ក្លិប​ឆេ​ល​ស៊ី​បន្ត​កិច្ចសន្យា​ថ្មី​បួន​ឆ្នាំ​ជាមួយ​ខ្សែការពារ សេសា អា​ស្ពី​លី​គូ​អេ​តា​

322

​ក្លិប​ឆេ​ល​ស៊ី​បាន​បញ្ជាក់ថា ខ្សែការពារ សេសា អា​ស្ពី​លី​គូ​អេ​តា (Cesar Azpilicueta) បាន​ចុះ​កិច្ច​ព្រម​ថ្មី​រយៈពេល​បួន​ឆ្នាំ ដើម្បី​បន្ត​អនាគត​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge​។

តាម​សេចក្តីរាយការណ៍​ថា ខ្សែការពារ​រូបនេះ​នឹង​ពន្យារ​កិច្ចសន្យា​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី រហូតដល់​ឆ្នាំ​២០២២ ដោយមាន​ប្រាក់​ឈ្នួល​១៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​។

​នៅពេលនេះ ក្លិប​ឆេ​ល​ស៊ី​បានប្រកាស​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​កីឡាករ​អេ​ស្ប៉ា​ញ​រូបនេះ ដែលជា​ប្រធាន​ក្រុម​របស់​ក្លិប​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​រដូវ​កាល​នេះ​។​

​អា​ស្ពី​លី​គូ​អេ​តា បាន​និយាយថា “​ខ្ញុំ​ពិតជា​សប្បាយចិត្ត ដែល​បាន​ពន្យារ​កិច្ចសន្យា​នៅទីនេះ ជាមួយ​ក្រុម​ឆេ​ល​ស៊ី​។ ចាប់តាំងពី​ខ្ញុំ​មក​ទីនេះ ខ្ញុំ​មាន​អារម្មណ៍​ពេញចិត្ត​និង​មាន​ការទទួល ខុសត្រូវ​ចំពោះ​ក្លឹប អ្នកគាំទ្រ​ហើយ​រាល់ពេល​ខ្ញុំ​ឈាន​ជើង​ចូល​ទីលាន ខ្ញុំ​ព្យាយាម​អស់ពី សមត្ថភាព​របស់ខ្ញុំ​”​។

​នាយក​ក្លឹប​ឆេ​ល​ស៊ី​លោកស្រី ម៉ា​រី​ណា ហ្គ្រា​ណូ​វ​ស្កា​អៀ (Marina Granovskaia) បាន​បន្ថែមថា “​សេសា គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​បួនរូប​ដែល​បាន​លេង​យូរ​ជាងគេ ហើយ​ធ្វើ​បានល្អ​ក្នុង​រយៈពេល​៦​ឆ្នាំ​កន្លងទៅនេះ​។

​លោកស្រី​បាន​និយាយថា “​អាជីព​និង​ភាពស៊ីសង្វាក់​បានធ្វើ​ឲ្យ​អា​ស្ពី​លី​គូ​អេ​តា ក្លាយជា​កីឡាករ ឆ្នើម​ម្នាក់​និង​ជា​កីឡាករ​ដ៏​មាន​ឥទ្ធិពល​បំផុត​ក្នុង​ក្រុម​។ កិច្ចសន្យា​ថ្មី​នេះ​នឹងធ្វើ​ឲ្យ សេសា នៅ​លេង​ជាមួយ​ឆេ​ល​ស៊ី​១០​រដូវ​កាល​ទៀត ហើយ​សង្ឃឹមថា បួន​ឆ្នាំក្រោយ​គាត់​នឹង​នៅតែ​ជា ផ្នែក​សំខាន់​មួយ​នៃ​ជោគជ័យ​របស់​យើង​”​។

​សេ​សេ អា​ស្ពី​លី​គូ​អេ​តា បាន​ផ្ទេរ​ពី​ក្លឹប Marseille មកកាន់​ក្លឹប Chelsea កាលពី​ឆ្នាំ​២០១២ និង​បាន​លើក​ពាន​ក្របខណ្ឌ Europa League អំឡុង​រដូវ​កាល​ដំបូង​របស់ខ្លួន​នៅ​ក្លឹប​នេះ ស្របពេល​លេង​ក្នុង​តំណែង​ជាច្រើន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែការពារ សេសា អា​ស្ពី​លី​គូ​អេ​តា (Cesar Azpilicueta)