ក្រោយ​ស្ថាបនា សម្រួល​ផ្លូ​ទៅ​គ្រឹះ​ប្រាសាទ​បុរាណ​និង​ទៅ​ទួល​សក្តិ​សិទ្ធិ មន្ត្រី​និង​អ្នកស្រុក​ចង់​អភិវឌ្ឍន៍​អាង​ជើងគ្រុះ​ទៅ​រមណីយដ្ឋាន​ក​សិ​-​វប្ប​ធ​ម៌ ធម្មជាតិ​

315
ចែករម្លែក

ដោយ:​ភ្នំ​ស្វាយ/បន្ទាយមានជ័យ : ក្រោយ​ស្ថាបនា សម្រួល​ផ្លូ​បូរាណ​ទៅ​គ្រឹះ​ប្រាសាទ​បូរាណ​និង​ទៅ​ទួល​សក្តិ​សិទ្ធិ មន្ត្រី​និង​អ្នកស្រុក​ចង់​អភិរក្ស​អាង​ជើងគ្រុះ​នៅ​ខាងជើង​តំបន់​ក្រុម​ប្រាសាទបន្ទាយឆ្មារ​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​ទៅជា​រមណីយដ្ឋាន​ក​សិ​-​វប្ប​ធ​ម៌ ពាក់កណ្តាល​ធម្មជាតិ កែច្នៃ ។

លោកស្រី ម៉ៅ​ម៉ា​ល័យ កែ គឹមយ៉ាន ប្រធាន​កិ​ត្ត​យស​សមាគមនារី​កម្ពុជា​ ដើម្បី​សន្តិភាព​​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​ និង​ក្រុមការងារ​បានឲ្យដឹង​ដូច្នេះ​កាលពី​រសៀល​​ថ្ងៃទី​២០​ខែមករា ខណ​:​ចុះទៅពិនិត្យ​លទ្ធផល​ការស្ថាបនា សម្រួល ជួសជុល​ផ្លូវ​បូរាណ​ផង ផ្លូវ​រទេះ​ផង​ទៅកាន់​គ្រឺះ​ប្រាសាទ​ថ្លា​ត ប្រាសាទគោកសំរោង​លិច​និង​ទៅ​ទូល​ស​ក្ត័​សិ​ទ្ធ​នៅក្នុង​អាង​ជើងគ្រុះ​ស្ថិតនៅ​ខាងជើង​តំបន់​ក្រុម​ប្រាសាទបន្ទាយឆ្មារ​ភូមិ​គោក​សំរោង​លិច​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​នោះ ។​

លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា ​កាលពីមុន​មានតែ​អ្នកស្រុក​អាយ​ខ្លះ​នៅ​ឃុំ​បន្ទាយឆ្មារ​ប៉ុណ្ណោះ ​ដែល​បាន​ទៅដល់​គ្រឺះ​ប្រាសាទ​ថ្លា​ត ប្រាសាទគោកសំរោង​លិច​និង​ទួល​ស​ក្ត័​សិទ្ធិ​នេះ ។

ហេតុនេះ លោកស្រី​និង​ក្រុមការងារ​ក៏​ផ្តួច​ផ្តើ​ម​ឲ្យមាន​ការកសាង​ផ្លូវ​ទៅកាន់​ទីនោះ ដើម្បីអោយ​អ្នកណា​ក៏ដោយ​អាច​ទៅ​ទស្សនា​កំសាន្ត​ ឬ​ស្វែងយល់​តំបន់​បុរាណ​នៅ​ជនបទ​ដាច់ស្រយាល​នោះ​។​

លោក ប្រាក់ សារ៉ាក់ មន្ត្រី​ក្នុង​ក្រុមការងារ​មួយ​របស់​សមាគមន៍​នារី​កម្ពុជា ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ល្ងាច​ថ្ងៃទី​២០​ខែមករា​ថា លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន បានឲ្យ​ក្រុម​កា​រាងរ​ចាប់ផ្តើម​ជួសជុល សម្រួល​ផ្លូវ​បូរាណ​ផង ផ្លូវ​រទេះ​ផង កាយ​ជា​ប្រឡាយ​ស្នាមភ្លោះ​ផង​ចាប់ពី​ផ្លូវ​ជាប់​កសិណ​​ខាងជើង​ប្រាសាទបន្ទាយឆ្មារ ទៅ​ប្រាសាទ​ចិញ្ចឹម​ត្រី ប្រាសាទ​យាយ​គុំ រួច​កាត​វាលស្រែ ចម្ការ ទៅ​ចំណុច​សញ្ញា​លេខបូក ខ្នង​អាង​ជើងគ្រុះ​ខាងត្បូង រួច​បត់​ទៅ​លិច បត់បែន បែកខ្នែង ហើយ​ទៅដល់​គ្រឹះ​ប្រាសាទ​ថ្លា​ត​និង​ទួល​សក្តិ​សិទ្ធិ ជា​កោះ​មួយ​ក្នុង​អាង​ជើងគ្រុះ​។​ គឺ​ត្រង់​សញ្ញា​លេខបូក​នោះ​ហើយ ជា​ប្រ​វ​ត្តិ​នៃ​ឈ្មោះ​អាង​ជើងគ្រុះ គឺ​ជើង​វ័ណ្ឌ​ខាងក្រោម​រាង​សញ្ញា​លេខបូក​នៃ​ភាជន៍​ឬ​ប៉ោត​ទឹក​នោះ ។​

