ក្រោយ​បាក់​ទំនប់​នៅ​អត្ត​ពឺ រដ្ឋាភិបាល​ឡាវ​បញ្ជា​អោយ​ត្រួតពិនិត្យ​ស្តង់ដា​ទំ​បន់​ទឹក​ទាំងអស់ និង​ផ្អាក​គំរោង​វា​រី​អគ្គិសនី​ថ្មី​

2950
ចែករម្លែក
  • 17
    Shares

​រដ្ឋាភិបាល​ឡាវ​បានប្រកាសថា​ខ្លួន​នឹង​ពិនិត្យមើល​ស្តង់ដា​សុវត្ថិភាព​សំរាប់​សំណង់​ទំនប់​វា​រី​អគ្គិសនី​នៅ​ទូទាំងប្រទេស ក្រោយ​ការបាក់​ទំនប់​សម្លាប់​មនុស្ស​នៅក្នុង​ខេត្ត​​អត្ត​ពឺ​។​

​គណៈរដ្ឋមន្ត្រី​ឡាវ​បានប្រកាស​ដូច្នេះ ក្រោយ​កិច្ចប្រជុំ​ពិសេស​រយៈពេល​២​ថ្ងៃ​ដែល​បាន​ចប់​ទៅ​កាលពី​ថ្ងៃ​អង្គារ​ទី​៧​សីហា​។​

​ដឹកនាំ​កិច្ចប្រជុំ​ដោយ​នាយករដ្ឋមន្ត្រី ថង​លួ​ន ស៊ី​សូលី​ត កិច្ច​ប្រជុំបាន​ស្តាប់​របាយការណ៍​អំពី​ការរីកចំរើន​នៅក្នុង​ការដោះស្រាយ​គ្រោះមហន្តរាយ​ដោយសារ​ការបាក់​ទំនប់​​ទឹក​វា​រី​អគ្គិសនី​នៅ​ស្រុង​សា​ណា​ម​សាយ​។​កិច្ច​ប្រជុំបាន​ព្រមព្រៀង​ថា​នឹងធ្វើ​អធិការកិច្ច​ទំនប់ទឹក​ទាំងអស់ ទាំង​កំពុង​សាងសង់​និង​កំពុងដំណើរការ​។​

​ក្រសួង​ថាមពល​និង​រ៉ែ នឹងធ្វើ​ការ​ជាមួយ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក្រសួងបរិស្ថាន ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា បូក​រួមទាំង​អ្នកជំនាញ​អន្តរជាតិ​នៅក្នុង​​អធិការកិច្ច​នេះ​។​

​បើ​រកឃើញ​ភាពមិនប្រក្រតី​ណាមួយ ក្នុងការ​រចនា​ម៉ូត​ឬ​សំណង់​របស់​ទំនប់ទឹក​ណាមួយ​ត្រូវតែ​រាយការណ៍​មក​រដ្ឋាភិបាល​ដើម្បី​ធ្វើការ​ជួសជុល​ឬ​កែសម្រួល​អោយ​ប្រសើរ​​ឡើង​។​

​រដ្ឋាភិបាល​ក៏បាន​សំរេច​ផ្អាក​ការពិចារណា​ផ្តល់​គំរោង​ថ្មីៗ​សំរាប់​សំណង់​វា​រី​អគ្គិសនី​ដើម្បី​ពិនិត្យ​សើរើ​ជាថ្មី​ការអភិវឌ្ឍន៍​និង​ផែនការ​វា​រី​អគ្គ​ន​សី​។​យុទ្ធសាស្ត្រ​និង​ផែនការ​​ដែល​ត្រូវបាន​ត្រួតពិនិត្យ​នឹងត្រូវ​ប្រើ​ជា​គំរូ​សំរាប់​ទិសដៅ​អនាគត​។​

​កិច្ចប្រជុំ​នេះ បាន​ព្រមព្រៀង​បង្កើត​គណៈកម្មាធិការ​កា​រងារ​មួយ​សំរាប់​ដឹកនាំ​ការស៊ើបអង្កេត​រកហេតុ​ផល​នៃ​ការបាក់​ទំនប់​បង្ហៀរទឹក​នៅ​គំរោង​វា​រី​អគ្គិសនី​Xe-Pian Xe-Namnoy​។​ការបាក់​ទំនប់​កាលពី​ថ្ងៃ​១៣​កក្កដា បាន​ជន់​លិច​ភូមិ​១៣​នៅ​ស្រុក​សា​ណា​ម​សាយ ដោយ​សម្លាប់​មនុស្ស​៣៤​នាក់ ខណៈ​ប្រមាណ​១០០​នាក់​ទៀត​នៅ​បាត់​​ខ្លួន​នៅឡើយ​។​មនុស្ស​រាប់ពាន់នាក់​ក្លាយជា​គ្មាន​ទីជម្រក​។​

​គណៈរដ្ឋមន្ត្រី​ក៏បាន​សម្តែង​ការដឹងគុណ​ដល់​ប្រជាជន​ឡាវ​ទាំងអស់ គ្រប់ផ្នែក​គ្រប់​វិស័យ ប្រទេស​ជា​មិត្ត​និង​អង្គការ​អន្តរជាតិ​ចំពោះ​ជំនួយ​មិនអាច​កាត់ថ្លៃ​បាន​និង​ការ​គាំ​​ទ្រ​សំរាប់​បេសកកម្ម​ជួយសង្គ្រោះ​និង​ស្វែងរក​៕ដោយ៖វាសនា

កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ថង​លួ​ន ស៊ី​សូលី​ត