ក្រោយ​ដឹងខ្លួន​ថា​ឆ្លងកូវី​ត​១៩ អ្នក​គ្រូពេទ្យ​អ៊ីតាលី​ម្នាក់​សម្លាប់ខ្លួន​

130
ចែករម្លែក

​សហព័ន្ធ​ថែទាំ​សុខភាព​បានឱ្យដឹងថា អ្នក​គ្រូពេទ្យ​មធ្យម​អ៊ីតាលី​ម្នាក់ អាយុ ៣៤ ឆ្នាំ​បាន​សម្លាប់ខ្លួន​បន្ទាប់ពី​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​នៃ​វីរុស​កូវិត​១៩ ហើយ​​បារម្ភ​ថា​ខ្លួន​បាន​ចម្លង​ទៅ​អ្នកដទៃ​។​

​លោកស្រី ដា​នី​ឡា ត្រេស​ហ្ស៊ី អ្នក​គ្រូពេទ្យ​អាយុ ៣៤ ឆ្នាំនេះ បាន​ធ្វើការ​នៅ​ជួរ​មុខ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ព្យាបាល​អ្នក​ជម្ងឺ​កូវី​ត​១៩​នេះ​នៅ​មន្ទីរពេទ្យ​មួយ​នៅ​​តំបន់​ឡុ​មបា​ឌី ដែល​ជា​តំបន់​រងគ្រោះ​ខ្លាំង​បំផុត​នៅ​ប្រទេស​អ៊ីតាលី​។​

​សហព័ន្ធ​ជាតិ​នៃ​ក្រុម​គ្រូពេទ្យ​អ៊ីតាលី​បាន​បញ្ជាក់​អំពី​ការស្លាប់​របស់​លោកស្រី​និង​បាន​សម្តែង​ការឈឺចាប់​និង​ស្រងាកចិត្ត​របស់ខ្លួន​នៅក្នុង​សេចក្តីថ្លែងការណ៍​​មួយ​កាលពី​យប់​ថ្ងៃ​ពុធ​ទី​២៥​មីនា​។​

​សហព័ន្ធ​នេះ​បាន​និយាយថា អ្នក​គ្រូពេទ្យ​នេះ បាន​ទទួល​រង​ភាព​តានតឹង​អារម្មណ៍​យ៉ាងខ្លាំង ដោយសារ​លោក​ស្រី​បារម្ភ​ថា​គាត់​បាន​ចម្លង​វីរុស​នេះ​។​

​ការ​សម្លាប់ខ្លួន​នេះ បាន​កើតឡើង ស្របពេល​ដែល​ចំនួន​អ្នក​ស្លាប់​នៅ​ប្រទេស​អ៊ីតាលី បាន​កើនឡើង​ខ្ពស់​ជាថ្មី​កាលពី​ថ្ងៃ​ពុធ ដោយ​មាន​អ្នកស្លាប់​៧៤៣​នាក់​​ក្នុង​មួយថ្ងៃ ហើយ​គិត​រហូត​មកដល់ពេលនេះ មាន​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​នេះ ចំនួន​៧.៥០៣​នាក់​។​

​លោកស្រី​ដា​នី​ឡា ត្រេស​ហ្ស៊ី បាន​ធ្វើការ​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​San Gerardo នៅ​ទីក្រុង​ម៉ុន​ហ្សា ប៉ុន្តែ​លោកស្រី​បានដាក់​ខ្លួន​ឯង​នៅ​ដោយ​​ឡែក​ពី​គេ​បន្ទាប់​មាន​រោគសញ្ញា​កូវី​ត​១៩ ហើយ​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​នៃ​ជំងឺ​នេះ​។​

​តាម​តួលេខ​ដែល​ចេញ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​អ៊ីតាលី​កាលពី​ថ្ងៃ​ពុធ​បានបង្ហាញ​ថា​បុគ្គលិក​សុខាភិបាល​ប្រហែល​៥.៧៦០​នាក់​បាន​ឆ្លង​វីរុស​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោកស្រី ដា​នី​ឡា ត្រេស​ហ្ស៊ី អ្នក​គ្រូពេទ្យ​អាយុ ៣៤​ឆ្នាំនេះ បាន​ធ្វើការ​នៅ​ជួរ​មុខ​នៅ​មន្ទីរពេទ្យ​មួយ​នៅ​តំបន់​ឡុ​ម​បាឌី​ដែល​ជា​តំបន់​រងគ្រោះ​ខ្លាំង​បំផុត​​នៅ​អ៊ីតាលី​