ក្រោយ​ពលរដ្ឋ​ត្អូញត្អែរ​រឿង​ប្រមូល​សំរាម​យឺតយ៉ាវ អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ ដក​ក្រុមហ៊ុន​ចាស់​ដាក់​ថ្មី

966
ចែករម្លែក

ដោយ : សុ​ផានី​តា​ / ​កោះកុង​ : ក្រោយពី​រង​ការរិះគន់​របស់​ប្រជាពលរដ្ឋ​ពី​យន្តការ​ប្រមូល​សំរាម​យឺតយ៉ាវ ​របស់​ក្រុមហ៊ុន ទឹម រិ​ន​រតនៈ ជាង​១​សប្តាហ៍​មកនេះ រសៀល​ថ្ងៃទី​២៧ សីហា លោក​អភិបាលក្រុង​ខេមរភូមិន្ទ អះអាងថា លោក​ជ្រើសរើស​បានដៃ​គូ​ក្រុមហ៊ុន​ថ្មី​ជំនួស​ក្រុមហ៊ុន​ចាស់ ដោយ​មិន​អនុញ្ញាតឲ្យមានការ អសកម្ម​ភាព​រឿង​ចុះ​ប្រមូល និង​ដឹកជញ្ជូន​សំរាម​តាមផ្លូវ​ខ្នង​ផ្ទះ​យកទៅ​ចាក់ចោល​នៅ​ទីលាន​ទៀត​ទេ​។

​អាច​នឹង​គ្មាន​ការរិះគន់​របស់​ប្រជាពលរដ្ឋ​ទៀតឡើយ​ជុំ​បញ្ហា​ប្រមូល​សំរាម​ក្នុង​ក្រុង​ខេ​ម​ភូមិន្ទ ដោយ អាជ្ញាធរ​រកបាន​ក្រុមហ៊ុន​ថ្មី​ហើយ ដែលមាន​ឈ្មោះ អ វ៉ា​យ ផ្រា​យ អរ (RY Prior) ដើម្បី​បង្កើន​ការពង្រឹង​សេវាកម្ម​ប្រមូល ឬ​ដឹក​ជ​ញ្ចូ​ន​កាក​សំណង់​សំរាម​អោយបាន​ស្អាត​ល្អ មុននឹង​យកទៅ​បោះចោល​នៅឯ​ទីលាន​ចាក់សំរាម​ចម្ងាយ​៦​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។

​លោក ឈេ​ង សុវណ្ណ​ដា អភិបាលក្រុង​ខេមរភូមិន្ទ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​ថា ដើម​ហេតុដែល​ក្រុមហ៊ុន​ចាស់​មានការ​យឺត​យ៉ាង​ប្រមូល និង​ដឹកជញ្ជូន​សំរាម ក៏​ព្រោះតែ​ក្រុមហ៊ុន​គ្មាន​កម្មករ​-​រថយន្ត​គ្រប់គ្រាន់ អាកាសធាតុ​ភ្លៀង​ខ្លាំង​ជា​ជាប់ៗ​គ្នា​។ ដោយឡែក​ទៀត​នោះ គឺ​ផ្លូវ​ចូលទៅ​កាន់​ទីលាន​ចាក់សំរាម​មាន​ជុងហុក​ល្បាប់​ដី​ផុ​ក​ជ្រៅ​លំបាក​ធ្វើដំណើរ​ជាដើម​។​

​លោក ឈេ​ង សុវណ្ណ​ដា សង្កត់ធ្ងន់ថា ​៖ «​គិត​មកដល់​ម៉ោង​នេះ យើង​ទទួលបាន​ដៃគូ​ក្រុមហ៊ុន​ប្រមូល​សំរាម​ថ្មី​ហើយ និង​សូមអោយ​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកពាក់ព័ន្ធ​ឃ្លាំមើល​ទាំងអស់គ្នា​អំពី​យន្តការ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​។ ព្រោះ​យើង​មាន​កិច្ចសន្យា​ច្បាស់លាស់​ណាស់ បើ​គាត់​មិន​ធ្វើតាម​កិច្ចសន្យា​កំណត់​រួម​ទេ ខ្ញុំ​នឹង​ផាកពិន័យ​គាត់​១០០​លាន​រៀល​»​។​

​ទន្ទឹម​នោះដែរ អភិបាលក្រុង​ខេមរភូមិន្ទ ក៏​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ចាំបាច់​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​វិញ​ថា ចូលរួម​បង់ថ្លៃ​សេវា​ដឹកជញ្ជូន​សំរាម​តាម​បរិមាណ​បញ្ចេញ​សំណល់​សំរាម​តាម​ផ្ទះ​នីមួយៗ និង​បញ្ឈប់​បោះចោល​កាកសំណល់​សំរាម​គ្មាន​សណ្តាប់ធ្នាប់​តទៅទៀត​។ បើ​ពុំ​ដូច្នេះ​ទេ គ្រប់គ្រង​សំរាម​មិនអាច​ប្រព្រឹត្ត​ដោយ​ភាពល្អប្រសើរ​ទេ ហើយ​ថែមទាំង​រង​ការផាកពិន័យ​ផងដែរ​។​

​ជាង​១​សប្តាហ៍​មកនេះ ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​ខេ​ម​ភូមិន្ទ​ស្ទើរតែ​គ្រប់​សង្កាត់ បាននាំគ្នា​រិះគន់​អាជ្ញាធរ និង​ក្រុមហ៊ុន ទឹម រិ​ន​រតនៈ យ៉ាងខ្លាំង​អំពី​ភាពយឺតយ៉ាវ​ចុះ​ប្រមូល និង​ដឹក​ជ​ញ្ចូ​ន​សំរាម​យកទៅ​ចាក់ចោល ដោយ​ទុកអោយ​ធំក្លិន​ស្អុយរលួយ​តាម​ដងផ្លូវ និង​មុខផ្ទះ ដែល​ធ្វើឱ្យប៉ះពាល់​សណ្តាប់ធ្នាប់ សុខភាព និង​បាត់បង់​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​។​

