ក្រៅពី​ជា​ប្រទេស​អភិវឌ្ឍន៍ ទីក្រុង​បៃតង​និង​ស្អាត សិង្ហ​បុរី​ជា​ឋានសួគ៌​សប​ភីង​និង​កម្សាន្ត​

459

(​ភ្នំពេញ​)៖​សិង្ហ​បុរី​ទោះបី​តូច​ក៏ដោយ តែ​ជា​ប្រទេស​អភិវឌ្ឍន៍​សង្គម​ទំនើប​ស៊ីវីល័យ ហើយ​មាន​ទីក្រុង​ស្អាត​ពណ៌​បៃតង​គ្រប់កន្លែង​សូម្បី​នៅលើ​អគារ​ខ្ពស់​ក៏មាន​ដើមឈើ​ដែរ​។​បន្ថែម​ពីលើ​នេះ​ទៀត សិង្ហ​បុរី​ជា​ឋានសួគ៌​ទេសចរណ៍​និង​កន្លែង​ដើរ​ទិញ​ទំនិញ​ដ៏​ល្អ​បំផុត ជាពិសេស​នៅក្នុង​រដូវ​បុណ្យ​ដូចជា​គ្រី​ស​ម៉ាស់​ជាដើម​។​

​ប្រសិនបើ​លោកអ្នក​កំពុង​ស្វែងរក​ទិសដៅ​ធ្វើ​ទេសចរណ៍​កន្លែង​ទិញ​ទំនិញ​សម្បូរបែប ប្រែ​ន​នែ​ម​ល្បីៗ ទំនិញ​តម្លៃ​សមរម្យ អាហារ​ឆ្ងាញ់ៗ សឹង្ហ​បុរី​ជា​ជម្រើស​មួយ​ដ៏​ល្អ​បំផុត​។​ហាង​លក់ទំនិញ​សម្បូរបែប មាន​តាំងពី​ហាង​ប្រែ​ន​លំដាប់​អន្តរជាតិ រហូតដល់​ហាង​តូចៗ​ដែល​ច្នៃ​ឡើង​ដោយ​អ្នក​ឌី​ហ្សា​ញ​សិង្ហ​បុរី​។​ជាពិសេស​លោកអ្នក​អាច​ដើរ​កម្សាន្ត ដើរ​ទិញ​ឥ​វ៉ាន់ និង​ពិសារ​អាហារ​ក្នុងពេល​ដំណាលគ្នា​ដោយសារ​កន្លែង​សប​ភីង តូប​អាហារ ភោជនីយដ្ឋាន នៅ​ជិតៗ​គ្នា​។​

​ផ្លូវ​ប៊ូ​ហ្គី​ស (Bugis Street) គឺជា​កន្លែង​ដ៏​ល្អឥតខ្ចោះ​សម្រាប់​សប​ភីង និង​ភ្លក់​រសជាតិ​អាហារ​ប្រពៃណី​និង​ទំនើប​។​លោក Aloysius Tan នាយក​ផ្នែក​ទំនាក់ទំនង​និង​ទីផ្សារ​នៅ​ប៊ូ​ហ្គី​សប៊ូ​ហ្គី​ស បានឱ្យដឹងថា ប៊ូ​ហ្គី​ស​ជាទី​ផ្សារ​សប​ភីង​តាមផ្លូវ​ធំជាងគេ​បំផុត ដែលមាន​តូប​លក់ទំនិញ​ជាង ៦០០ មាន​លក់ទំនិញ​គ្រប់​ប្រភេទ​ដូចជា​សម្លៀកបំពាក់ ស្បែកជើង រហូតដល់​កន្លែង​ម៉ាស្សា​និង​ធ្វើ​ក្រចក​។​​នៅ​ផ្លូវ​ប៊ូ​ហ្គី​ស មាន​អាហារ​ដ៍​ល្បីល្បាញ​និង​ពេញនិយម​បំផុត​គឺ អូ​ល​ឆាង​គី​(Old Chang Kee)​ដែលមាន​អាយុកាល​ជាង​១៥០​ឆ្នាំ​។​នំ​អូ​ល​ឆាង​គី មានឈ្មោះ​ល្បីល្បាញ​ដោយសារ​គ្រឿងផ្សំ​ការី ស៊ុត ដំឡូង សាច់មាន់ និង​មាន​បង្កប់​ថ្នាំបុរាណ​ជំនួយ​សុខភាព​ផងដែរ​។​

