ក្លិប​តា​ព្រហ្ម​មានជ័យ បញ្ឈរជើង​អ្នក​ប្រដាល់ មា​ជ សុខ​រ៉ា

479
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: លោក មាស សុខ​គ្រី គ្រូបង្វឹក និង​ជា​ម្ចាស់​ក្លិប​ប្រដាល់ តា​ព្រហ្ម​មានជ័យ បានប្រកាសថា លោក​ដាក់ទណ្ឌកម្ម អ្នក​ប្រដាល់ មា​ជ សុខ​រ៉ា ដែលជា​សិស្ស​របស់លោក​ហើយ ដោយសារតែ​គេ គ្មាន​វិន័យ ។​

​លោក មាស សុខ​គ្រី បាន​និយាយថា សិស្ស​របស់លោក រូបនេះ ដណ្ដើមបាន​ខ្សែក្រវាត់​មួយ របស់​ភេសជ្ជៈ Wurkz ពី​ការប្រកួត​លើ សង្វៀន​អាស៊ីអាគ្នេយ៍ ។ កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៨ ក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ ជាមួយ​អ្នក​ប្រដាល់​ថៃ កេង កាត់ (Keng Kat) សុខ​រ៉ា ដណ្ដើមបាន​ជ័យជំនះ ហើយ​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់ ដែលមាន​រង្វាន់​អម ចំនួន ២០.០០០.០០០​រៀល ។​

​បន្ទាប់ពី​ដណ្ដើមបាន​ខ្សែក្រវាត់ អ្នក​ប្រដាល់​រូបនេះ បាន​ចំអក​ឲ្យ​លោក មាស សុខ​គ្រី និង​ក្លិប​ទាំងមូល​ថា អ្វីដែល​គេ​ដណ្ដើមបាន​នេះ មិនមាន​នរណា​ជួយ​ឡើយ គឺ​បាន​ដោយសារ ញើស​ឈាម​របស់គេ និង​ការប្រឹងប្រែង​របស់គេ ជាមួយ​មិត្តភក្តិ​របស់គេ​ទាំងអស់ ។​

អ្នក​ប្រដាល់ មា​ជ សុខ​រ៉ា​

​លោក មាស សុខ​គ្រី បាន​ចាត់ទុកថា នេះ​ជា​សំដី​ប្រមាថមើលងាយ​ក្លិប មើលងាយ​លោក និង​មិត្ត​រួម​ក្លិប ដែល​លោក មិនអាច​ទទួលយកបាន​ឡើយ ។ លោក​បាន​ហៅថា សុខ​រ៉ា ជា​មនុស្ស​រមិលគុណ ហេតុនេះ លោក​ត្រូវតែ​បញ្ឈរ ជើង​គេ មួយរយៈ ដើម្បី​ឲ្យ​គេ​មកសុំ​ទោស​លោក សុំទោស​ក្លិប និង មិត្ត​រួម​ក្លិប​ទាំងអស់ បើ​គេ​មិន​ហ៊ាន​សុំទោស​ទេនោះ លោក​នឹង​បញ្ចប់​អាជីព ប្រដាល់​របស់គេ ត្រឹម​នេះហើយ ។​

​គ្រូបង្វឹក​រូបនេះ​បាន​បន្ទោស​ថា គេ​ធ្លាប់​សុំ​លោក ទៅ​សមាគម​ប្រដាល់ ក្រសួងការពារជាតិ លោក​ក៏​អនុញ្ញាត​ឲ្យ​ទៅ តែដោយសារ​នៅ​ទីនោះ អ្នក​ប្រដាល់​រូបនេះ គ្មាន​វិន័យ ទើប​ក្រសួងការពារជាតិ បោះបង់ចោល ហើយ​គេ​មក​សំពះ​សុំ​លោក នៅ​ជាមួយ ដោយ​សន្យាថា នឹង​ធ្វើជា​មនុស្ស​ល្អ ហេតុនេះ ទើប​លោក​សម្រេច​ទទួល គេ​មកវិញ​នោះ ។​

​ពេលនេះ អ្វីដែល​ជាការ​សន្យា​រប​ស់​គេ​នោះ គេ​មិនបាន​គោរព​ឡើយ ហើយ​ថែមទាំង​មើលងាយ លោក​ទៀតផង​។ ពេលនេះ បើ​គ្មាន​ការ​សុំទោស​ទេនោះ លោក​មិន​ទទួលយក គេ​មកវិញ​ឡើយ ។

​សូមបញ្ជាក់ថា ចំពោះ​អ្នក​ប្រដាល់ មា​ជ សុខ​រ៉ា មិនអាច​ទាក់ទង​បានឡើយ ៕v

អ្នក​ប្រដាល់ មា​ជ សុខ​រ៉ា​