ក្រោយ​ប្រតិកម្ម​ខ្លាំងៗ​ពី​មហាជន , តុលាការ​ខេត្តកណ្ដាល ដោះលែង​ស្ត្រី​ដ៏​ស៊ិ​ច​ស៊ី “Love Riya” ដោយ​ភ្ជាប់​លក្ខខណ្ឌ​មួយចំនួន​

1294
ចែករម្លែក

(​ភ្នំពេញ​)៖​ក្រោយ​ប្រតិកម្ម​ខ្លាំងៗ​ពី​មហាជន លោក​សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល នៅ​រសៀល​ថ្ងៃទី​២៩ ខែសីហា នេះ បានចេញ​ដីកា​ដល់ទី​២​ដោយ​សម្រេច​ដោះលែង​ស្ត្រី​ដ៏​ស៊ិ​ច​ស៊ី​”Love Riya” ឱ្យមាន​សេរីភាព​ឡើងវិញ តែ​ស្ថិត​ក្រោយ​ការត្រួត​​ពិនិត្យ​តាមផ្លូវ​តុលាការ​។​

​បើតាម​ដីកា​បង្គាប់​និង​ដីកា​សំរេច​ដែល​រស្មី​កម្ពុជា​ទើប​ទទួលបាន​ ​សំរេច​ថា​ដើម្បី​ធានា​អោយ​ជន​ត្រូវ​ចោទ​មាន​វត្តមាន​ចំពោះមុខ​តុលាការ និង​ចៀវ​វាង​ការរាំងស្ទះ​ក្នុង​ដំណើរការ​នីតិវិធី សំរេច​ដាក់​ជន​ត្រូវ​ចោទ​អោយ​ជាប់​កាតព្វកិច្ច​នៃ​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​, ជន​ត្រូវ​ចោទ​ត្រូវ​បង្ហាញខ្លួន​នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ​,​ដាក់​តំកល់​ប្រាក់​ធានា​នៅ​សាលាដំបូង​ខេត្តកណ្តាល​ចំនួន​៨​លាន​រៀល​, មិនត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ និង ត្រូវ​ចូល​បង្ហាញខ្លួន​គ្រប់​នីតិវិធីតុលាការ​ជាដើម​។ ក្នុងករណី​ជន​ត្រូវ​ចោទ មិន​គោរព​កាតព្វកិច្ច​នេះ​ទេ តុលាការ​អាច​ចាប់ឃុំខ្លួន​វិញ​បាន ។​

​ចៅក្រម​ដដែល​ក៏បាន​ចេញ​ដីកា​បង្គាប់​ពន្ធនាគារ​ខេត្តកណ្តាល​អោយ​ដោះលែង​ស្ត្រី​ជាប់ចោទ​ខាងលើ​។​

​គួររំលឹកថា លោក សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល នៅ​ល្ងាច​ថ្ងៃទី​២៨ ខែសីហា​ឆ្នាំ​២០១៧​សម្រេច​បញ្ជូន​តារា​លក់​ឡេ​លាប​ស្បែក​តាម Facebook ឈ្មោះថា ឆេង ស្រីរ័ត្ន​ទៅ​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ករណី​លក់​ផលិតផល​ក្លែងក្លាយ​នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ សុខភាព​ស្បែក​របស់​អ្នកប្រើប្រាស់​។ ការឃុំខ្លួន​នេះ គឺ​បន្ទាប់ពី​លោក ទូច យុ​ទ្ធា អនុប្រធាន​លេខា​ដ្ឋា​ន​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​និង​ជា​ប្រធាន​ប្រតិបត្តិ​ការបង្ក្រាប​ផលិតផល​ក្លែងក្លាយ បាន​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​នៅ​គេហដ្ឋាន​របស់​ស្ត្រី​នេះ​ផ្ទាល់​តែម្តង ស្ថិតនៅក្នុង​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ឧត្ដមសេនីយ៍ត្រី ទូច យុ​ទ្ធា បាន​បន្តទៀតថា រាល់​ផលិតផល​ទាំងអស់​ឱ្យតែ​ដាក់លក់​ជា​សាធារណៈ​ត្រូវតែ​សុំច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រ​​សួង​ពាណិជ្ជកម្ម ហើយ​បើ​ផលិតផល​ទាក់ទង​នឹង​ការថែរក្សា​ស្បែក​ត្រូវតែ​សុំច្បាប់ និង​ឆ្លង​ការ​ការត្រួតពិនិត្យ​ពី​ក្រសួងសុខាភិបាល ដើម្បី​ធានាថា​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​។ លោក​ឧត្ដម​នី​យ៍​ត្រី​រូបនេះ លើកឡើងថា ករណី​អ្នក​ផ្សព្វផ្សាយ​ឡេ​លាប​ស្បែក ឬ​ផលិតផល​ណាមួយ ជា​សាធារណៈ ដោយ​ពុំមាន​សុំច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ចាត់ទុកថា​ជា​ផលិតផល​ក្លែងក្លាយ​នឹងត្រូវ​តែ​ចុះបង្ក្រាប​ទៅតាម​ច្បាប់ ហើយក៏​នឹងមាន​កា​បង្ក្រាប​ករណី​ដូចគ្នានេះ​បន្តទៀត និង​ទូទៅ​។​

​សូមបញ្ជាក់ថា «Love Riya» គឺជា​តារា Facebook ដ៏​ល្បី​មួយរូប​ផងដែរ ដោយសារតែ​ស្ត្រី​រូបនេះ​តែងតែ​ផ្សាយ​ផ្ទាល់​តាម​ទំព័រ Facebook ជាមួយ​ការបញ្ចេញ​រូបរាង​ដ៏​ស៊ិ​ច​ស៊ី​របស់​នាង​និង​ផ្សព្វផ្សាយ​លក់​ផលិតផល​លេលាប​ស្បែក​ផលិត​និង​ដាក់ឈ្មោះ​ខ្លួនឯង​៕​ដោយ​៖​ឆាយានាដ​-​វាសនា​