ក្លិប​ឆេ​ល​ស៊ី​ផ្តល់​កិច្ចសន្យា​ថ្មី​ដែលមាន​ប្រាក់​ឈ្នួល​បី​សែន​ផោន​ក្នុង​មួយ​សប្តាហ៍​ដល់ អេ​ឌិន ហា​ហ្សា​ដ​

843
ចែករម្លែក

​ក្រុម​ឆេ​ល​ស៊ី​បានដាក់​កិច្ចសន្យា​នៅលើ​តុ​សម្រាប់​កីឡាករ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) ហើយ​នៅពេលនេះ​អ្វីៗ​អាស្រ័យ​លើ​កីឡាករ​បែលហ្ស៊ិក​រូបនេះ​ថា តើ​សម្រេចចិត្ត​ចុះ កិច្ចព្រមព្រៀង​ឬក៏​អត់​?​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី​។

​កិច្ចសន្យា​ថ្មី​នេះ​នឹងធ្វើ​ឲ្យ ហា​ហ្សា​ដ ក្លាយជា​កីឡាករ​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ របស់​ក្លឹប​ឆេ​ល​ស៊ី ប៉ុន្តែ ហា​ហ្សា​ដ ចង់ដឹង​ពី​ជំហរ​របស់​ក្លិប រៀល ម៉ា​ឌ្រី​ត​(Real Madrid) មុនពេល​សម្រេច​បន្ត​អនាគត​ជាមួយ​ក្លិប​ឆេ​ល​ស៊ី​។ កិច្ចសន្យា​របស់ ហា​ហ្សា​ដ នឹង​ចប់​នៅ​ដំណាច់​រដូវ​កាល​នេះ​។​

​លោក សារី បាន​និយាយថា “​វា​អាស្រ័យ​លើ ហា​ហ្សា​ដ​។ ក្លិប​បាន​ត្រៀម​កិច្ចសន្យា​ថ្មី ប៉ុន្តែ​វា​អាស្រ័យ​លើ ហា​ហ្សា​ដ ថា​តើ​គាត់​ចង់​បន្ត​កិច្ចសន្យា​ឬ​អត់​?”​។

​លោក សារី បន្តថា “​ខ្ញុំ​ចង់​ឲ្យ អេ​ឌិន នៅទីនេះ​ទៀត ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​នៅទីនេះ ប្រសិនបើ​គាត់ ចង់​នៅ​។ ខ្ញុំ​ដឹង​ច្បាស់​ថា មានការ​ពិភាក្សាគ្នា​រវាង​ក្លឹប​និង​អ្នកចាត់ការ​របស់ អេ​ឌិន រាល់​សប្តាហ៍​”​។

​ខណៈពេល​ក្លិប​ឆេ​ល​ស៊ី​ទំនងជា​ចង់​រក្សាទុក​កីឡាករ​ឆ្នើម​របស់ខ្លួន​នោះ ខ្សែការពារ សេសា អា​ស្ពី​លី​គូ​អេ​តា (Cesar Azpilicueta) បាន​ចុះ​កិច្ចព្រមព្រៀង​ថ្មី​រយៈពេល​៤​ឆ្នាំ ជាមួយ​កិច្ចសន្យា ដែលមាន​ទឹកប្រាក់ ១៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​កាលពី​ថ្ងៃ​អង្គារ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

កីឡាករ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard)