ក្រោយ​រន្ទះ​អគ្គិសនី ក្រុង​ស៊ីដនី​រង​ការធ្លាក់​ភ្លៀង​ព្រិល​ទឹកកក​ដុំ​ប៉ុន​កូន​បាល់ បណ្តាលអោយ​ខូចខាត​តំលៃ​រាប់សិប​លាន​

958
ចែករម្លែក

​ទីក្រុង​ធំ​បំផុត​របស់​អូស្ត្រាលី​កាលពី​ថ្ងៃ​សុក្រ​ទី​២១​ធ្នូ​កំពុង​វាយតំ​លៃ​ការខូចខាត​និង​បោសសម្អាត ក្រោយ​រន្ទះ​អគ្គិសនី​និង​ព្យុះភ្លៀង​នាំមក​ជាមួយ​នូវ​ដុំ​ព្រិល​ទឹកកក​ប៉ុនៗ​​កូន​បាល់​តេ​ន្នី​ស​។​

​អាជ្ញាធរ​បានចេញ​ការព្រមាន​អំពី​ព្យុះ​ដ៏​ខ្លាំង​មួយ តែ​វា​នៅតែ​មិនអាច​រារាំង​បានការ​ខូចខាត​ដែល​អាចមាន​តំលៃ​ដល់​ទៅ​រាប់សិប​លាន​ដុល្លារ​។​

​ក្រុមប្រឹក្សា​ធានារ៉ាប់រង​អូស្ត្រាលី​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា​«​គិត​មកទល់​ម៉ោង​៦​កន្លះ​ព្រឹក​ថ្ងៃ​២១​ធ្នូ​នេះ​មានការ​ប្តឹង​សុំ​សំណង​ធានារ៉ាប់រង​ដល់​ទៅ​៨០​លាន​​ដុល្លារ​អូស្ត្រាលី​(៥៧​លាន​ថុ​ល្លារ​អាមេរិក​)​ហើយ​»​។​

​នៅពេល​ព្យុះ​ចាប់ផ្តើម​កាលពី​ថ្ងៃ​ពុធ​អ្នកក្រុង​ស៊ីដនី​បាន​សង្កេតឃើញ​ដុំ​ព្រិល​ធំ​ជាង​កដៃ​ធ្លា​ក់មក​ចំ​រថយន្ត​និង​ផ្ទះ​។​អ្នកបើករថយន្ត​មួយចំនួន​បាន​រួសរាន់​បើក​ទៅ​ជ្រក​តាម​​ស្ថានីយប្រេងឥន្ធនៈ តែ​អ្នក​ហ៊ាន​ខ្លះ​បាន​ជម្នះ​ព្យុះភ្លៀង​និង​រង​ការខូចខាត​ដោយ​បែក​កញ្ចក់​និង​ទឹក​ចូលក្នុង​រថយន្ត​។​

​ព្យុះ​ព្រិល​បាន​កើតមាន​ជារឿយៗ​នៅ​រដ្ឋ​ញូ​វ សោត​វេ​ល របស់​អូស្ត្រាលី​នារ​ដូច​ក្តៅ តែ​ភ្លៀង​ធ្លាក់​ដុំ​ទឹកកក​ទំហំ​ប៉ុនៗ​នេះ​ទើប​កើតមាន​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​១៩៩៩​ដែល​ពេលនោះ​ព្យុះ​ព្រិល​ទឹកកក​បាន​បង្ក​ការខូចខាត​១,៧​ពាន់​លាន​ដុល្លារ​អូស្ត្រាលី​៕ដោយ៖វាសនា

ធ្លាក់​ព្រិល​ទឹកកក​ដុំ​ប៉ុនៗ​កូន​បាល់​ក្រោយ​មាន​រន្ទះ​អគ្គិសនី​នៅ​ក្រុង​ស៊ីដនី​កាលពី​ថ្ងៃ​ពុធ​