៦ បន្ទាប់ពី​តុលាការ​ជាន់ខ្ពស់​ខេត្ត​ជី​លីន បើកសវនាការ​ជំនុំជម្រះ​រឿងក្ដី​នេះ​ឡើងវិញ​ដែល​បាន​ចាប់ ផ្តើម​តាំងពី​ឆ្នាំ​២០១២​។ ហើយ​ទីបំផុត តុលាការ​បានសម្រេច​ឱ្យ​គាត់​រួច​ទោស​កាលពី​ខែមេសា ឆ្នាំ​២០១៨ ដោយ​ហេតុផល “​គ្មាន​ភ័ស្តុតាង​គ្រប់គ្រាន់​”៕ ប្រែ​សម្រួល​: ខុម​