ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ត្រៀម​បញ្ចេញ​ឯកសណ្ឋាន​ថ្មី​២០១៩​និង​ប្រកាស​កីឡដ្ឋាន​របស់ខ្លួន

410
ចែករម្លែក
  • 7
    Shares

​ដោយ​៖​បូ​រិ​ន​/​ភ្នំពេញ​៖​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន ជាពិសេស​អ្នកគាំទ្រ​ក្លឹប​ឱ្យបាន​ជ្រាបថា​នា​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០១៩​ខាងមុខនេះ​ក្លិប​នឹង​ប្រារព្ធ​ពិធី​បង្ហាញ​ឯកសណ្ឋាន​ថ្មី​ប្រចាំ​រដូវ​កាល​ឆ្នាំ​២០១៩ ព្រមទាំង​ការប្រកាស​ជា​ផ្លូវការ​ឈ្មោះ​ថ្មី​នៃ​កីឡដ្ឋាន RSN ក៏ដូចជា​បណ្តា​ដៃគូ​សហការ​ឧបត្ថម្ភ​សម្រាប់​រដូវ​កាល​នេះ​ផងដែរ​។

​ភ្នំពេញ​ក្រោ​ន បានប្រកាស​ជូន​ដល់​ក្រុម​អ្នកសារព័ត៌មាន​ឱ្យដឹងថា កម្មវិធី​នេះ​នឹង​ធ្វើឡើង​ចាប់ពី​ម៉ោង ៥​និង​៣០​នាទី​ល្ងាច​តទៅ​នៅ​កីឡដ្ឋាន​RSN​ផ្ទាល់​ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​វិស័យ​កីឡា​កម្ពុជា​រួមជាមួយ​ថ្នាក់ដឹកនាំ​ក្លិប​និង​តំណាង​ស្ថាប័ន​ជា​ដៃគូ​ក្លិប​ក៏ដូចជា​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​។

ក្លិប​នេះ​បានប្រកាស​ទៀតថា​អ្វីដែល​ពិសេស​នោះ​គឺ​កម្មវិធី​នេះ​ក៏​នឹងមាន​ការអញ្ជើញ​លោកអ្នក​ដែលជា​សមាជិក​ក្លិប​(​ដែលមាន​កាត​សមាជិក​ឬ​MembershipCard​ជា​សម្គាល់​)​ព្រមទាំង​បើកទទួល​ចុះឈ្មោះ​លើ​អន​ឡាញ​ចំនួន ៣០០​នាក់ (​ដែល​នឹងមាន​ការរៀបចំ​អាហារសម្រន់ និង​ភេសជ្ជៈ​ជូន​) ព្រមទាំង​សាធារណជន​ទូទៅ​ផងដែរ​។​ដូច្នេះ​សូម​រង់ចាំ​ចុះឈ្មោះ​ចូលរួម​បន្ទាប់ពី​ការប្រកាស​ជា​ផ្លូវ​ការដែល​នឹងធ្វើ​ឡើង​នាពេល​ឆាប់ៗ​នេះ​។​

​សូម​បញ្ជាក់ដែរថា ក្នុង​កម្មវិធី​នឹងមាន​បន្ថែម​ការកម្សាន្ត​ជាច្រើន​ដូចជា​ការសម្តែង​របស់​ក្រុម​ក្មេង​ខ្មែរ រួមជាមួយ​តារាចម្រៀង MC Bull និង​ទស្សនីយភាព​សម្តែង​សិល្បៈ​ផ្សេងទៀត​ដ៏​សម្បូរបែប ខណៈដែល​អ្នកចូលរួម​ទាំងអស់​ក៏មាន​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើម​ថែមទៀត​៕S/​