ក្រ​ចុះ​ដោះស្រាយ​រឿង​តម្លៃ​កសិផល​ចុះថោក បិទផ្លូវ​ជា​លើក​ទី​២

1145
ចែករម្លែក

បាត់ដំបង​៖​​ កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៧ ដោយសារតែ​ក្រ​ឃើញ​អាជ្ញាធរ​ចុះ​ដោះស្រាយ​បញ្ហា​តម្លៃ​កសិផល​ចុះថោក​ពេក ទើប​មាន​ប្រជាពលរដ្ឋ​ជាង​១០០​នាក់ បាននាំគ្នា​បើក​គោយន្ត​ត្រាក់ទ័រ និង​រថយន្ត​ដឹក​ពោត​ដំឡូង​មី​ជាង​២០​គ្រឿង​មក​បិទផ្លូវ ដើម្បី​តវ៉ា​ទាមទារ​រឿង​តម្លៃ​កសិផល​ជា​លើក​ទី​២ នៅត្រង់ចំណុច​រង្វង់​មូល​ស្រុក​ភ្នំព្រឹក ស្ថិតក្នុង​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​។​

​នៅ​កន្លែង​បិទផ្លូវ​គេ​សង្កេតឃើញ​លោក​អភិបាលរង​ស្រុក អធិការ​ស្រុក​ភ្នំព្រឹក មេ​ប៉េអឹម​ស្រុក និង​កងកម្លាំងប្រដាប់អាវុធ​មួយចំនួន បាន​ចុះទៅ​ធ្វើ​អន្តរាគមន៍ និង​ជួយ​ដោះស្រាយ​បញ្ហា​បាតុកម្ម​នេះ ដោយ​ទទួលបាន​លទ្ធផល គឺ​សម្រាប់​ពោត​ដែល​ស​ម្ងួ​ត​ស្ងួត​លើ​៣០​តម្លៃ ៣.៤​បាត បើ​ពោតស​ម្ងួ​ត​ស្ងួត​ក្រោម​៣០​តម្លៃ​ពី ៣.៥​ទៅ​៣.៦​បាត​ក្នុង​មួយ​គីឡូក្រាម​។​

​គួរ​បញ្ជាក់ថា កាលពី​លើក​ទី​១​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែក្កកដា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវបែក​ជា​បី ស្ថិត​ក្នុងភូមិ​សាមសិប ឃុំ​តា​ក្រី ស្រុក​កំរៀង មាន​ពលរដ្ឋ​ជាង​១០០​នាក់ បាននាំគ្នា​ធ្វើបាតុកម្ម​អហិង្សា ដោយមាន​ចង​បដារ​ព្រោងព្រាត​បិទ​ពីមុខ​រថយន្ត គោយន្ត និង​ត្រាក់ទ័រ​ជាង​២០​គ្រឿង មក​បិទផ្លូវ​ធ្វើ​ឲ្យ​ស្ទះ​ចរាចរ​រាប់​ម៉ោង ដើម្បី​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក និង​ខេត្ត​ជួយ​អន្តរាគមន៍​ដោះស្រាយ​តម្លៃ​កសិផល ដែល​ឈ្មួញកណ្តាល​បន្ថោក​តម្លៃ​ទាប​ពេក​។​

​នេះ​ជា​លើក​ទី​២​ហើយ​ដែល​ពួកគេ​លើកគ្នា​មក​តវ៉ា សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ជាបន្ទាន់ មិនអាច​បង្អង់​យូរ​បានទេ ព្រោះ​កសិផល​ទាំងនេះ ជា​លុយ​ដែល​ខ្ចីបុល​គេ​យកមក​ដាំ​ដុះ​។​

​ក្រោយ​បាតុកម្ម​លើក​ទី​១ ភ្លាម លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង បាន​កោះប្រជុំ​បន្ទាន់​មួយ ស្ថិតនៅ​សាលប្រជុំ​សាលាខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ដើម្បី​រក​ដំណោះស្រាយ​ទីផ្សារ​កសិផល ដែលជា​ការឆ្លើយតប​ទៅតាម​សំណូមពរ​របស់​កសិក​រ ដែល​បាន​ធ្ចើ​បាតុកម្ម​តវ៉ា​បិទផ្លូវ កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែ កក្កដា​ស្ថិត​ត្រង់​ផ្លូវបែក​ជា​បី​ស្ថិតនៅ​ភូមិ​សាមសិប ឃុំ​តា​ក្រី​ស្រុក​កំរៀង​។ ចូលរួម​ប្រជុំ​ក្នុងពេលនោះ មាន​លោក​អភិបាល​គ្រប់​ស្រុក និង​ឈ្មួញកណ្ដាល​ឬ​ថៅកែ​ទិញ​, លក់​កសិផល​ធំៗ នៅក្នុង​ខេត្តបាត់ដំបង​។ កិច្ចប្រជុំ​នេះ​គឺជា​កិច្ចពិភាក្សា​រក​ច្រកចេញ​នូវ​ទីផ្សារ​កសិផល​ជាពិសេស​តម្លៃ​ពោត​និង​ដំឡូង​មី ដែល​កំពុង​ធ្លាក់ចុះ​យ៉ាងគំហុក​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ។​

​រហូតដល់​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៥​ខែកក្កដា​នេះ ពួក​បាតុករ​បាននាំគ្នា​ទៅ​ជួបជុំគ្នា នៅ​សាលាស្រុក​ភ្នំព្រឹក​វិញ ដោយ​ពួកគាត់​យល់ព្រម តាម​ការដោះស្រាយ​ខាងលើ​ហើយ​៕ ដោយ ៖គ្រញូង

កសិករ​តវ៉ា​បិទផ្លូវ​ជា​លើក​ទី​២​នៅ​រង្វង់​មូល​ស្រុក​ភ្នំព្រឹក កងកម្លាំងប្រដាប់អាវុធ​ជួយ​អន្តរាគមន៍ (​រូប​៖ គ្រញូង​)