ក្រោយ​ភ្លៀង​មេឃ​ស្រឡះ​! គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ធ្វើ​សមាជ​ប្រគល់​តំណែង​មេបក្ស​ឲ្យ​លោក ញឹក ប៊ុនឆៃ

1095
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ដូច​អ្វីដែល​បានគ្រោង​ទុក គណបក្ស​ខ្មែរ​រួបរួម​ជាតិ ធ្វើ​សមាជ​ប្រគល់​តំណែង​ប្រធាន​គណបក្ស​ជូន​លោក​ញឹក ប៊ុនឆៃ វិញ នៅ​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៨ នេះ នៅផ្ទះ​លោក​ញឹក ប៊ុនឆៃ ក្នុង​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ដោយមាន​សមាជិក សមាជិកា មកពី​២៥ រាជធានី ខេត្ត​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សឹង្ហ គី​រី ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨​។​

​លោក​សឹង្ហ គី​រី បាន​បញ្ជាក់ថា ក្រៅពី​ការប្រគល់​តំណែង​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ជូន​លោក​ញឹក ប៊ុនឆៃ វិញ គឺ​ក៏មាន​ការជ្រើសតាំង​លោក អ៊ុ សុម​ន្ថា និង​លោក ទេព ន​ន្ន​រី ឧ​ត្ត​ម​ទីប្រឹក្សា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ជា​អនុប្រធាន​គណបក្ស​ផងដែរ​។ ចំពោះ​រូបលោក (​សឹង្ហ គី​រី​) គឺ​ដោយសារ​បញ្ហា​សុខភាព​សុំ​ជា​សមាជិក​គណកម្មាធិកា​រ​អចិន្ត្រៃយ៍​គណបក្ស​បាន​ហើយ​។​

លោក ទេព ន​ន្ន​រី ឧ​ត្ត​ម​ទីប្រឹក្សា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និងជា​អនុប្រធាន​គណបក្ស (រូប៖ មុនីរ័ត្ន)
លោក អ៊ុ សុម​ន្ថា អនុប្រធាន​គណបក្ស​រួបរួម​ជាតិ (រូប៖ មុនីរ័ត្ន)

​លោក​បាន​បន្តថា ការសម្រេច​ប្រគល់​តំណែង​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ជូន​លោក​ញឹក ប៊ុនឆៃ វិញ​នេះ ត្រូវបាន​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨ បានសម្រេច​ប្រគល់​តួនាទី​ប្រធាន​គណបក្ស​ជូនទៅ​លោក​ញឹក ប៊ុនឆៃ ដឹកនាំ​វិញ​។

​សូមជម្រាបថា លោក​ញឹក ប៊ុនឆៃ អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) កាលពី​ម៉ោង​ជិត​៩​យប់ ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨ កន្លងមកនេះ​។ ការដោះលែង​នេះ គឺ​បន្ទាប់​លោក លី លឹម​ម៉េង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឲ្យ​ដោះលែង កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨​។​

​សូមជម្រាបថា លោក​ញឹក ប៊ុនឆៃ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣ ខែសីហា ២០១៧ ជាប់​ពាក់ព័ន្ធ​ករណី ផលិត​គ្រឿងញៀន ដែល​បាន​ប្រព្រឹត្ត​កាលពី​ឆ្នាំ​២០០៧​កន្លងទៅ នៅ​ភូមិ​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​៕ ល​