ក្រ​ហ្វ​ដ វាយ​អោយ​ហន​ចុះចាញ់​នៅ​ទឹក​ទី​៩ ឈ្នះ​ខ្សែក្រវាត់​WBO

874
ចែករម្លែក

​ជាមួយ​កណ្តាប់ដៃ​ធ្ងន់ៗ​នៅ​ទឹក​ទី​៩ ថេ​រេ​នស៍ ក្រ​ហ្វ​ដ បាន​ក្លាយជា​កំពូល​អ្នក​ប្រដាល់​ម្នាក់​ក្នុង​ពិភពលោក​ក្រោយ​ការប្រកួត​កាលពី​យប់​ថ្ងៃ​សៅរ៍​នៅ​ក្រុង​ឡាស​វេ​ហ្គា​។ ក្រ​ហ្វ​ដ បាន​ផ្តួល​ជេ​ហ្វ ហន​នៅ​៥០​វិនាទី​ចុងក្រោយ​នៃ​ទឹក​ទី​៩​និង​បាន​បញ្ជូន​គាត់​អោយ​ទ្រេត​លើ​ខ្សែ​រេញ​ជាមួយនឹង​កណ្តាប់ដៃ​បន្តបន្ទាប់​ដោយ​បញ្ចប់​ការប្រកួត​​និង​ឈ្នះ​បាន​ខ្សែក្រវាត់​ទម្ងន់​ក្រោម​មធ្យម​ប្រចាំ​ស្ថាប័ន​WBO​។​

​អាជ្ញាកណ្តាល រ៉ូ​ប៊ឺ​ត បៀត បាន​បញ្ឈប់​ការប្រកួត​នៅ​២៨​នាទី​សល់​ក្នុង​ទឹក​ទី​៩​។​

​ក្រ​ហ្វ​ដ បាន​និយាយថា​” ដូច​ខ្ញុំ​បាន​និយាយ​ពីមុន ខ្ញុំ​ជា​អ្នក​ប្រដាល់​ខ្លាំង​ជាង​។​គាត់​បាន​បញ្ចេញ​អ្វីដែល​ខ្ញុំ​រំពឹងទុក​។​គាត់​ប្រុង​វ៉ៃ​សម្រុក​មក តែ​គាត់​មិន​យល់ថា​ខ្ញុំ​ខ្លាំង​ប៉ុណ្ណា​​។​ខ្ញុំ​គិតថា​ពួកគេ​អោយ​តំលៃ​ខ្ញុំ​ទាប​ពេក​”​។​

​ក្រ​ហ្វ​ដ​(​ឈ្នះ​៣៣​លើក មិនដែល​ចាញ់ និង​វាយ​ដៃគូ​អោយ​ចុះចាញ់​កណ្តាល​ទី​២៤​លើក​)​បាន​ឡើងមក​វាយ​នៅ​ក្រុម​១៤៧​ផោន​នេះ​និង​ក្លាយជា​អ្នក​ប្រដាល់​ទី​៦​ក្នុង​ប្រវត្តិ​​ប្រដាល់​ដែល​ឈ្នះ​ខ្សែក្រវាត់​នៅ​ទម្ងន់​ស្រាល ទម្ងន់​ក្រោម​មធ្យម​កំរិត​ទាប​និង​ក្រោម​មធ្យម​(១៤៧​ផោន​)​។​

​ជេ​ហ្វ ហន (​ឈ្នះ​១៨ ចាញ់​មួយ ស្មើ​មួយ​) បាន​ដណ្តើម​ខ្សែក្រវាត់​នេះ​មកពី​មែន​នី ប៉ាក​គី​អៅ កាលពី​ខែកក្កដា​មុន​នៅក្នុង​ការប្រកួត​ក្នុង​ទឹកដី​កំណើត​អូស្ត្រាលី​។​គាត់​បាន​​ប្រកួត​ម្តងទៀត​ដោយ​បញ្ឈប់​ហ្គា​រី ខ័​រ​ខ័​រ​រ៉ា​ន់ កាលពី​ខែធ្នូ​និង​រក្សា​តំណែង​ជើងឯក​ន​នេះ​៕​ដោយ​៖​វាសនា​

ថេ​រេ​នស៍ ក្រ​ហ្វ​ដ​(​ឆ្វេង​)​ផ្តួល ជេ​ហ្វ ហន មកពី​អូស្ត្រាលី ក្នុងការ​ប្រកួត​កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​៩​មិថុនា​នៅ​ឡាស វេ​ហ្គា​