ក្រោយ​លេចឮ​ព័ត៌មាន​ថា​យោធា​ត្រៀម​ចូល​អន្តរាគមន៍ មេទ័ព​ថៃ​ចេញ​មក​អះអាង​ថា វា​ជា​«​ព័ត៌មាន​ក្លែងក្លាយ​»​ទេ​

776
ចែករម្លែក

​ការ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម រួមមាន​ទាំង​រូបថត​របស់​មេទ័ព​ថៃ ឧត្តមសេនីយ៍ អា​ពី​រ៉ា​ត គង់​សំពង់​ជាមួយ​សារ​ព្រមាន​មួយ​ប្រឆាំង​នឹង​ការជជែក​សួរដេញដោល​និង​បោះឆ្នោត​​សម្តែង​ការ​មិន​ទុកចិត្ត​ណាមួយ​នៅក្នុង​សភា​ប្រឆាំងនឹង​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន​អូ​ចា ត្រូវ​បាន​ចែករំលែក​ត​គ្នា​យ៉ាង​ព្រោងព្រាត​។​

​តែ​ឧត្តមសេនីយ៍ អា​ពី​រ៉ា​ត បដិសេធថា លោក​មិន​ដែល​បាន​និយាយ​ដូច​ការចុះផ្សាយ និង​បាន​ចាត់ទុក​វា​ជា​«​ព័ត៌មាន​ក្លែងក្លាយ​»​។​

​មេទ័ព​ដ៏​មាន​អំណាច​រូបនេះ បាន​ចាត់ទុក​ជា​«​ព័ត៌មាន​ក្លែងក្លាយ​» ចំពោះ​ការសរសេរ​បង្ហោះ​ថា លោក​បាន​គំរាម​«​បញ្ចេញ​ទ័ព​» ដើម្បី​បញ្ចប់​ភាពវឹកវរ ប្រសិនបើ​មាន​ការ​​បោះឆ្នោត​សម្តែង​ការ​មិន​ទុកចិត្ត​លើ លោក​ប្រា​យុទ្ធ ចាន​អូ​ចា​។​

​កាលពី​ថ្ងៃ​ពុធ​ទី​១៧​កក្កដា លោក​នៅតែ​និយាយ​ថា លោក​មិន​ដែល​បាន​និយាយ​ដូច្នេះ​ទេ​ហើយ​ពួក​អ្នកយក​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ព័ត៌មាន​និង​សម្ភាសន៍​លោក​ដឹង​ច្បាស់​ថា​វា​​ជា​ព័ត៌មាន​មិន​ពិត​។​

​វា​ជា​ការឆ្លើយតប​ទៅ​នឹង​ការចុះផ្សាយ​ក្នុង​បណ្តាញ​សង្គម​ជា​ភាសា​ថៃ ដែលថា​« ការសួរដេញដោល​ក្នុង​សភា​ប្រឆាំង​លោក​ប្រា​យុទ្ធ មានន័យ​ស្មើនឹង​ការរារាំង​មិនអោយ​ប្រទេស​ធ្វើ​​ដំណើរ​ទៅមុខ​។​បើ​ចលាចល​ផ្ទុះ​ឡើង​ដោយសារ​មាន​មនុស្ស​ព្យាបាទ ខ្ញុំ​ត្រូវតែ​ចេញ​ធ្វើការ​សំរាប់​ប្រទេស​។​កុំ​បង្ខំ​ខ្ញុំ​» ។​

​សារ​នេះ​ត្រូវបាន​ចែ​ល​រំលែក​ត​គ្នា​យ៉ាង​ទូលំទូលាយ​។​

​លោក​ឧត្តមសេនីយ៍ឆ្ង​ល់​អំពី​ចេតនា​នៃ​ការ​រ​បង្ហោះ​សារ​នេះ ដោយសារតែ​លោក​បាន​ឈប់​ផ្តល់​កិច្ចសម្ភាសន៍​យូរ​មក​ហើយ និង​ថា​«​ការជជែក​សួរដេញដោល​នាយករដ្ឋមន្ត្រី​ជា​ការងារ​​របស់​សភា​និង​ជា​រឿង​ធម្មតា​នៅ​គ្រប់​សម័យកាល​និង​រដ្ឋាភិបាល​។​វា​ជា​នីតិវិធី​ក្នុង​សភា ស្រប​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​។​គ្មាន​នរណា​អាច​រារាំង​មិនអោយ​នរណា​ម្នាក់​ធ្វើ​វា​បាន​ទេ​។​​កុំ​ព្យាយាម​ទាញ​ខ្ញុំ​ចូល​ក្នុង​កិច្ចការ​នេះ​»​។​

​ទោះជា​យ៉ាងណា លោក​សង្ឃឹមថា​លោក​ប្រា​យុទ្ធ អាច​ដោះស្រាយ​សភាពការណ៍​នយោបាយ​ណាមួយ ដោយ​នាយក​រដ្ឋមន្ត្រី ត្រៀម​ពន្យល់​បញ្ហា​ទាំងអស់​នៅក្នុង​សភា​៕​ដោយ​៖​វាសនា​