ក្រោយ​បិទ​ផ្សាយ​ជា​សា​ធាណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​លើ​ក្បាលដី​ចប់​ជា​ស្ថាពរ អ្នកកាន់កាប់​ដី​មិនអាច​តវ៉ា​បាន​

193
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ មន្ត្រី​ថា ជាគោលការណ៍​គឺ​ក្រោយ​បិទ​ផ្សាយ​ជា​សា​ធាណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​លើ​ក្បាលដី​ចប់​ជា​ស្ថាពរ អ្នកកាន់កាប់​ដី​និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​នឹងមិន​អា​ចត​វ៉ា​បាន​ទៀតឡើយ ។​

លោក​សំរឹទ្ធ អប់ អភិបាល​ស្តីទី​ស្រុក​ភ្នំស្រុក​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល និង​ក្រសួង​រៀបចំ​ដែនដី នគ​រោ​ប​នីយកម្ម​និង​សំណង់​ដែល​បាន​ចាត់​ក្រុមការងារ​នៃ​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី​មក​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ភូមិ​នានា​ក្នុង​ឃុំ​ស្រះ​ជិ​ក​នេះ ។​

ពោលគឺ កន្លងមក​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​បែបនេះ​ក៏​ធ្លាប់​បានធ្វើ​នៅ​ឃុំ​ពន្លៃ​នៃ​ស្រុក​នេះ​ក្នុង​គម្រោង​ស្តារ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គមកិច្ច​តំបន់​ពាយ័ព្យ​(ECOSORN)​។

លោក​អាង ណា​រឹទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគ​រោ​ប​នីយកម្ម សំណង់​និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ​កាលពី​ល្ងាច​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០១៩ ក្នុង​ពិធី​បិទ​ផ្សាយ​ជា​សា​ធាណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​លើ​ក្បាលដី​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​សម្រាប់​ភូមិ​ស្រះ​ឈូក​ខាងលិច​និង​ភូមិ​ស្រះ​ឈូក​ខាងកើត​ឃុំ​ស្រះ​ជិ​ក​ស្រុក​ភ្នំស្រុក ដែល​ពិធី​បានរៀបចំ​ធ្វើ​នៅ​វត្ត​កណ្តាល​ឃុំ​ស្រះ​ជីក បាន​ថ្លែង​ក្នុង​ខ្លឹមសារ​ខាងលើ​ ដោយ២​ភូមិ​នេះ​មាន​ក្បាលដី​ចំនួន​១.៤៨១​ក្បាលដី ។​

លោក​បាន​បន្តថា អាស្រ័យហេតុនេះ ក្រោយ​រយះពេល​១៥​ថ្ងៃ​នៃ​ការបិទ​ផ្សាយ​នេះ​ត្រូវ​បានបញ្ចប់ ក្រុមការងារ​ចុះបញ្ជី​ដិ​ធ្លី​នៃ​កម្មវិធី​អនុ​វិ​សូ​យ​ដីធ្លី​សហការ​ជាមួយ​អាជ្ញាធរ​រ​មាន​សមត្ថកិច្ច​នឹងធ្វើរ​បាយ​ការណ៍​បញ្ជូនទៅ​ប្រធាន​គណៈកម្មការ​រដ្ឋបាល​ ដើម្បី​សុំ​សេចក្តីសម្រេច​ពី លោក​អភិបាលខេត្ត​ដើម្បី​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​(​ប័ណ្ណកម្មសិទ្ធិ​)​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឬ​អ្នកកាន់កាប់​ដែល​បាន​បំពេញ​គ្រប់​ក្របខ័ណ្ឌ​ច្បាប់ ។​

ចំណែក​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍ថា បងប្អូន​ដែល​អញ្ជើញ​មក​ក្នុង​ពិធី​នេះ សូមជួយ​ផ្សព្វផ្សាយ​បន្ត​ដល់​បងប្អូន​ម្ចាស់​ក្បាលដី​និង​អាជ្ញាធរ អ្នកពាក់ព័ន្ធ​អោយបាន​ដឹង ហើយ​ចូលរួម​ពិនិត្យ ផ្ទៀងផ្ទាត់​ទិន្នន័យ​ក្បាលដី​ដូចជា​ឈ្មោះ ភេទ ទំហំ​ដី ប្រភេទ​ទ្រព្យ ប្រវត្តិ​ដី​…​អោយបាន​ក្នុងអំឡុង​បិទ​ផ្សាយ​ជា​សាធ​រណៈ​រយៈពេល​១៥​ថ្ងៃនេះ ។​

សូម​រំលឹកថា មកទល់​ឆ្នាំ​២០១៩​នេះ ការចុះ​ប​ញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​ខេត្ត​បន្ទ​យ​មានជ័យ ហើយ​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​អចលនវត្ថុ​បាន​ចំនួន​១៤៤.៤៤៨​ប័ណ្ណ ។​ក្នុងនោះ​មានកា​រា​ឧបត្ថម្ភ​គាំទ្រ​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍ គម្រោង​ម្ចាស់ជំនួយ​និង​រាជរដ្ឋាភិបាល​កម្ពុជា​៕ B/