ក្រោយ​មាន​បញ្ជា​ពី​នាយករដ្ឋមន្ដ្រី អភិបាល​រាជធានី​ភ្នំពេញ​កោះប្រជុំ​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​ដោះស្រាយ​បញ្ហា​រថយន្ត​ធុន​ធំ​ចូល​ក្រុង​

120

(​ភ្នំពេញ​) ៖ ក្រោយពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់ មិន​ឲ្យ​មាន​វត្តមាន​រថយន្ត​ដឹក​លើស​ទម្ងន់ និង​រថយន្ត​ត​ទ្រុង នៅលើ​ដងផ្លូវ​ទៀត ចាប់ពី​ម៉ោង​១២​យប់​នេះ​ទៅ និង​មើលឃើញ​ពី​បញ្ហា​ប្រឈម​ដដែល ជា​ដដែល​នោះ រដ្ឋបាល​រាជធានី​​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់ លោក ឃួ​ង ស្រេង ជា​អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៩ កុម្ភៈ​នេះ បាន​កោះហៅ​អាជ្ញាធរ​និង​កង​​កម្លាំង​មាន​សមត្ថកិច្ច​ទាំង​២​ភេទ មក​ប្រជុំ​អំពី​បញ្ហា​ហាម​រថយន្ត​ធុន​ធំ​ចូល​ក្រុង​ជាថ្មី​ម្តងទៀត​។​

លោក ឃួង ស្រេង ដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហារថយន្តធុនធំចូលក្រុង

​កាលពី​៤​ឆ្នាំមុន រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​វិធានការ​ក្នុង​ការហាម​រថយន្ដ​ធុន​ធំ មិនអោយ​ចូល​ក្រុង​ផងដែរ ប៉ុន្តែ​វិធានការ​នោះ នៅតែ​ទទួល​បរាជ័យ​ដដែល ហើយ​បរាជ័យ​នោះ​ត្រូវគេ​មើលឃើញថា ផ្តើមចេញ​កត្តា​តែមួយគត់ នោះ​គឺ​បញ្ហា​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច យកលុយ​ពី​រថយន្ត​ធន់​ធំៗ​ទាំងអស់នោះ ជា​ថ្នូរ​នៃ​ការអនុញ្ញាតិ​អោយ​រថយន្ត​ធំៗ ចូល​ក្រុង​ពេល​ថ្ងៃ ។​

​គេ​មិនដឹងថា ការបើក​កិច្ចប្រជុំ​លើ​បញ្ហា​ហាម​រថយន្ត​ធុន​ធំ ចូល​ក្រុង​លើក​នេះ ទទួលបាន​ជោគជ័យ ឬ​យ៉ាងណា​នោះទេ​ប៉ុន្តែ​គេ​ជឿជាក់​​ថា បើ​អាជ្ញាធរ​កម្លាំង​សមត្ថកិច្ច​ទាំងអស់ បញ្ឈប់​ការយក​លុយ ពី​រថយន្ត​ធំៗ​ទាំងអស់នេះ ជា​ថ្នូរ​នៃ​ការអនុញ្ញាតិ​អោយ​រថយន្ត​ធុន​ធំៗ​​ចូល​ក្រុង​ពេល​ថ្ងៃ​ទៀត​នោះ​ការងារ​នេះ នឹង​ទទួលបាន​ជោគជ័យ​ជាក់​ជាមិនខាន​។​

​គួររំលឹកថា​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​​ទន្លេមេគង្គ​ថ្មី​មួយទៀត​ត​ភ្ជាប់​ទឹកដី នៃ​ខេត្តកំពង់ចាម ទៅកាន់​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​៩​ខែ កុម្ភៈ​នេះ​បានចេញ​បទបញ្ជា យ៉ាង​ម៉ឺងម៉ាត់​ថា ចាប់ពី​ម៉ោង​១២​យប់ ថ្ងៃទី​៩​កុម្ភៈ​នេះ​តទៅ គឺ​គ្មាន​វត្តមាន​ឡាន​ត​ទ្រុង លើ​ដងផ្លូវ​ទៀតឡើយ​។ នៅ​តំបន់​ណា​ភូមិសាស្ត្រ​​ណា ចៅហ្វាយខេត្ត​នឹង ជា​អ្នកទទួលខុសត្រូវ​។ បើ​នរណា​មក​តវ៉ា ត្រូវ​បញ្ចូល​ព្រៃ​ស​ទាំងអស់ នរណា​កាង ទោះ​ឋានៈ​ណាក៏ដោយ​ក៏​ធ្លាក់បុណ្យ​​ស័ក្តិ ទាំងអស់គ្នា​ដែរ​៕​ដោយ​៖​វិបុល​/sn