ក្រោយ​មេដឹកនាំ​អាមេរិក​ធានា​ធ្វើអោយ​កូរ៉េខាងជើង​រុងរឿង គីម​និង​ត្រាំ អង្គុយ​ចរចា​គ្នា​រឿង​នុយក្លេអ៊ែ​រ​

448
ចែករម្លែក
  • 140
    Shares

ក្រោយ​ការស្វាគមន៍​គ្នា​ដ៏​កក់ក្តៅ​និង​«​អាហារ​ពេល​ល្ងាច​បែប​សង្គម​»​មួយ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​អង្គុយ​ចរចា​​គ្នា​កាលពី​ថ្ងៃ​ព្រហស្បត៍ទី​២៨​កុម្ភៈ ក្នុង​បំណង​ទម្លុះទម្លាយ​ការជាប់គាំង​ស្តីពី​ដំណើរការ​រំសាយ​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។​

​បុរស​ទាំង​២​ដែល​ធ្លាប់​ប្រមាថ​គ្នា​និង​គំរាម​វាយប្រហារ​បំផ្លាញ​ខ្ទេចខ្ទី​លើ​ប្រទេស​ម្ខាងៗ​នោះ កំពុង​ជួប​ប្រជុំ​លើក​ទី​២​របស់​ពួកលោក​នៅ​ក្រុង​ហាណូយ ដោយ​ពួក​អ្នកវិភាគ​ព្រមាន​ថា​​ពួកគេ​ត្រូវ​ធ្វើ​អោយ​ចេញ​លទ្ធផល​ធំដុំ​ជាង​ជំនួប​លើក​ទី​១​របស់​ពួកគេ​នៅ​សិង្ហ​បុរី​។​

​នៅ​ក្រុង​ហាណូយ មេដឹកនាំ​ទាំងពីរ​បាន​បង្ហាញ​សញ្ញា​នៃ​ការ​រាប់រក​គ្នា ដោយ​ពួក​លោក​ទះដៃ​និង​ចាប់រ​លាក់​ដៃ​គ្នា ព្រមទាំង​បង្ហាញ​ការនិយាយ​លេងសើច​ខណៈ​អ្នកយក​ព័ត៌មាន​​សួរ​សំណួរ​។​

​ត្រាំ បាន​ពណ៌នា​គីម​ថា​ជា​«​កំពូល​មេដឹកនាំ​»​មួយរូប និង​បាន​និយាយថា ប្រទេស​របស់​លោក​(​គីម​)​មាន​មាន​«​សក្កា​នុព​ល​សេដ្ឋកិច្ច​ធំធេង មិន​គួរអោយ​ជឿ​និង​គ្មាន​ដែន​កំណត់​»​ខណៈ​លោក​(​ត្រាំ​)​បាន​ប្តេជ្ញា​«​ជួយ​»​កូរ៉េខាងជើង​អោយ​សំរេច​គោលដៅ​នេះ​។​

​ចំណែក​លោក​គីម បាន​និយាយថា​មុន​ជំនួប​នៅ​ក្រុង​ហាណូយ​នេះ លោក​ទន្ទឹង​រង់ចាំ​គ្រប់ពេល​ដើម្បី​ជួប​គ្នា​ជា​ថ្មី​និង​ប្តេជ្ញា​ខិតខំ​ធ្វើយ៉ាងណា​បង្កើត​«​លទ្ធផល​អស្ចារ្យ​»​ពី​ជំនួប​​ពិភាក្សា​លើ​ក​នេះ​។​

​អ្នក​ទាំង​ពីរ​បាន​រីករាយ​នឹង​អាហារ​ពេល​ល្ងាច​ដ៏​ស្និទ្ធស្នាល​ជាមួយគ្នា​កាលពី​ល្ងាច​ថ្ងៃ​ពុធ ជាមួយ​ជំនួយការ​មកពី​ភាគី​ទាំងសងខាង និង​ជា​ថ្មី​ទៀត​បង្ហាញ​ភាព​ស្និទ្ធស្នាល​និង​រីករាយ​​រាក់ទាក់​នៅ​ចំពោះមុខ​កាមេរ៉ា ដើម្បី​បង្ហាញ​«​ទំនាក់ទំនង​ពិសេស​»​របស់​ពួកលោក​។​

​ក្នុងអំឡុងពេល​ជំនួប​ផ្ទាល់​មួយ​ទល់​មួយ​នេះ ពួក​លោក​បាន​មាន​កិច្ច​ពិភាក្សា​ដោយ​ស្មោះត្រង់ ,​នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​កូរ៉េ​កាលពី​ថ្ងៃ​ព្រហស្បត៍​។​​ទីភ្នាក់ងារ​នេះ​បាន​បន្ថែមថា​« ក្នុងជំនួប​អាហារ​ពេល​ល្ងាច​នេះ មាន​ការផ្លាស់ប្តូ​រមតិ​ស៊ី​ជំរៅ​និង​ស្មោះត្រង់ ជាមួយនឹង​ទស្សនៈ​នៃ​ការបង្កើត​ចេញ​លទ្ធផល​ពិស្តារ​»​។​

​នៅ​ថ្ងៃ​ព្រហស្បត៍នេះ មេដឹកនាំ​ទាំង​ពីរ​ត្រូវ​ពិភាក្សា​ស៊ី​ជំរៅ​អំពី​ការរំសាយ​នុយក្លេអ៊ែ​រ និង​បង្កើត​លទ្ធផល​ជាក់ស្តែង​ចេញ​ពី​សេចក្តីប្រកាស​នៃ​ជំនួប​ទី​១​នៅ​សិង្ហ​បុរី​។​លោក​គីម ទំនង​​ជា​ចង់​បាន​ការ​សម្រាល​ទណ្ឌ​កម្ម​មកលើ​ប្រទេស​ក្រីក្រ​របស់លោក ព្រម​ទាំង​ការធានា​សន្តិសុខសំរាប់​រូបលោក ក៏​ដូចជា​របប​គ្រប់គ្រង​របស់​លោក​។​ដើម្បី​ជា​ថ្នូរ លោក​គីម អាច​សន្យា​​បំផ្លាញចោល​ទីតាំង​នុយក្លេអ៊ែ​រ យ៉ុង​ព្យុង ដែល​ជា​ស្នូល​នៃ​ការអភិវឌ្ឍ​បរមាណូ​របស់​កូរ៉េខាងជើង​៕​ដោយ​៖​វាសនា​