​ចំណែក​គ្រឿង​អេឡិចត្រូនិក​វិញ​មាន​ហាង​ទំនើប​ដ៍​ធំ​ជា​ប្រែ​ន​នែ​ម​របស់​សិង្ហ​បុរី​គឺ​Challenger ដែលជា​ហាង​ល្បីល្បាញ​ជាង​៣៥​ឆ្នាំ​ហើយ​និង​មាន​លក់​គ្រឿង​អេឡិចត្រូនិក​គ្រប់​ប្រភេទ​អាច​ទិញ​អ្វី​ក៏បាន តាំងពី​កុំព្យូទ័រ រហូតដល់​កាមេរ៉ា​។ Challenger មាន​សាខា​ចំនួន​៣៨​នៅ​សិង្ហ​បុរី​។

​លោក ទូ​ន តេង (Toon Teng) ម​គ្គុ​ទេស​ចរនៃ ស្ថាប័ន Singapore Tourism Board បានឱ្យដឹងថា​ប្រទេស​សឹង្ហ​បូរី​ក៏​ជា​កន្លែង​ទិញ​ទំនិញ​សម្រាប់​ក្រុមហ៊ុន​ម៉ាក​ល្បី ៗ ដូចជា Armani, Burberry, Chanel និង Dior ។​កន្លែង​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ម៉ាក​ប្រណីតៗ​និង​យីហោ​ខ្ពស់​គឺ​ផ្លូវ Orchard ។ ម៉ាក​អន្តរជាតិ​ធំ ៗ ជាច្រើន​មាន​ហាង​ធំ ៗ ដែលមាន​ទីតាំងនៅ​ទីនោះ​ដូចជា​ក្រុមហ៊ុន Apple(​ធំជាងគេ​នៅ​ស៊ាន​), Sephora, Uniqlo និង Michael Kors ។​​ជា​ឧទាហរណ៍ Michael Kors Mandarin Gallery គឺជា​ហាង​ដ៏​ធំ​បំផុត​របស់ Michael Kors នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ហាង Michael Kors​មាន​ទំហំ​៧០០០​ម៉ែត្រការ៉េ មាន​កម្ពស់​២​ជាន់ មាន​លក់​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប​របស់​បុរស និង​នារី​។​

​នៅតាម​បណ្តោយ​ផ្លូវ Orchard​ដែរ មាន​ផ្សារ​លក់ទំនិញ​ទំនើបៗ​ដូចជា ION Orchard, TANGS និង​ផ្សារ​ទំនើប​ផា​រ៉ា​ហ្គ​ន​ក៏មាន​ម៉ាក​ល្បី ៗ ជាច្រើន​ប្រភេទ​លំដាប់ អន្តរជាតិ និង ផលិត ផល​ក្នុងស្រុក​។​ផ្សារ​ទំនើប​ជាច្រើន​ក៏​ផ្តល់ជូន​នូវ​ការបញ្ចុះ​តម្លៃ​សម្រាប់តែ​ភ្ញៀវទេសចរ​ហើយនឹង​ត្រូវ​បាន​បង្វិល​សង​វិញ​នៃ​ពន្ធ ៧ ភាគរយ​នៅ​អាកាសយានដ្ឋាន​ប្រសិនបើ​អ្នកចំណាយ​លើស ១០០​ដុល្លារ​សិង្ហ​បុរី នៅពេល​លោកអ្នក​ត្រឡប់​ទៅ​ស្រុក​វិញ​។​នៅ​ផ្សារ ION Orchard មាន ហាង អាហារ​ល្បី​និង​កំពុង​ពេញនិយម​មួយ​ដែលមាន​អាហារ​ឆ្ងាញ់ៗ​ហើយ​មនុស្ស​តម្រង់​ជួរ​បន្តកន្ទុយ​គ្នា​នោះ​គឺ Paradise Dynasty ION​។​ហាង​នេះ​ល្បី​ម្ហូប​ចិន​ជាពិសេស​នាំ​ប៉ាវ​រសជាតិ​៨​ប្រភេទ​ដែល​ហូប​ជាមួយ​ទឹកស៊ីអ៊ីវ​និង​ខ្ញី​។​​ក្នុងអំឡុង​រដូវ​កាល​បុណ្យ​គ្រី​ស្ទ​ម៉ាស់​ក៏មាន​លក់​បញ្ចុះតម្លៃ​ពិសេស​ផងដែរ​ហើយ​មានឱកាស​រូបថត​ជាច្រើន​នៅពេលដែល​ផ្លូវ​ទាំងមូល​ត្រូវបាន​បំភ្លឺ​ដោយ​ភ្លឺ​ចិញ្ចែងចិញ្ចាច​ពន្លឺ​ភ្លឺ​ដើមឈើ​និង​ការតុបតែង​យ៉ាង​ល្អិតល្អន់​។​ជាមួយគ្នានេះដែរ​នៅតាម​ផ្លូវ​អូ​ឆាត​រ៉ូ​ដ​នេះ ក៏មាន​មជ្ឈមណ្ឌល​សម្រាប់​ផ្តល់​ពត៌មាន​ដល់​អ្នកទេសចរ​ផងដែរ​។​

