ក្រោយ​ជំនួប​កំពូល​នៅ​ហាណូយ​ដួលរលំ ត្រាំ​ងាក​មក​និយាយ​អំពី​អំណាច​យោធា​អាមេរិក​

492
ចែករម្លែក
  • 155
    Shares

​អាមេរិក​និង​កូរ៉េ​ខាងជើង​បាន​ផ្តល់​ហេតុផល​ផ្សេង​គ្នា​ចំពោះ​បរាជ័យ​នៃ​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន តែ​ទោះជា​យ៉ាង​​ណា​ភាគី​ទាំង​ពីរ​ចង្អុល​ទៅរក​ទណ្ឌកម្ម​បែប​ដាក់ទោស​របស់​អាមេរិក​លើ​កូរ៉េខាងជើង​ថា​ជា​បញ្ហា​តថ្លៃ​គ្នា​ដ៏​សំខាន់​ក្នុង​ការចរចា​អំពី​ការរំសាយ​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​​ព្យុង​យ៉ាង​និង​ជាដើម​ចម​នៃ​បរាជ័យ​។​

រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង(ឆ្វេង) និយាយថាកូរ៉េខាងជើងគ្រាន់តែសុំដកទណ្ឌកម្មមួយផ្នែកប៉ុណ្ណោះ មិនដូចត្រាំអះអាងថា ដកទាំងស្រុងនោះទេ

ក្នុង​ដំណើរ​ត្រឡប់​ទៅ​កាន់​ក្រុង​វ៉ាស៊ីនតោន​វិញ​កាលពី​ថ្ងៃ​ព្រហស្បត៍ទី​២៨​កុម្ភៈ លោក​ត្រាំ​បាន​និយាយថា កិច្ចពិភាក្សា​នេះ​បាន​ដួល​រលំ​ដោយសារ​មេដឹកនាំ​កូរ៉េខាងជើង​នៅតែ​​ទទូច​អោយ​អាមេរិក​ដក​ទណ្ឌកម្ម​ដោយ​គ្មាន​ការសន្យា​តាំងចិត្ត​មុតមាំ​ពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ថា​បំផ្លាញចោល​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។​

​តែ​កូរ៉េ​ខាងជើង​តប​នឹង​ការអះអាង​បែប​នេះ ដោយ​ថា​ខ្លួន​គ្រាន់តែ​ស្នើ​សុំ​ដក​ទណ្ឌកម្ម​មួយ​ផ្នែក​ប៉ុណ្ណោះ ជា​ថ្នូរ​នឹង​ការកំទេច​ចោល​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​ធំ​របស់​ខ្លួន​។​

​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​លោក​រី យ៉ុង​ហូ និយាយ​ថា​កូរ៉េ​ខាងជើង​គ្រាន់តែ​ទាមទារ​ដក​ទណ្ឌកម្ម​មួយ​ផ្នែក​ជា​ថ្នូរ​នឹង​ការបិទ​ទីតាំង​នុយក្លេអ៊ែរ​ដ៏​សំខាន់​របស់​ខ្លួន​និង​​ថា​កិច្ច​ពិភាក្សា​បាន​ដួលរលំ​ក្រោយពី​អាមេរិក​ទាមទារ​វិធាន​ការរំសាយ​នុយក្លេអ៊ែរ​បន្ថែមទៀត​។​លោក​បាន​បន្ថែមថា ជំហរ​របស់​កូរ៉េ​ខាងជើង​នឹង​មិន​ផ្លាស់ប្តូរ​ទេ ទោះជា​អា​​មេរិក​សុំ​បន្ត​ធ្វើការ​ចរចា​ជុំ​ថ្មី​ក្តី​។​

​កូរ៉េ​ខាងជើង​ក៏​បាន​និយាយថា អាមេរិក​បង្ហិន​ឱកាស​មួយ​សំរាប់​បង្កើត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ និង​អាច​មិន​មាន​ឱកាស​មួយ​ទៀត​ឡើយ​។​

​អនុ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង ចូ សុន ហ៊ូ​យ និយាយថា លោកស្រី​ជឿថា​មេដឹកនាំ​ប្រទេស​របស់​លោកស្រី​អាច​បាត់បង់​បំណង​បន្ត​ការចរចា​អាមេរិក​-​កូរ៉េខាងជើង​​ដោយសារ​លោក​គីម «​ពិបាក​យល់​»​ថា​ហេតុ​អី​បានជា​កិច្ចពិភាក្សា​នេះ​បរាជ័យ​។​

​ទោះជា​យ៉ាងណា រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផ​ម​ផេវ និយាយថា ការចរចា​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េ​ខាងជើង​នឹង​បន្ត​ដោយ​ប្រញាប់​ក្រោយ​ការដួលរលំ​ជំនួប​កំពូល​នេះ​។​

​ពេល​ឡើង​យន្តហោះ​វិល​ទៅ​អាមេរិក លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ក្រុម​របស់​លោក​នឹង​វិល​មក​ធ្វើការ​នៅ​ថ្ងៃស្អែក តែ​មិន​មាន​ការ​ណាត់​ធ្វើ​ជំនួប​ថ្មី​នៅឡើយ​ទេ​។​

​ក្នុង​ដំណើរ​វិល​ទៅ​ក្រុង​វ៉ាស៊ីនតោន​វិញ លោក​ត្រាំ​បាន​បញ្ជាក់​អំពី​អំណាច​យោធា​អាមេរិក ខណៈ​លោក​ឈប់​សំចត​នៅ​មូលដ្ឋានទ័ព​នៅ​អា​ឡា​ស្កា​។​លោក​មិន​បាន​និយាយ​ដល់​ការលើក​ហេតុផល​របស់​កូរ៉េខាងជើង​ចំពោះ​បរាជ័យ​នៃ​ជំនួប​នេះ​ទេ តែ​ថា​អាមេរិក​បាន​វិនិយោគ​ច្រើន​លើ​បច្ចេកវិទ្យា​កាំជ្រួច​យោធា និង​លោក​បាន​ចេញ​ការព្រមាន​ទៅ​កាន់​បណ្តា​សត្រូវ​​អាមេរិក​។​

​លោក​បាន​និយាយ​ដូច្នេះ​ថា​«​អាមេរិក​មិន​ស្វះស្វែង​រក​ជម្លោះ​ទេ តែបើ​យើង​ត្រូវ​បង្ខំ​អោយ​ការពារ​ខ្លួន យើង​នឹង​ប្រយុទ្ធ​ហើយនឹង​ជាមួយនឹង​ប្រៀប​ឈ្នះ​លើសលប់​»៕​ដោយ​៖​វាសនា​