ក្រោយ​ល្បី​បទ “​ស្អប់​អតីត​” តារាចម្រៀង ធឿន សារ៉ាក់ បញ្ចេញ​មួយ​បទ​ទៀត​

1091
ចែករម្លែក

(​ភ្នំពេញ​)៖ បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​តាមរយៈ​បទ​«​អាជីព​អ្នក​ចាក់​កន្ទុយលេខ​» និង​បទ “​ស្អប់​អតីត​” នៅលើ​បណ្ដាញ Youtube យ៉ាង​ផុសផុល កាលពីពេល​ថ្មីៗ តារាចម្រៀង ធឿន សារ៉ាក់ បាន​បញ្ចេញ​នូវ​ស្នាដៃ​បង្អួត​មហាជន​មួយ​បទ​ទៀតហើយ គឺ​បទ «​ស្អប់​មនុស្ស ក្បត់​» ដែល​ទើបតែ​ចេញ​ក្ដៅៗ ហើយ​រៀប​រាប់ចំ​នឹង​បញ្ហា​បេះដូង​ចំពោះ​អ្នក​ដែល​ធ្លាប់ ត្រូវគេ​ក្បត់​រឿង​ស្នេហា​ខណៈដែល​មានការ​លើក​សរសើរ​ថា​ចម្រៀង​មួយ​បទ​នេះ មានការ​ទាក់ទាញ​ខ្លាំង ។​

​តារាចម្រៀង​ដែល​បាន​ផ្សងព្រេង​មកពី​ខេត្តព្រៃវែង​រូបនេះ បាន​ឲ្យ​ដឹងថា លោក​ពិតជា សប្បាយចិត្ត​ណាស់​ដែលមាន​ឱកាស​បាន​ផលិត​បទ​ចម្រៀង​និពន្ធ​ថ្មី ហើយ​ទទួល​បានការ គាំទ្រ​ជា​បន្តបន្ទាប់​នាពេល​ចុង​ក្រោយនេះ​។
​លោក​ថាបើ​ទោះជា​បទ​«​ស្អប់​មនុស្ស​ក្បត់​»​ត្រូវបាន​មជ្ឈដ្ឋាន​អ្នក​ស្ដាប់​ហើយ​សរសើរ​ថា មាន​អត្ថន័យ​ជ្រាលជ្រៅ និង​មាន​សាច់ភ្លេង​គួរអោយ​ចង់​ស្ដាប់​ភាគច្រើន ក៏​លោក​នៅតែ​មិន ទាន់​ហ៊ាន​រំពឹង​ច្រើន​នោះទេ ដោយ​លោក​បញ្ជាក់​ទុកអោយ​មហាជន​ជា​អ្នក​វិនិច្ឆ័យ​។

​លោក​ប្រកាសថា​នឹង​ត្រៀម​ចេញ MV បទ​នេះ​អោយបាន​ឆាប់ៗ​ក្នុងពេលដែល​លោក​ក៏​ទទួល បាន​ទីផ្សារ​ចេញ​ច្រៀង​លើ​ឆាក និង​ក្នុង​កម្មវិធី​តន្ត្រី​តូចធំ​ច្រើនជាង​មុន​។ លោក ធឿន សារ៉ាក់ បាន​បញ្ជាក់ថា មួយ​បទ​នេះ​ត្រូវចិត្ត​លោក​ច្រើន ហើយ​លោក​នឹង​បន្ត​ប្រឹងប្រែង​ផលិត​បទ និពន្ធ​ថ្មី​ដែលមាន​គុណភាព និង​មិន​កែច្នៃ​សាច់ភ្លេង​ដើមពី​គេ ដើម្បីអោយ​កេរ្តិ៍ឈ្មោះ​របស់ លោក​កាន់តែ​មានការ​ទទួលស្គាល់​នោះ​ផងដែរ​។ លោក​គ្រោង​នឹង​ចេញ​បទ ដើម​ជាច្រើន​ទៀត ដើម្បី​ទាក់ទាញ​អារម្មណ៍​មហាជន​ក្នុងពេល​ដ៏​ខ្លី​។​

​លោក​បាន​អះអាងថា បទ​ចម្រៀង​មួយ​បទៗ​ក្រោយ គឺ​ត្រូវតែ​សម្រាំង​អោយ​ល្អជា​មុន ដើម្បី​កុំអោយ​ខាត​កម្លាំង​ហើយ​មិន​ទទួលបាន​ការគាំទ្រ​។ ជាមួយគ្នា​នោះ​លោក​ក៏​ប្រកាស ជំហរ​មិនទាន់​ចូល​ជ្រក​នៅក្នុង​ផលិតកម្ម​ណាមួយ​បន្ទាប់ពី​បាន​ដាច់ស្រេច​ជាមួយ​ផលិតកម្ម​ចាស់ ដោយ​លោក​ប្រកាសថា​ចង់​ពង្រឹង​ការផលិត​បទ​ផ្ទាល់ខ្លួន​អោយមាន ការទទួលស្គាល់ ច្រើន​បន្តិច​សិន​ចាំ​ចាប់ផ្ដើម​គិតគូរ​រឿង​កុងត្រា​ចូល​ផលិតកម្ម​ណាមួយ​ជាថ្មី​។

​បទ​«​ស្អប់​មនុស្ស​ក្បត់​» របស់លោក គឺ​កំពុងតែ​មានការ​ចែករំលែក​នៅលើ​បណ្ដាញ សង្គម​គួរ​ឲ្យ​ចាប់អារម្មណ៍​ហើយក៏ មានការ​លើកឡើងថា បទ​នេះ​នឹង​ទាញ​បានការ​គាំទ្រ ខ្លាំង​ផងដែរ​ខណៈដែល​លោក ធឿន សារ៉ាក់ ប្រកាស​ពី​គោលជំហរ​ផលិត MV បទ​នេះ​ឲ្យ បានល្អ​បំផុត​ដើម្បី​តម្រូវ​ចិត្ត​អ្នកគាំទ្រ​៕ ដោយ​: បូ​រិ​ន​