ក្រោយ​បុគ្គលិក​ពេទ្យ​១៧​នាក់​ឆ្លង​វីរុស​រលាក​សួត​ថ្មី ចិន​ប្រកាសថា​វីរុស​អាថ៌កំបាំង​នេះ​ចម្លង​រវាង​មនុស្ស​

282
ចែករម្លែក

​គណៈកម្មាធិការ​សុខាភិបាល​ចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​២០​មករា​ បាន​និយាយថា បុគ្គលិក​ពេទ្យ​បាន​ឆ្លង​កូរ៉ូណា​វីរុ​សដែល​គេ​រកឃើញ​លើកដំបូង​នៅ​ទីក្រុង​វូ​ហាន ដែល​​ប្រការ​នេះ​វា​បញ្ជាក់​ថា វីរុស​អាថ៌កំបាំង​នេះ​អាច​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​។​

​គ្រូពេទ្យ​ផ្លូវដង្ហើម លោក ហ្សុ​ង ណាន់​សាន់ ដែល​បាន​រកឃើញ​កូរ៉ូណា​វីរុស​សា​(Sars)​នៅ​ឆ្នាំ​២០០៣ និង​ឥឡូវ​កំពុង​ដឹកនាំ​គណៈកម្មាធិការ​សុខាភិបាល​ចិន បាន​​និយាយថា​«​ស្ថានភាព​បច្ចុប្បន្ន​គឺ​ថា វា​លែង​ជា​វីរុស​ដែល​ចម្លង​ត្រឹមតែ​ពី​សត្វ​ទៅ​មនុស្ស តែ​ពី​មនុស្ស​ទៅ​មនុស្ស​តែ​ម្តង​»​។​

​លោក​បាន​និយាយ​យោង​ដល់​ករណី​មួយ​នៅ​ខេត្ត​ក្វាង​ទុង ដែល​អ្នក​ជំងឺ​មិនដែល​ទៅ​ក្រុង​វូ​ហាន តែ​ឆ្លង​វីរុស​នេះ​ពី​សមាជិក​គ្រួសារ​ម្នាក់​។​លោក​ហ្សុ​ង​ក៏បាន​និយាយ​​ថា បុគ្គលិក​ពេទ្យ​១៤​នាក់​ដែល​ជួយ​ព្យាបាល​អ្នក​ជំងឺបាន​ឆ្លង​ដែរ​។​

​សមាជិក​ម្នាក់​ទៀត​នៃ​គណៈកម្មាធិការ​ជំនាញ​នេះ គឺ​អ្នកជំនាញ​ខាង​វីរុស​ លោក​ហ្កា​វ ហ្វ៊ុយ បាន​និយាយថា​«​វីរុស​នេះ​កំពុង​ប្រែប្រួល​។​វា​ចេះ​សម្រប​ខ្លួន​ទៅ​នឹង​បរិយា​​កាស​និង​មនុស្ស​»​។​

​វីរុស​រលាក​សួត​ថ្មី​នេះ បាន​សម្លាប់​មនុស្ស​៣​នាក់​និង​ចម្លង​មនុស្ស​សរុប​២១៨​នាក់​។​វា​បាន​រាលដាល​ទៅ​ដល់​ទីក្រុង​ប៉េកាំង សៀង​ហៃ សិន​ចិន​ និង​ខេត្ត​ក្វាង​ទុង​។​​គិត​មក​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ កូរ៉ូណា​វីរុស​បាន​បង្ហាញខ្លួន​លើ​មនុស្ស​៥​នាក់​នៅ​ប៉េកាំង​និង​១៤​នាក់​នៅ​ក្វាង​ទុង ខណៈ​នៅ​ក្រុង​វូ​ហាន​កើន​ដល់​១៩៨​។​

​ក្រុង​សៀង​ហៃ ក៏​បាន​រាយការណ៍​អំពី​ការរកឃើញ​វីរុស​នេះ​នៅក្នុង​ខ្លួន​អ្នក​ជំងឺ​ម្នាក់​ជា​លើកដំបូង​។​ករណី​នៅ​សៀង​ហៃ ទីក្រុង​ដែល​មាន​ប្រជាជន​២៤,២​លាន​នាក់​​វីរុស​នេះ​កើត​លើ​ស្ត្រី​វ័យ​៥៦​ឆ្នាំ​ម្នាក់​មក​ពី​ក្រុង​វូ​ហាន ក្នុង​ខេត្ត​ហ៊ុយ​បេ​។​គាត់​បានបង្ហាញ​រោគសញ្ញា​ក្តៅខ្លួន​និង​អស់កម្លាំង​តាំងពី​ថ្ងៃ​១៥​មករា ​ក្រោយ​វិលត្រឡប់​​មក​ពី​ក្រុង​វូ​ហាន និង​ទើប​រកឃើញ​ថា​កើត​ជំងឺ​រលាក​សួត​បង្ក​ឡើង​ពី​កូរ៉ូណា​វីរុស​2019-nCoV កាលពី​ថ្ងៃ​ចន្ទ​ ទី២០​មករា​។​

​ទូរទស្សន៍​ចិន​ក៏​បាន​រាយការណ៍​ករណី​សង្ស័យ​ឆ្លង​វីរុស​នេះ​២​ករណី​នៅ​ខេត្ត​ស៊ី​ឈ័ន ម្នាក់​នៅ​ខេត្ត​យុន​ណាន ២​នាក់​នៅ​ក្រុង​សៀង​ហៃ ម្នាក់​នៅ​ហ្កាងស៊ី និង​ម្នាក់​នៅ​​ខេត្ត​សាន​ទុង​៕​ ប្រែ​សម្រួល​៖​វាសនា​/Ha