ក្រោយ​ជាប់ពន្ធនាគារ​ជិត​៥​ឆ្នាំ​! សាលាឧទ្ធរណ៍ សម្រេច​ឲ្យ​លោក ថោង សារ៉ាត់ និង​បក្ខពួក​៣​នាក់ នៅក្រៅ​ឃុំ

1321
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: សាលាឧទ្ធរណ៍​សម្រេច​ដោះលែង ជនជាប់ចោទ ថោង សារ៉ាត់ អ្នកមាន​ដ៏​ស្តុកស្តម្ភ និង​បក្ខពួក​៣​នាក់ មាន​សេរីភាព​ឡើងវិញ ក្រោយ​ជាប់ពន្ធនាគារ​ជិត​៥​ឆ្នាំ ពាក់ព័ន្ធ​ករណី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ថៅកែ​ស៊ីម៉ងត៍​សញ្ញា​ត្បូង​ពេជ្រ កាលពី​ចុងឆ្នាំ​២០១៤​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា​។​

​ហេតុការណ៍​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ដ៏​កក្រើក​រាជធានី​ភ្នំពេញ​នេះ បានកើត​ឡើង កាល​វេលា​ម៉ោង​៧៖១៨​នាទី​យប់ ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ខណៈពេល លោក​ឧកញ៉ា​ចុះ​ពី​រថយន្តឡិច​ស៊ី​ស​៥៧០ ដើម្បី​ទៅ​ទិញ​ផ្លែឈើ​នៅមុខ​ហាង​លក់​ផ្លែឈើ ឡោ តិច​សេង ស្ថិតនៅ​ផ្លូវ​លេខ​២៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ ថ្លែងថា ​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​ជំនុំជម្រះ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៧២៣ ចុះ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​អស់​រយៈពេល ៥​លើក ដែលមាន​ជនជាប់ចោទ​ឈ្មោះ ១- ថោង សារ៉ាត់ ២- សៀង វាសនា ៣- កួយ​ចាន់ថុល ៤- មាស សម្បត្តិ ហៅ ទូច និង ៥- ឈ្មោះ ឃុន ចិ​ត្រា ដែល​ត្រូវបាន​ជាប់ចោទ​ពីបទ ផ្ដើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២៨ , មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​បញ្ញត្តិ​មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​បញ្ញត្តិ​មាត្រា ២៩ មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ​។

​តាមរយៈ​សវនាការ​នេះ ក្រោយពី​បាន​ពិនិត្យ​សំណុំរឿង និង​លទ្ធផល​នៃ​ការ​សួរ​តទល់​នាពេល​សវនាការ​នឹង​ភស្តុតាង ក្រុមប្រឹក្សា​ជំនុំជម្រះ​យល់ថា មាន​ភាពចាំបាច់​ត្រូវធ្វើ​ការអង្កេត​បន្ថែម​ដើម្បី​ជា​ប្រយោជន៍​យុត្តិធម៌ នៃ​សំណុំរឿង និង​បានសម្រេច​ចាត់​របៀប​ស៊ើបអង្កេត ហើយ​ក្នុងអំឡុងពេល​នៃ​កិច្ច​ស៊ើបអង្កេត​នេះ មេធាវី​ការពារ​ក្តី​របស់​ជនជាប់ចោទ ៤​រូប បានដាក់​ពាក្យសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន និង​មានការ​បញ្ជាក់​ពី​មូលហេតុ​ជា​អំណះអំណាង​។​

​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ បន្តថា ការបើក​ការ​ស៊ើបសួរ​បន្ថែម អាច​ត្រូវការ​រយៈពេល​យូរ​បន្ថែមទៀត ដោយសារ​សំណុំ​រឿងនេះ​មាន​លក្ខណៈ​ស្មុគស្មាញ ព្រម​ជាមួយគ្នានេះ​កម្រិត​នៃ​ភស្តុតាង​ទាក់ទង​នឹង​ជនជាប់ចោទ ដែល​បានដាក់​ពាក្យសុំ​នៅមានកម្រិត ហើយ​ក្រុមប្រឹក្សា​យល់ថា ការឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​នេះ ដោយសារ​ពុំមាន​តម្រុយ​ភស្តុតាង​ណាមួយ ដែល​បញ្ជាក់​ពី​មូលហេតុ​ចាំបាច់​នៃ​ការឃុំខ្លួន​បណ្តោះអាសន្ន​តា​ម​មាត្រា ២០៥ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ទេ​។

​ក្នុងចំណោម​ជនជាប់ចោទ​ទាំង ៤​នាក់​នេះ​ក៏មាន​ជនជាប់ចោទ​ដែលមាន​សុខភាព​ទ្រុឌទ្រោម គប្បី​មាន​ភាពងាយស្រួល​ក្នុង​ការថែទាំ​ព្យាបាល ដោយ​ពេទ្យ​ជំនាញ​ឯកទេស​ផងដែរ​។​

​ការដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​នេះ ត្រូវបាន​ជំនួស​ដោយ​ការដាក់​ឲ្យ​ជនជាប់ចោទ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​តាម​លក្ខខណ្ឌ​ចំពោះ​ជនជាប់ចោទ​ឈ្មោះ ១- ថោង សារ៉ាត់ ២- ហួយ​ចាន់ថុល ៣- មាស សម្បត្តិ ហៅ ទូច និង ៤- ឈ្មោះ ឃុន ចិ​ត្រា ដូចខាងក្រោម​៖

១- ជនជាប់ចោទ​មិនត្រូវ​ចាក​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មិនមាន​ការអនុញ្ញាត​ពី​តុលាការ​។
២- ហាម​ផ្លាស់ប្តូរ​លំនៅដ្ឋាន​។​
៣- ត្រូវ​បង្ហាញខ្លួន​នៅ​ការិយាល័យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រៀងរាល់​សប្តាហ៍​ទី​១​រៀងរាល់ខែ​។​
៤- ចូល​បង្ហាញខ្លួន​តាម​កា​រ​កោះហៅ​របស់​តុលាការ ឬ អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ចាត់តាំង​ដោយ​តុលាការ​។​

​ការសម្រេច​របស់​សាលាឧទ្ធរណ៍​បែបនេះ ដោយ​ផ្អែកទៅលើ​មាត្រា ៣៨ នៃ​រដ្ឋធម្មនុញ្ញ មាត្រា ២០៣​មាត្រា ២០៥ មាត្រា ២២០ មាត្រា ២២៣ មាត្រា ២២៦ មាត្រា ៣០៧ មាត្រា ៣៨៧ មាត្រា ៣៩៦​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ។​

​សូមបញ្ជាក់ថា លោក ថោង សារ៉ាត់ អ្នកមាន​ស្តុកស្តម្ភ​និង​អង្គរក្ស​៤​នាក់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ កន្លងទៅ ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត ករណី​បាញ់សម្លាប់​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ ថៅកែ​ស៊ីម៉ង់​សញ្ញា​ត្បូង ។ ប៉ុន្តែ​ក្រោយ​សំណុំរឿង​ដល់​សាលាឧទ្ធរណ៍ ក៏មាន​ការសម្រេច​ដោះលែង​អោយនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន តែម្តង​៕ ល​/Ha