ក្រោយ​លុបចោល​កិច្ចព្រមព្រៀង​យោធា​ជាមួយ​ជប៉ុន កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​ជិត​កោះ​ជម្លោះ​

688
ចែករម្លែក

​ក្រសួងការបរទេស​ជ​ប៉ុន​កាលពី​ថ្ងៃអាទិត្យ​ទី​២៥​សីហា​បាន​និយាយថា សមយុទ្ធ​ជើង​ទឹក​របស់​កូរ៉េ​ខាងត្បូង​នៅ​ម្តុំ​កោះ​តាកេស៊ី​ម៉ា ដែល​កូរ៉េខាងត្បូង​ហោះ​ថា ដុកដូ មិន​អាច​ទទួល​​យក​បាន​និង​បាន​ចេញ​ការតវ៉ា​ប្រឆាំង​មួយ​ដោយ​ទាមទារ​អោយ​បញ្ចប់​សកម្មភាព​នេះ​ជា​បន្ទាន់​។​

​លោក​គេ​ន​ជី កា​ណា​ស៊ូ​ហ្គី អគ្គនាយក​ការិយាល័យ​កិច្ចការ​សមុទ្រ​និង​អាស៊ី​នៃ​ក្រសួង​ការបរទេស​ជប៉ុន​បាន​ប្រាប់​ទៅ​ស្ថានទូត​កូរ៉េ​ខា​ត្បូង​តាម​សេចក្តីថ្លែងការណ៍​មួយ​ថា​«​កោះ​​នេះ​ច្បាស់លាស់​ណាស់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​ជប៉ុន​»​។​

​យោធា​កូរ៉េខាងត្បូង​កាលពី​ថ្ងៃអាទិត្យ​បានចាប់ផ្តើម​សមយុទ្ធ​ការពារ​សមុទ្រ​២​ថ្ងៃ នៅ​សមុទ្រ​ខាងកើត ដែល​គេ​ក៏​ហៅ​ថា​សមុទ្រ​ជប៉ុន នៅ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​រដ្ឋាភិបាល​ក្រុង​​សេ​អ៊ូ​ល​បាន​សំរេចចិត្ត​លុបចោល​កិច្ចព្រមព្រៀង​ចែករំលែក​ព័ត៌មាន​ចារកម្ម​យោធា​ជាមួយ​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ ដោយសារ​តែ​ជម្លោះ​ពាណិជ្ជកម្ម​និង​សំណង​សម័យ​សង្គ្រាម​។​

​កងទ័ពជើងទឹក​កូរ៉េ​ខាងត្បូង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​នឹង​ធ្វើ​«​សមយុទ្ធ​ការពារ​ទឹកដី​»​ចាប់ពី​ថ្ងៃ​អាទិត្យ​ដល់​ថ្ងៃ​ចន្ទ​ដោយ​មាន​ការចូលរួម​ពី​នាវា​​ចម្បាំង​មកពី​កងទ័ព​ជើង​ទឹក​និង​កង​ឆ្មាំ​សមុទ្រ យន្តហោះ​ចម្បាំង​មក​ពី​កងទ័ពអាកាស និង​ទាហាន​មក​ពី​កងទ័ពជើងគោក​និង​កង​ម៉ា​រី​ន​។​

​សូមបញ្ជាក់​ថា ជប៉ុន​និង​កូរ៉េខាងត្បូង​បាន​និង​កំពុង​ជាប់​ក្នុង​ជម្លោះ​អះអាង​ទាមទារ​កម្មសិទ្ធិ​ជាន់​គ្នា​លើ​បណ្តា​កូន​កោះ​ដែល​ជប៉ុន​ហៅ​ថា តាកេស៊ី​ម៉ា និង​កូរ៉េខាងត្បូង​ហៅ​​ថា ដុកដូ​ដែល​ស្ថិតនៅច​ន្លោះ​ប្រទេស​អាស៊ី​ខាងកើត​ទាំងពីរ​នៅក្នុង​សមុទ្រ​ជប៉ុន ឬ​សមុទ្រ​ខាងកើត​។​

​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​ចាប់ផ្តើម​ធ្លាក់ចុះ​កាលពី​ឆ្នាំមុន ក្រោយ​មាន​ជម្លោះ​ការទូត​មួយ​អំពី​សំណង​សំរាប់​ពលកម្ម​បែប​បង្ខំ​កាលពី​សម័យ​សង្គ្រាម ពេល​ជប៉ុន​កាន់​​កាប់​កូរ៉េ​។​ទំនង​ជា​ការ​សងសឹក​លើ​ការសំរេច​របស់​តុលាការ​កូរ៉េខាងត្បូង​ ​ជប៉ុន​បាន​រឹតបន្តឹង​ការនាំចេញ​វត្ថុធាតុដើម​បច្ចេកវិទ្យា​ជាន់ខ្ពស់​ដែល​ឧស្សាហកម្ម​ផលិត​ឈីប​កូរ៉េខាងត្បូង​ត្រូវការ​ចាំបាច់ ។​

​កូរ៉េខាងត្បូង​កាលពី​សប្តាហ៍​មុន​បាន​ប្រកាស​លុបចោល​កិច្ចព្រមព្រៀង​ចែករំលែក​ព័ត៌មាន​ចារកម្ម​ជាមួយ​ជប៉ុន ជាហេតុ​នាំ​អោយ​រដ្ឋាភិបាល​ក្រុង​តូ​ក្យូប្រឆាំង​ភ្លាម​និង​អាម៉េរិក​​សម្តែង​ការព្រួយបារម្ភ​៕​ដោយ​៖​វាសនា​

​កងទ័ពជើងទឹក​កូរ៉េ​ខាងត្បូង​ធ្វើ​សមយុទ្ធ​នៅ​ម្តុំ​កោះ​ដុកដូ​ចាប់ពី​ថ្ងៃអាទិត្យ​ដល់ច​ន្ទ តែមាន​ការចូលរួម​ពី​កងទ័ព​ចម្រុះ​

#