ក្លិប​ថៃ Muangthong ទិញ​អ្នកចាំទី​ជម្រើសជាតិ​វៀតណាម ដោយ​ឱ្យប្រាក់​ឈ្នួល ១០.០០០ ដុល្លារ​ក្នុង​មួយខែ បូក​ជាមួយ​ផ្ទះ​និង​ឡាន​ថែមទៀត​

523
ចែករម្លែក
  • 25
    Shares

​ក្លិប​ថៃ Muangthong United F.C. បាន​ទិញ​អ្នកចាំទី​វៀតណាម ដាង វ៉ាន់​ឡាំ ក្នុងតម្លៃ​មិនបាន​បង្ហាញ​ឱ្យដឹង​មួយ​លើ​កិច្ចសន្យា​រយៈពេល ៣ ឆ្នាំ​។​

​ក្លិប Muangthong បានបង្ហាញ​ការចាប់អារម្មណ៍​ចំពោះ​ការលេង​របស់​ឡាំ​នៅក្នុង​ការប្រកួត AFF Cup ថ្មីៗ​នេះហើយ​បាន​ទិញ​ផ្តាច់​កិច្ចសន្យា​សេសសល់​១​ឆ្នាំ​របស់គាត់​ជាមួយ​ក្លិប Hai Phong F.C ហើយនឹង​ផ្តល់​ប្រាក់ខែ​ឱ្យ​គាត់​ចំនួន ១០.០០០ ដុល្លារ​ក្នុង​មួយខែ ក្រៅពី​ផ្តល់ឱ្យ​គាត់​នូវផ្ទះ​និង​ឡាន​ក្នុងអំឡុងពេល​គាត់​លេង​ឱ្យ​ក្លិប​។​

​រូបគេ​នឹងត្រូវ​ចូលរួម​ជាមួយ​ក្លិប បន្ទាប់ពី​វៀតណាម​បញ្ចប់​ការប្រកួត Asian Cup ដែល​ចាប់ផ្តើម​នៅ​សប្តាហ៍​នេះ​។​

​ក្លិប Hai Phong F.C. កាលពីមុន​បាន​បដិសេធ​ការផ្តល់ជូន​ពី​ក្លិប​ជាច្រើន​នៅ​វៀតណាម ឥណ្ឌូនេស៊ី និង​កូរ៉េខាងត្បូង​។​

​អ្នកចាំទី​កើត​នៅ​រុស្ស៊ី​រូបនេះ​បាន​ចូលរួម​ក្របខ័ណ្ឌ V-League នៅ​ឆ្នាំ ២០១៥ និង​បាន​ជួយ​ឱ្យ Hai Phong បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៦​រដូវ​កាល​មុន​។ នៅឯ​ការប្រកួត​ពានរ​ង្វាន់ AFF Cup ឡាំ​បាន​រក្សាសំណាញ់​ទី​មិន​ឱ្យគេ​ស៊ុត​ចូល​៥​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល និង បាន​បន្ត​ជួយ​ក្រុម​គាត់​ឈ្នះ​ពានរង្វាន់​នេះ​។​

​កីឡាករ​វ័យ ២៥ ឆ្នាំ​រូបនេះ​កំពុង​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​បើកឆាក​ជាមួយ​អ៊ីរ៉ាក់​នៅឯ Asian Cup នៅក្នុង​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​៕ ដោយ៖ កញ្ញាដាលីស

អ្នកចាំទី​វៀតណាម ដាង វ៉ាន់​ឡាំ