ចំពោះ​ផ្លូវ​នេះ លោក​ប្រាក់ សារ៉ាក់ ថា​មាន​ប្រវែង​ជាង​១០​គម ។ លើ​កំណាត់​ផ្លូវ​នេះ កន្លែង​ខ្លះ​បាន​ក្រាល​គ្រួស កន្លែង​ខ្លះ​បាន​ដាំ​អម​ផ្លូវ​នូវ​កូនឈើ​ធ្នង់​រាប់រយ​ដើម​ផងដែរ​។ឯនោះ​ជិត​ទួល​ស​ក្ត័​សិទ្ធិ ឥឡូវនេះ លោកស្រី​ប្រធាន បានអោយ​កសិករ​ដាំ​ឪ​ឡឹ​ក​សម្រាប់​បេះ​ហូប​នៅ​ខែមេសា រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំកុរ​ខាងមុខនេះ ។​

កសិករ​ឈ្មោះ វេ​ង ទៀវ រស់នៅ​ភូមិ​បន្ទាយឆ្មារ​លិច​ឃុំ​បន្ទាយឆ្មារ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ល្ងាច​ថ្ងៃទី​២០ ​ខែមករា​ថា លោក​ធ្លាប់ជា​អ្នក​ឱ​ឡឹ​ក​ល្បីឈ្មោះ​នៅ​បន្ទាយឆ្មារ។​ហើយ​ឥឡូវនេះ បាន​ភ្ជួរ​រាស់ រាយ​ទុយោ​បណ្តាញទឹក​និង​ដាំ​ឱ​ឡឹ​ក​ពូជ​ថៃ​ពិសេស​លើដី​ស្រែ​ទំហំ​ជាង​១៥​ហិច​តា នៅ​អាង​ជើងគ្រុះ ដើម្បី​ទាញ​ផល​ផ្លែ​នៅ​រវាង​២​ខែ​ទៀត។ នៅ​តំបន់​អាង​ជើងគ្រុះ ក៏មាន​កន្លែង​ធ្វើ​ស្រូវពូជ​បង្ហាញ ដាំ​ដំណាំ​បន្លែ និង​មាន​វា​រី​ជាតិ​ធម្មជាតិ​មួយ​នេះ​អាច​ក្លាយជា​តំបន់​ទេសចរណ៍​មួយ​។​

សូមបញ្ជាក់ថា អាង​ជើងគ្រុះ​នេះ​ជា​អាង​បូរាណ​កសាង​នៅ​ចុង​ស​.​វ​ទី​១២ រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទៅ​៧ មាន​ទំហំ​ជាង​៥​គម​បួន​ជ្រុង។ ​អាង​បូរាណ​នេះ​ត្រូវបាន​កសាង​ពង្រីក​បន្ថែម​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​(១៩៧៥-៧៩) និង​ដល់​ឆ្នាំ​២០០៣ -២០១៥ បាន​ជួសជុល​កែលម្អ​បន្តបន្ទាប់​ដោយ​អង្គការ​អូ​ខិ​ន​ដិ​ន កម្ពុជា​ដោយ​ប្រើ​មូល​និ​ធី​កាដូ​អូ​រូ​និង​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​។

បើ​យើង​ឈរ​មើ​លពី​ខ្នង​អាង​នេះ​ទៅ​លិច​និង​ទៅ​ជើង នៅ​​ឆ្ងាយ​គឺមាន​ជូរ​ភ្នំ​ដងរែក​ត្រង់​វែង​ដូច​បន្ទាត់​បាន​សណ្តូក គួរអោយ​គយគន់។ អាង​នេះ បាន​ក្លាយជា​សហគមន៍​ទេសចរណ៍​មូលដ្ឋាន​មួយ​ដែល​អ្នកស្រុក​អាយ​នាំគ្នា​ទៅ​ទស្សនា ងូតទឹក​លេង​កំសាន្ត​ជា​ហូរហែ។​ ឥឡូវនេះ ក្រុមការងារ​របស់លោក​ស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន បាន​សម្រួល ស្ថាបនា​ផ្លូវ​លើ​ខ្នង​ប្រឡាយ​និង​កាត់​វាលស្រែ​ចម្ការ​ភ្ជាប់​ទៅដល់។ ហើយក៏​បាន​កសាង​ស្លាក ប៉ាយ​មួយចំនួន​ផងដែរ​៕B/