​ងាក​មក​មើល​កន្លែង​លក់ទំនិញ​ដែលមាន​តម្លៃ​សមរម្យ​វិញ គឺ​មជ្ឈមណ្ឌល​មូ​ស្តា​ហ្វា (Mustafa) នៅក្នុង​ភូមិ​ឥណ្ឌា​( Little India) ដែលមាន​ទំនិញ​គ្រប់​ប្រភេទ​នៅទីនេះ​។ មូ​ស្តា​ហ្វា បើក​២៤​ម៉ោង​និង​លក់ទំនិញ​ជាង​៣០​ម៉ឺន​ប្រភេទ​តាំងពី​នាឡិកា​រហូតដល់​អេឡិចត្រូនិក សម្លៀកបំពាក់​និង​វត្ថុ​ជាច្រើន​ទៀត​។​ដោយសារតែ​ទីតាំង​យុទ្ធសាស្ត្រ​របស់ Mustafa ភូមិ​អាហារ​ដ៍​សម្បូរបែប​មួយ​យ​ត្រូវបាន​បង្កើត​នៅ​ជិត​នោះ​។ អ្នក​អាច​ទទួលទាន​អាហារ​ពិតប្រាកដ​របស់​ឥណ្ឌា​នៅ​ភោជនីយដ្ឋាន Delhi ,Jaggis North Indian, Khansama, Khufi Bar, ហាង​កាហ្វេ Lagnaa Mustafa, Sagnar Ratna និង​Sri Kamala Villas និង​ផ្សា​រតេក​កា​(Tekka Market)​។​

​ប្រទេស​សឹង្ហ​បូរី​ក៏​ជា​កន្លែង​នៃ​គំនិត​ច្នៃប្រឌិត​និង​ការបង្កើត​ម៉ាក​យីហោ​ខ្លួនឯង​ដ៏​ល្បីល្បាញ​ក្នុងនោះ​មាន សូកូឡា Awfully ។ ​មាន​ទីតាំង​ស្ថិតនៅ​ស្ថានីយ​ទី​២(Terminal 2)​នៃ​អាកាសយានដ្ឋាន​ឆាង​ងី​របស់​សិង្ហ​បុរី សូកូឡា Awfully ទទួលបាន​ការពេញនិយម​បំផុត​ក្នុងចំណោម​អ្នកទេសចរ​ដោយសារតែ​រសជាតិ​ពិសេស ការ​រចនា​ម៉ូត និង​ការ​វេច​ខ្ចប់​ល្អ ដែលជា​អំណោយ​ដ៍​ថ្លៃថ្នូរ​សម្រាប់​គ្រួសារ​និង​មិត្តភក្តិ​ជាដើម​។​សូកូឡា Awfully មាន​ហាង​លក់រាយ​ចំនួន​ជាង ៤០០ និង ១៤០ នៅតាម​កន្លែង​លក់​គ្រឿង​ទំនិញ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​និង នៅតាម​ស្ថានីយ​ទាំង​បួន​របស់​អាកាសយានដ្ឋាន​ឆាង​ងី​។​

​ក្រៅពី​ម៉ាក​យីហោ​សូកូឡា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ឆាង​ងី ក៏មាន​ម៉ាក​យីហោ​ល្បី​របស់​សិង្ហ​បុរី​ផងដែរ​ដូចជា​ហាង​នំ BengawanSolo,​ហាង​ប្រេងកូឡា Tiger Balm ហាង​តែ​Clipper Tea ,​ហាង​តែ TWG​និង​ម៉ាក​យីហោ​ជាច្រើន​ទៀត​៕​ដោយៈ​សុផល​/sn

​សិង្ហ​បុរី​ជា​កន្លែង​សប​ភីង​និង​ទេសចរណ៍ សម្រាប់​វិស្សមកាល រដូវ​បុណ្យទាន ជាពិសេស​បុណ្យ​គ្រី​ស​ម៉ាស និង​ឆ្លង​ឆ្នាំ​(​រូប សុផល​)