​ចំណែក​លោក មឿ​ន បូ​រិ​ន ប្រធាន​ក្រុមហ៊ុន អ វ៉ា​យ ផ្រា​យ អរ (RY Prior) ដែល​ទទួល​សិទ្ធិ​ប្រមូល និង​ដឹកជញ្ជូន​កាក​សំរាម​ក្នុង​ក្រុង​ខេ​រម​ភូមិន្ទ​រយៈពេល​៥​ឆ្នាំ បាន​បញ្ជាក់ថា ក្រុមហ៊ុន​នឹង​ផ្តើម​ដំណើរការ​អនុវត្ត​ចុះ​ប្រមូល​សំរាម​គ្រប់​លំនៅដ្ឋាន​ពលរដ្ឋ​ទាំងអស់​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ២០១៨​នេះ​តទៅ លើកលែងតែ​ភូមិ​៤ ជា​ដែន​សមត្ថកិច្ច​សហគម​ន៍​។ ក្រុមហ៊ុន​លោក​មាន​រថយន្ត​ចំនួន​៦​គ្រឿង និង​បុគ្គលិក​កម្មករ​ចំនួន​៣០​នាក់ បានដាក់​វេន​ចុះ​ប្រមូល​សំរាម​ក្នុង​១​ថ្ងៃ​ចំនួន​៣​វេន ក្នុងនោះ​ទី​១ ម៉ោង​៣​ជិត​ភ្លឺ​ម្តង ទី​២ ម៉ោង​១២​រសៀល​ម្តង និង​ទី​៣ ម៉ោង​៨​យប់​ម្តងទៀត​។​

​ជំហាន​ដំបូង​នឹង​អនុវត្ត​ការងារ លោក​ផ្តើម​ផ្សព្វផ្សាយ​អប់រំ​ដល់​ពលរដ្ឋ​ពី​របៀប​រៀបចំ​ទុកដាក់​សំរាមឲ្យបាន​ត្រឹមត្រូវ មុននឹង​បុគ្គលិក​ចុះ​ទៅយក​សំរាម​តាម​មុខផ្ទះ​។ សម្រាប់​ផ្លូវ​ច្រក​តូចៗ​រថយន្ត​មិនអាច​ចូល​យកបាន គឺ​ក្រុមហ៊ុន​មាន​រទេះ​ចំនួន​១០​គ្រឿង​រង់ចាំ​ទទួល​កាក​សំរាម​ពី​ពលរដ្ឋ​។​

​ឆ្លើយតប​នឹង​សំណួរ​រស្មី​កម្ពុជា លោក ទឹម រិ​ន អតីត​ប្រធាន​ក្រុមហ៊ុន​ប្រមូល​សំរាម ទឹម រិ​ន​រតនៈ ប្រចាំ​ក្នុង​ខេត្តកោះកុង លើកឡើងថា លោក​ខាតបង់​ថវិកា​ច្រើន​ក្នុង​១​ខែៗ ព្រោះតែ​ពលរដ្ឋ មិន​ចូលរួម​បង់ថ្លៃ​សេវា​យក​សំរាម ចំណាយ​លើ​បុគ្គលិក​កម្មករ ដោយ​ពួកគាត់​និយាយ​ដាក់បន្ទុក​តែ​ក្រុមហ៊ុន និង​អាជ្ញាធរ​។

​លោក ទឹម រិ​ន បន្តថា ជាក់ស្តែង ក្នុងចំណោម​ពលរដ្ឋ​ជាង​១២០០​គ្រួសារ ក្នុងភូមិ​៤ សង្កាត់​ដងទង់ និង​ភូមិ​២ សង្កាត់​ស្ទឹង​វែង គឺមាន​តែ​៣​ទៅ​៥​គ្រួសារ​ប៉ុណ្ណោះ​បាន​បង់ថ្លៃ​សេវា បើ​ធៀប​នឹង​សង្កាត់​ដ៏​ទៃ​។ ហើយ​តម្លៃ​សេវា​ដឹកជញ្ជូន​សំរាម​កំណត់​ទៅ​ទំហំ​បរិមាណ​បញ្ចេញ​ចោល​សំរាម​តាម​ផ្ទះ​។ តែ​ទោះយ៉ាងណា លោក​ទទួលស្គាល់​ពី​ភាពខ្វះ​ចន្លោះ​រថយន្ត និង​កម្មករ​ចុះ​ប្រមូល​សំរាម ដែលនាំឱ្យ​សាធារណជន​រិះគន់​។​

​កន្លងទៅ ទី​រួម​ខេត្តកោះកុង មាន​រថយន្ត​ដឹកជញ្ជូន​សំរាម​តែ​៣​គ្រឿង និង​បុគ្គលិក​កម្មករ​ប្រមូល​តែ​ជាង​១៤​នាក់​ប៉ុណ្ណោះ ដែលនាំឱ្យ​មាន​កកស្ទះ​ចុះ​ប្រមូល​សំរាម​តាម​លំនៅដ្ឋាន​ជូន​ប្រជាពលរដ្ឋ​។ ជាធម្មតា ក្នុង​១​ថ្ងៃៗ សំរាម​ប្រមាណ​២០​ទៅ​៣០​តោន ដែល​ត្រូវ​ដឹកជញ្ជូន​យកទៅ​ចាក់ចោល​ទីលាន​សំរាម​ទំហំ​៤​ហិច​តា​៕B