ក្រៅពី​ការចូល​លេង​កម្សាន្ត​, ល្អាង​ភ្នំ​កំពង់ត្រាច​ជា​គោលដៅ​សម្រាប់​បន់ស្រន់​ប៉ងប្រាថ្នា​តាម​ការចង់បាន​

930

(​កំពត​)៖ ភ្នំ​កំពង់ត្រាច ឬ​ភ្នំ​បាក់​ដែលមាន​ល្អាង និង​រូង​ច្រើនសន្ធឹក​សន្ធាប់​ជាទី​លម្ហែ​ប្រកបដោយ​ផាសុកភាព ជាមួយ​ទិដ្ឋភាព​ប្រៀបបាន​នឹង​កណ្តាលលំហ​ឆ្ងាយ​ផុត​ផែនដី​។ ក្រៅពី​ជាទី​កម្សាន្ត​សម្រាប់​បន្ធូ​អារម្មណ៍ ល្អាង​ភ្នំ​នេះ​ជា​គោលដៅ​សម្រាប់​ភ្ញៀវ​ក្នុងការ​បន់ស្រន់​ជាមួយនឹង​ជំនឿ​ជឿជាក់ថា មាន​ភាព​ស័ក្តិសិទ្ធិ​រាល់​ក្តី​ប៉ងប្រាថ្នា​លើ​គោលដៅ​អ្វីមួយ​។​

​ដោយ​ស្ថិតនៅ​ភាគ​ខាងកើត​ទី​រួម​ខេត្តកំពត រមណីយដ្ឋាន​វប្បធម៌​ភ្នំ​បាក់ ឬ​ភ្នំ​កំពង់ត្រាច​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច​។ ដើម្បី​បាន​ដល់ទី​តាំង​នេះ ភ្ញៀវ​ទាំងឡាយ​ត្រូវធ្វើ​ដំណើរ​លើផ្លូវ​ជាតិ​លេខ​៣៣​។ បន្ទាប់ពី​ចរាចរ​បាន​ចម្ងាយ​៣៦​គីឡូម៉ែត្រ ភ្ញៀវ​ទាំងឡាយ​ត្រូវ​បត់​ចុះទៅ​ផ្នែក​ខាងឆ្វេង ខណៈ​ឆ្លង​ផុត​ផ្សារ​កំពង់ត្រាច​។ តាម​ផ្លូវលំ​ចម្ងាយ​ប្រហែល​ជាង​មួយ​គីឡូម៉ែត្រ ទេសចរ​នឹង​ប្រទះឃើញ​ខ្លោងទ្វារវត្ត​គិរី​សិលា ហៅ​វត្តភ្នំ និង​ស្លាក​រមណី​ដ្ឋា​ន​នៅ​ផ្នែក​ខាងស្តាំ​។ បន្តដំណើរ​ប្រមាណ​៣០០​ម៉ែត្រ​នោះ​នឹង​ដល់ទី​អា​រម​វត្ត ព្រមទាំង​ភ្នំ​កំពង់ត្រាច​នៅ​កៀក​គ្នា​បង្កើយ​។​

​ស្ត្រី​ឈ្មោះ​ឯម យុទ្ធ អាយុ ៥៦​ឆ្នាំ អ្នកលក់​នំចំណី ម្ហូបអាហារ​ក្បែរផ្លូវ​ចូល​ល្អាង​ភ្នំ​កំពង់ត្រាច​បាន​រៀបរាប់ថា​ទីនេះ​ភ្ញៀវ​ដែល​មកលេង​ក្នុង​ថ្ងៃ​ធម្មតា​មានតែ​ជនបរទេស ឬ​អ្នក​មក​បន់ស្រន់​រឿង​អ្វីមួយ​ប៉ុណ្ណោះ​។ លុះ​ថ្ងៃ​សៅរ៍ អាទិត្យ​ទើប​មាន​ភ្ញៀវ​មកលេង​ច្រើន និង​រដូវ​បុណ្យទាន​មនុ​ស្សមក​កុះករ​រហូត​ស្ទើរ​រក​កន្លែង​ចត​ឡាន​មិនបាន​។

​ស្ត្រី​ដដែល​បាន​បន្តថា​ក្រៅពី​មកលេង​កម្សាន្ត ភ្ញៀវទេសចរ​ជនជាតិ​ខ្មែរ​តែង​មិន​ភ្លេច​នូវ​ការអុជ​ធូប​បួងសួង​ប៉ងប្រាថ្នា​តាម​ការចង់បាន​របស់​ខ្លួន​។ ទីនេះ​មាន​ភាព​ស័ក្តិសិទ្ធិ ដែល​តាម​ការនិយាយ​តៗ​គ្នា​ថា ដើមឡើយ​ល្អាង​ភ្នំ​កំពង់ត្រាច​ជា​កន្លែង​របស់​ស្តេច​ភុជង្គនាគ​។ រាល់​អ្នកមាន​ជំនឿ​បរិសុទ្ធ​ជ្រះថ្លា​តែងតែបាន​សម្រេច​តាម​បំណង ដូចជា​ការចង់​លក់​ផ្ទះសម្បែង ដីធ្លី​ជាដើម​។ រូបគាត់​ផ្ទាល់ មុនពេល​កូន​ប្រឡង​ក៏​ចូល​បន់ស្រន់ ហើយ​កូន​របស់គាត់​បានជា​ប់​ដូច​ក្តី​ប្រាថ្នា​ដែរ​។​

