ក្រោយ​បាតុករ​ចូល​កាន់កាប់​អាកាសយានដ្ឋាន​ហុងកុង ចិន​ប្រដូច​ការប្រឆាំង​តវ៉ា​ទៅ​នឹង​ភេរវកម្ម​

1064
ចែករម្លែក

​អាកាសយានដ្ឋាន​ហុងកុង​បាន​បញ្ឈប់​ការហោះហើរ​កាលពី​ថ្ងៃ​ចន្ទ​ទី​១២​សីហា ដោយសារ​ការរំខានរ​បស់​បាតុករ ហើយ​ចិន​បាន​និយាយថា​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅ​រយៈពេល​​ជាង​២​ខែ​មកនេះ បានចាប់ផ្តើម​បង្ហាញ​«​ពន្លក​ភេរវកម្ម​»​។​

​ទោះជា​យ៉ាងណា ដំណើរការ​ហោះហើរ​បាន​ចាប់ផ្តើម​ឡើង​វិញ​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ​ទី​១៣​សីហា ដោយ​យន្តហោះ​នឹង​ហោះ​ចេញចូល​អាកាសយានដ្ឋាន​ក្រោយ​ពី​ការប្រឆាំង​តវ៉ា​​បាន​បិទ​មជ្ឈមណ្ឌល​ធ្វើ​ដំណើរ​នេះ​។​

​អាជ្ញាធរ​បាន​និយាយថា ខ្លួន​បាន​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ដើម្បី​បន្ត​ការហោះហើរ​នៅ​ម៉ោង​៦​ព្រឹក​ថ្ងៃ​អង្គារ​ក្រោយពី​បាតុករ​ភាគច្រើន​បាន​ចាកចេញ​ក្រោយ​កណ្តាល​​យប់ តែ​នៅ​សេសសល់​ប្រមាណ​៥០​នាក់​ដែល​កំពុង​ពិភាក្សា​អំពី​វិធានការ​បន្ទាប់​របស់​ពួកគេ​។​

​អ្នក​ប្រឆាំង​តវ៉ា​វ័យ​២៤​ឆ្នាំ​ម្នាក់​ដែល​ពាក់​ម៉ាស​មុខ និង​ប្រាប់​ឈ្មោះ​ត្រឹមតែ យូ បាន​ប្រាប់​សារព័ត៌មាន​បរទេស​ថា «​នេះ​ដើម្បី​សេរីភាព​របស់​យើង​។​ហេតុ​អ្វី​យើង​ត្រូវ​ចាកចេញ​?»​។​

​ហុងកុង​ជា​កំពង់ផែ​ទំនិញ​តាម​ផ្លូវអាកាស​ដ៏​មមាញឹក​បំផុត​ក្នុង​លោក​និង​ជា​កន្លែង​ទទួលភ្ញៀវ​ផ្លូវអាកាស​ដ៏​មមាញឹក​បំផុត​ទី​៨ ដោយ​មាន​អ្នកដំណើរ​៧៣​លាន​នាក់​ធ្វើ​ដំណើរ​ឆ្លង​​កាត់​ក្នុង​មួយឆ្នាំៗ​។​

​អ្នកជំនាញ​ហុងកុង​ខ្លះ​និយាយថា ការពណ៌នា​ផ្លូវការ​ថា អំពើ​របស់​បាតុករ​ជា​ភេរវកម្ម អាច​នាំ​ដល់​ការប្រើ​ច្បាប់​ប្រឆាំង​ភេរវកម្ម​និង​អំណាច​ប្រឆាំង​ពួកគេ​។​

​ប៉ូលិស​ប្រដាប់​អាវុធ​ចិន ក៏​កំពុង​ប្រមូលផ្តុំ​កម្លាំង​នៅក្នុង​ក្រុង​សិន​ចិន​ជាប់​ព្រំដែន​ហុងកុង​ដើម្បី​សមយុទ្ធ នេះ​បើ​តាម​ការផ្សាយ​របស់​កា​សែ​ត Global Times​។​កាសែត​របស់​​បក្ស​នេះ​បាន​និយាយថា កងកម្លាំង​ប៉ូលិស​អាច​ដោះស្រាយ​ឧបទ្ទវហេតុ​នានា​ដូចជា​កុបកម្ម​ឬ​ការវាយប្រហារ​ភេរវកម្ម​។​

​បាតុកម្ម​កាន់តែ​ហិង្សា​បាន​រុញ​ទម្លាក់​ទឹក​ដី​គ្រប់គ្រង​ដោយ​ចិន​នេះ​ចូល​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ​។​បាតុកម្ម​បានចាប់ផ្តើម​ជាមួយនឹង​ការ​​ប្រឆាំង​នឹង​ច្បាប់​បត្យាប័ន​មួយ​ដែល​អនុញ្ញាត​អោយ​ចាប់​បញ្ជូន​ខ្លួន​មនុស្ស​ពី​ហុងកុង​ទៅ​កាត់ទោស​នៅ​ចិនដីគោក​តែ​ឥឡូវ​បាន​រីក​ទៅ​ជា​ការទាមទារ​នានា​និង​ទទួល​បាន​ការ​​គាំទ្រ​ពី​បរទេស​៕ដោយ៖ដោយ៖វាសនា