ក្លិប​ចិន​ហ៊ាន​ផ្តល់ប្រាក់​ឈ្នួល ១១​លាន​ផោន​ក្នុង​មួយឆ្នាំ​ដល់ វី​ល​ហ្វ្រី​ដ ហ្សា​ហា​

611
ចែករម្លែក

មានការ​ផ្តល់​សំណើ​ឲ្យ វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha) ផ្ទេរ​ទៅលេង​នៅ​ប្រទេស​ចិន នៅ​ខែ​ក្រោយនេះ ក្នុងតម្លៃ​ខ្លួន​១១​លាន​ផោន​ក្នុង​មួយឆ្នាំ​។​

​ខ្សែប្រយុទ្ធ​ក្លិប គ្រី​ស្ទាល់ ផា​លេស​(Crystal Palace) រូបនេះ​គឺជា​គោលដៅ​របស់​ក្លិប Dalian Yifang នៅ​ក្របខណ្ឌ Super League ដែល​ត្រៀមខ្លួន​ធ្វើ​ឲ្យ​កីឡាករ​អន្តរជាតិ កូត​ឌី​វ័រ​រូបនេះ​ក្លាយជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ដែល​តម្លៃ​ខ្លួន​ខ្ពស់បំផុត​ក្នុង​ពិភពលោក​។​
​ ​
​ក្លឹប​ចិន​មួយ​នេះ​គ្រោង​ផ្តល់ប្រាក់​ឈ្នួល​យ៉ាងតិច​៤៤​លាន​ផោន បន្ទាប់ពី​កាត់​ពន្ធ​រួច សម្រាប់​កិច្ចសន្យា​លេង​រយៈពេល​បួន​ឆ្នាំ​។​
​ ​
ខ្សែបម្រើ​ស្លាប​រូបនេះ​អាច​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​បន្ថែម ២,៥​លាន​ផោន​ក្នុង​មួយឆ្នាំ ហើយ​ក្លិប​នេះ​នឹង​ឧ​ប​ត្ត​ម្ភ​ដល់​ការធ្វើដំណើរ​ដែល​អាច​ឲ្យ​កីឡាករ​រូបនេះ​វិល​ត្រឡប់មក​អង់គ្លេស​ជាប្រចាំ​។
​ ​
ក្លិប Dalian Yifang ដែល​បង្វឹក​ដោយ​លោក បឺ​ន ស្កា​ស្ទ័​រ (Bernd Schuster) ជា​អ្នកចាត់ការ​និង​ជា​អតីត​កីឡាករ​របស់​ក្លឹប Real Madrid នោះ នឹង​ដាក់សំណើ​ផ្លូវការ ទៅ​ក្លិប Crystal Palace នៅពេល​ទីផ្សារ​ទិញដូរ​បើកទ្វារ​។​
​ ​
លទ្ធភាព​ដែលថា ក្លប Crystal Palace អាច​ទទួលយក​សំណើ​ណាមួយ​នោះ ហាក់ដូចជា​នៅ​ឆ្ងាយ​បន្តិច​ហើយ ដោយសារតែ​សារៈសំខាន់​របស់ ហ្សា​ហា ចំពោះ​ក្លឹប​នេះ ហើយ​ថា កិច្ចសន្យា​របស់ ហ្សា​ហា នឹង​បន្ត​រហូតដល់​ឆ្នាំ​២០២៣៕ ប្រែ​សម្រួល​: ពិសិដ្ឋ​