ក្រោយ​ប្រតិបត្តិការ​កន្លះ​ខែ អាជ្ញាធរ​អប្សរា​រុះរើ​សំណង់​ខុសច្បាប់ ក្នុង​រមណីយដ្ឋាន​អង្គរ​បាន​ជាង​៤៥%

245

(​ភ្នំពេញ​) ៖ គិត​ត្រឹម​ថ្ងៃទី​២៨ ខែសីហា ក្រុមការងារ​ចម្រុះ​ដើម្បី​រុះរើ​សំណង់​ខុសច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​សម្រេចបាន​ប្រមាណ​ជា​៤៥​ភាគរយ ពោលគឺ ចំនួន​២៣៩​ករណី​ក្នុងចំណោម​ចំណោម​សំណង់​ខុសច្បាប់​ទាំងអស់​៥២១​ករណី​។ ​
​ ​
​តាម​របា​រយ​ការណ៍​របស់ ក្រុមការងារ​ចម្រុះ ដែល​ចេញ​នៅ​ថ្ងៃទី​២៨ ខែសីហា សំណង់​ខុសច្បាប់ ដែល​បាន​រុះរើ​ទាំងស្រុង​ចាប់ពី ថ្ងៃទី​១០ ខែសីហា​មក​គឺ ក្រុង​សៀមរាប​សម្រេចបាន​៩២​ករណី ស្រុក​បាគង​បាន​ចំនួន​៤១​កណី ស្រុក​អង្គរធំ​បាន​ចំនួន​៣១​ករណី​។​ដោយឡែក​ស្រុក​​ពីរ​ដែល​បានបញ្ចប់​ការ រុះរើ​ជា​ស្ថាពរ​ហើយ​នោះ​គឺ ស្រុក​បន្ទាយស្រី​ចំនួន​៧១​ករណី និង​ស្រុក​ពួក​ចំនួន​៤​ករណី​។​
​ ​
​តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មការ​ចម្រុះ ប្រតិបត្តិ​ការរុះរើ​នេះ​បាន​ដំណើរការ​ដោយ​រលូន ដោយ​គ្មាន​អំពើហិង្សា ឬ​ការ​ប្រទូស្ត​រាយ​ណាមួយ កើតឡើង​ឡើយ​។ ជាពិសេស ប្រជាពលរដ្ឋ​ជា​ម្ចាស់​សំណង់ ភាគច្រើនបំផុត បាន​សហការ​ជាមួយ ក្រុមការងារ ដោយបាន​ស្ម័គ្រចិត្ត រុះរើ​ដោយ​ខ្លួនឯង ហើយ​ក្រុមការងារ ចូល​ជួយ​តែ​តាម​ការស្នើសុំ​ប៉ុណ្ណោះ លើកលែងតែ​ករណី​តិចតួច​បំផុត ដែល​ម្ចាស់​សំណង់​មិន​ព្រម ផ្តល់​កិច្ចសហការ​ទើប​ក្រុមការងារ សម្រេច​រុះរើ​ផ្ទាល់​។​
​ ​
​ដោយឡែក ម្ចាស់​សំណង់​ខុសច្បាប់​មួយចំនួន ដែលជា​អ្នកស្រុក​ដើម​រស់នៅ យូរ​មកហើយ​ក្នុង​តំបន់​អង្គរ ដែល​បាន​សាងសង់​បន្ថែម​នូវ​​ផ្នែក​ខ្លះ​នៃ​ផ្ទះ​ចាស់ ដែលមាន​ស្រាប់​ដូចជា ត​សំ​យ៉ាប ប្តូរ​ជញ្ជាំង និង​ផ្លាស់​ដំបូល​ជាដើម ដោយ​មិនបាន​សុំច្បាប់ ក្រុមការងារ​បាន​ជួយ សម្របសម្រួល​ផ្លូវច្បាប់​ជូន​ពួកគាត់ ជំនួស​ឲ្យ​ការរុះរើ និង​ណែនាំ​ឲ្យ​ពួកគាត់ ដាក់ពាក្យ​ស្នើសុំ​ត្រឹមត្រូវ ក្នុងករណី​មានការ​សាងសង់​ក្រោយ​​ៗ​ទៀត ជៀសវាង​ការ​លួច​សាងសង់ ដោយ​គ្មាន​ច្បាប់ទម្លាប់ ហើយ​ប្រឈម​នឹង​ការរុះរើ នាំ​ឲ្យ​ខាតបង់​ទ្រព្យសម្បត្តិ​៕​ដោយ​៖​វិបុល​/sn