​លោក លន់ រម​នា ប្រធានការិយាល័យ​វប្បធម៌ និង​វិចិត្រសិល្បៈ​ស្រុក​កំពង់ត្រាច​បាន​រៀបរាប់ថា ទោះបី​មិនមាន​ប្រាសាទ​ណាមួយ​ក្តី តែ​រមណីយដ្ឋាន​ភ្នំ​កំពង់ត្រាច​មានការ​ទាក់ទាញ​ភ្ញៀវ ពិសេស​សម្រាប់​ការ​បន់ស្រន់​ផ្សេងៗ​។ នៅក្នុង​ល្អាង​ភ្នំ ក្រៅពី​ព្រះអង្គ​ចូល​បរិនិព្វាន​ដ៏​ធំ​មួយអង្គ នៅមាន​បដិមាករ​ជាច្រើន​ក្នុង​រូង​ផ្លូវ​នានា ដែល​ភ្ញៀវ​អាច​អុជ​ធូប​បែប​ន់​តាម​ជំនឿ​រៀងខ្លួន​។

​លោក​ប្រធានការិយាល័យ​បាន​បន្តថា លើសពីនោះ​ក៏​នៅមាន​ដី​ពណ៌​ស្វាយ ល្អាង​ទឹកអម្រឹត​ដែល​អ្នកផង​ជឿថា ជា​របស់​ស័ក្តិសិទ្ធិ​ផងដែរ​។ ចំណែក​ផ្ទាំង​ថ្ម​ដែល​រង​សំណឹក​ដោយ​ដំណក់ទឹក​រាប់ម៉ឺន​ឆ្នាំ ក្លាយជា​រូបសំណាក​សត្វ​ច្រើន​ទម្រង់ ជា​ឧបករណ៍​ភ្លេង​អាច​គោះ​លាន់ឮ​ពីរោះ​រណ្តំ​នោះ ក៏​ជា​ផ្នែក​ទាក់ទាញ​ភ្ញៀវ​ឱ្យស្លុង​អារម្មណ៍​ក្នុង​ល្អាង​ភ្នំ​នេះដែរ​។​

​លោក​ឃឹម សាមី អភិបាលរង​ស្រុក​កំពង់ត្រាច​បាន​មានប្រសាសន៍ថា ភ្នំ​កំពង់ត្រាច ឬ​ភ្នំ​បាក់​ជា​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ដែលមាន​ឈ្មោះ​ល្បី​ជា​យូរ​មកហើយ​។ តាម​ការកត់សម្គាល់​ភ្ញៀវ​តែង​មក​កម្សាន្ត​មិន​ដាច់​រៀងរាល់ថ្ងៃ​សៅរ៍ អាទិត្យ​ដែលជា​មធ្យម​ក្នុង​មួយខែៗ ទេសចរ​ជាតិ​មាន​ចន្លោះ​ពី​ជាង​៤០០​នាក់​ទៅ​៥០០​នាក់ និង​ភ្ញៀវ​បរទេស​ពី​៦០​នាក់​ទៅជា​ង​១០០​នាក់​។ លោក​អភិបាលរង​ស្រុក​បានបញ្ជាក់​ទៀតថា សម្រាប់​ក្នុង​ខែ​ដែលមាន​រដូវ​បុណ្យទាន​វិញ បរិមាណ​ភ្ញៀវ​កើន​ច្រើន​លើស​ខែ​ធម្មតា​ទ្វេដង​។​

​សូមបញ្ជាក់ថា​រមណីយ​ដ្ឋា​ន​ភ្នំ​កំពង់ត្រាច និង​បណ្តា​ភ្នំ​មួយចំនួន​នៅក្បែរ​គ្នា​នេះ​ពោរពេញ​ដោយ​ទេស​ភាពល្អ​ប្រណីត ដែលជា​អំណោយផល​ដ៏​ល្អ​សម្រាប់​ការថត​ខ្សែភាពយន្ត​ទាំង​បែប​មនោសញ្ចេតនា បែប​បុរាណ និង​ឈុត​ឆាកប្រយុទ្ធ​ផ្សេងៗ​។ កន្លងមក​ក៏មាន​ក្រុមហ៊ុន​ជាច្រើន​បានមក​ថត​សកម្មភាព ដើម្បី​ផលិត​ជា​សាច់រឿង​ផ្សេងៗ នៅ​តំបន់​ដ៏​ស្រស់ត្រកាល​នេះ​ផងដែរ​៕L ដោយ​: បូកគោ​