ក្រោយ​ដើរចេញ​ពី​កិច្ចពិភាក្សា​កណ្តាល​ទី ត្រាំ​ចង់អោយ​ចិន​ជួយ​អំពី​បញ្ហា​កូរ៉េ​ខាងជើង​តែ​មិន​ភ្លេច​ព្រមាន​

532
ចែករម្លែក
  • 116
    Shares

​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​និយាយ​នៅ​ក្រោយ​ជំនួប​កំពូល​របស់​លោក​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​នៅ​ក្រុង​ហាណូយ​ថា សម​ភាគី​ចិន លោក ស៊ី ជីន​ពីង អាច​​ជួយ​បាន​ច្រើន​នៅក្នុង​ការជំរុញ​ទឹកចិត្ត​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​អោយ​បោះបង់​ចោល​សព្វាវុធ​នុយក្លេអ៊ែ​ររបស់ខ្លួន​។​

​ត្រាំ​បាន​ប្រាប់​សន្និសីទកាសែត​ក្រោយ​ជំនួប​២​ថ្ងៃ​ជាមួយ​លោក​គីម ជុង​អ៊ុន​ថា​« ចិន​មាន​ប្រយោជន៍​ណាស់​។​ប្រធានាធិបតី​ស៊ី ជា​កំពូល​មេដឹកនាំ​ម្នាក់​។​លោក​ជា​មេដឹកនាំ​គួរអោយ​គោរព​នៅ​ទូទាំង​ពិភពលោក​។​តើ​លោក​អាច​ធ្វើអោយ​មាន​ប្រយោជន៍​ថែម​ទៀត​បាន​ទេ​?​ប្រហែលជា​អាច​»​។​

​មេដឹកនាំ​អាមេរិក​រូប​នេះ​ក៏​បាន​បន្ថែមថា «​ខ្ញុំ​គិតថា ចិន​ជា​ជំនួយ​ដ៏​ធំ​មួយ ច្រើន​ជាង​មនុស្ស​ជាច្រើន​ដឹង​»​។​

​រដ្ឋមន្ត្រីការបរទេស​ចិន​កាលពី​យប់​ថ្ងៃ​២៨​កុម្ភៈ​បាន​និយាយថា មាន​ការព្រួយបារម្ភ​ក្នុង​សហគមន៍​អន្តរជាតិ​អំពី​កិច្ច​ពិភាក្សា​នេះ និង​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សង្ឃឹមថា ភាគី​​ទាំង​ពីរ​នឹង​បន្ត​ជម្នះ​ទោះជា​មាន​ការលំបាក​។​លោក​បញ្ជាក់ថា ភាគី​ចិន​នឹង​បន្ត​ដើរតួ​ស្ថាបនា​មួយ​នៅក្នុង​ដំណើរការ​នេះ​។​

​ការបង្ហាញ​ជំហរ​របស់​ចិន​នេះ កើត​ឡើង​ក្រោយ​ពី​លោក​រដ្ឋមន្ត្រី​ការបរទេស វ៉ាង​យី បាន​ជួបពិភាក្សា​ជាមួយ​អនុ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​ដែល​ទើប​ធ្វើ​ដំណើរ​មក​ពី​​វៀតណាម​។​

​ក្នុង​សន្និសីទកាសែត ប្រធានាធិបតី​អាមេរិក​ក៏​បាន​និយាយ​បញ្ឆិតបញ្ឆៀង​ទៅរក​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​អាមេរិក​-​ចិន​ដោយ​ថា​«​ឱកាស​ល្អ​ណាស់​»​មួយ​អាច​សំរេច​បាន​ក្នុងពេល​​ឆាប់ៗ តែ​លោក​ក៏បាន​លើកឡើង​អំពី​លទ្ធភាព​ដួល​រំ​ដូច​កិច្ច​ពិភាក្សា​នៅ​ក្រុង​ហាណូយ​ដែរ​។​

​លោក​បាន​និយាយ​ដូច្នេះ​ថា​« និយាយ​អំពី​ចិន យើង​កំពុង​ស្ថិត​នៅលើ​ផ្លូវ​ធ្វើ​រឿង​ពិសេស​មួយ​។​តែ​យើង​នឹង​បាន​ឃើញ ខ្ញុំ​តែងតែ​ត្រៀម​ដើរ​ចេញ​។​ខ្ញុំ​មិនដែល​ខ្លាច​ដើរចេញ​ពី​​កិច្ច​ពិភាក្សា​ទេ ។​ខ្ញុំ​ក៏​អាច​ធ្វើ​រឿង​ហ្នឹង​ជាមួយ​ចិន​ផង​ដែរ បើ​វា​មិន​ដំណើរការ​តាម​ផែនការ​»​។​

​ត្រាំ​បាន​បន្ថែមថា រុស្ស៊ី​ក៏​អាចជា​«​ជំនួយ​ដ៏​ធំ​»​មួយ​នៅក្នុង​ការដោះស្រាយ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង ហើយ​លោក​មាន​ជំនឿ​ថា​ចិន​មិន​ចូលចិត្ត​អោយ​ប្រទេស​ក្បែរ​ខាង​ខ្លួន​​មាន​សព្វាវុធ​នុយក្លេអ៊ែ​រ​ទេ​។​

​ទោះជា​កិច្ចចរចា​នៅ​ក្រុង​ហាណូយ​ជួប​បរាជ័យ ក៏​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​លូ​កាង បាន​និយាយថា យ៉ាងហោច​ណាស់​ភាគី​ទាំងពីរ​បាន​វិល​មក​រក​ផ្លូវត្រូវ​ក្នុងការ​​ដោះស្រាយ​បញ្ហា​តាម​មធ្យោបាយ​នយោបាយ​និង​ថា​«​យើង​សង្ឃឹមថា អាមេរិក​និង​កូរ៉េខាងជើង​អាច​បន្ត​ការចរចា​និង​បង្ហាញ​ភាពស្មោះត្រង់​រវាង​គ្នា គោរព​និង​យកចិត្តទុកដាក់​​ការព្រួយបារម្ភ​ស្នូល​រវាង​គ្នា ហើយ​ជំរុញ​ទៅមុខ​ការរំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​»​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ខែ​កក្កដា​ឆ្នាំ​២០១៨​មក រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​វាយ​ពន្ធ​លើ​ទំនិញ​ចិន​ចំនួន​២៥០​ពាន់​លាន​ដុល្លារ​ខណៈ​ចិន​វាយ​ពន្ធ​សងសឹក​លើ​ទំនិញ​ចំនួន​១១០​ពាន់​លាន​ដុល្លារ​ដែល​ខ្លួន​នាំចូល​ពី​អាមេរិក​។​កាលពី​ខែ​កញ្ញា​ត្រាំ​បាន​គំរាម​ពង្រីក​ការយកពន្ធ​លើ​ទំនិញ​ចិន​ទាំងអស់​ដែល​ខ្លួន​នាំ​ចូល​ដោយ​បង្កើន​អត្រាពន្ធ​ពី​ជាង​១០​ទៅ​ជាង​២០​ភាគរយ​៕​ដោយ​៖​វាសនា​