ក្លិប​ឆេ​ល​ស៊ី​បដិសេធ​សំណើរ​សុំ​ចាកចេញ​របស់លោក ម៉ូ​រី​ស៊ី​យ៉ូ សារី​

829
ចែករម្លែក

​តាម​ព័ត៌មាន​ថា ក្លិប​ឆេ​ល​ស៊ី​បដិសេធ​សំណើ​របស់លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ដើម្បី​បញ្ចប់​កិច្ចសន្យា​ជាមួយ​ពហុ​កីឡដ្ឋាន Stamford Bridge ។ ក្លិប ជូ​វេន​ទុ​ស (Juventus) សង្ឃឹមថា នឹង​សម្រេច​កិច្ចព្រមព្រៀង​ជាមួយ​គ្រូបង្វឹក សារី របស់​ក្លិប​ឆេ​ល​ស៊ី មក​ធ្វើជា​អ្នកចាត់ការ​ថ្មី​របស់ខ្លួន​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​

​លោក សារី បាន​ក្លាយជា​ជម្រើស​ទី​១​របស់​ក្លិប Juventus ដើម្បី​ចូល​ជំនួស​លោក ម៉ាកស៍ អាល​ឡេ​ហ្គ្រី (Max Allegri) បន្ទាប់ពី​លើក​ពាន​ដំបូង ក្នុងឋានៈ​ជា​គ្រូបង្វឹក​របស់​ក្លឹប​តោ ខៀវ​ឆេ​ល​ស៊ី ដោយ​យកឈ្នះ​ក្រុម​អា​សេណ​ល​( Arsenal) កាលពី​សប្តាហ៍​មុន​នៅ វគ្គ​ផ្តាច់ព្រ័ត្រ Europa League ។​
​ ​
លោក សារី បាន​ពិភាក្សា​ជាមួយ​នាយក​ក្លិប​ឆេ​ល​ស៊ី​លោកស្រី ម៉ា​រី​ណា ហ្គ្រា​ណូ​វ​ស្កា​អៀ (Marina Granovskaia) កាលពី​ថ្ងៃ​សុក្រ ហើយ​ចង់ដឹង​ពី​ផែនការ​របស់​ក្លិប ចំពេល​មាន ការ​ចែចង់​ឲ្យ​ត្រឡប់​ទៅ​អ៊ីតាលី​វិញ​។​
​ ​
លោក សារី ចង់​បញ្ចប់​កិច្ចសន្យា លុះត្រាតែ​ក្លិប​ឆេ​ល​ស៊ី​ផ្តល់​ការគាំទ្រ​និង​ឆ្លើយតប​ទៅ តាម​ផែនការ​របស់លោក​។ ប៉ុន្តែ​ក្លឹប​ឆេ​ល​ស៊ី​ជឿថា គ្មានអ្វី​ខុស​ទាស់​ទេ ហើយ​ថា​កិច្ច​ព្រម ព្រៀង​ណាមួយ​នោះ គឺ​សុទ្ធតែ​ផ្តល់​ប្រយោជន៍​ទាំងសងខាង ប្រសិនបើ​លោក សារី សម្រេចចិត្ត​ចាកចេញ​មែន​នោះ​។​
​ ​
ក្លិប Juventus ដែល​លើក​ពាន​ជើងឯក​ក្របខណ្ឌ Serie A ជា​លើក​ទី​៨​ជាប់​គ្នា​នោះ មាន​ទំនុកចិត្ត​ក្នុងការ​សម្រេច​កិច្ចព្រមព្រៀង​ដែលមាន​តម្លៃ​១៩​លាន​ផោន​សម្រាប់​រយៈពេល​បី​ឆ្នាំ​ជាមួយ​លោក សារី​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​