ក្រោយ​បោះឆ្នោត​ចាប់ផ្តើម​ស្ថាបនា​ផ្លូវ​ចាក់​បេតុង​១​ខ្សែ​ប្រវែង​ជិត​១​គីឡូម៉ែត្រ​,​ចងដៃ​ពលរដ្ឋ​នៅ​សង្កាត់​ចោមចៅ​ទី​២

665
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ ក្រោយ​បោះឆ្នោត​ភ្លាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននិងកំពុង​ស្ថាបនា​ផ្លូវ​ចាក់​បេតុង​១​ខ្សែ ប្រវែង​ជិត​១​គីឡូម៉ែត្រ នៅ​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បាន​ស្រួល ។​
​កាលពី​រសៀល​ថ្ងៃទី​៩​សីហា​នេះ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា កំណាត់​ផ្លូវ​ដែល​បាន​នឹង​កំពុងធ្វើការ​ស្ថាបនា​នេះ​ធ្វើឡើង​តាម​សំណើរ​របស់​ប្រជាណ​ល​រដ្ឋ តាមរយៈ​ក្រុមការងារ​ចុះជួយ​សង្កាត់​ចោមចៅ​២ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​ការសម្រេច​ឱ្យមាន​ការស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ ធ្វើឡើង​ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចោមចៅ​ទី​២ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​នេះ​តែម្តង ។​
លោក សាំ ពិសិដ្ឋ បាន​បន្តទៀតថា​៖ កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា ផ្លូវ​រោងចក្រ​តុង​ហ្កា ដោយ​ត​ភ្ជាប់​ពី​ផ្លូវ​៣០​ម៉ែត្រ ត​ភ្ជាប់​ទៅ​ផ្លូវ​វេ​ង ស្រេង ដែលមាន​ប្រវែង​៩២៧​ម៉ែត្រ និង​ទទឹង​៦​ម៉ែត្រ នៅ​ភូមិ​ចោមចៅ​២ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយបាន​ចាប់ផ្តើម​បើក​ការដ្ឋាន​នៅ​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៨​នេះ​។​
ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី លោក​ប្រធាន​មន្ទីរ មិនបាន​បញ្ជាក់​ទេ​ថា​៖ ការដ្ឋាន​នេះ​ត្រូវបាន​បញ្ចប់​នៅ​ថ្ងៃ​ណា​នោះទេ ។ ការស្ថាបនា​ផ្លូវ​នេះ​ឡើង​គឺ​ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​និង​ម្យ៉ាងទៀត​ក៏​ដើម្បី​ជាការ​លើក​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ឱ្យមាន​សោ​ភណ្ឌ​ភាព​ផងដែរ​៕