ក្លិប​អា​សេណ​ល​ពិចារណា​លក់ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល ស្របពេល​ក្លិប ហ្វេ​ណេ​បា​សេ បាន​បដិសេធ​មិន​ចង់បាន

403
ចែករម្លែក

ក្លិប​តួ​ក​គី ហ្វេ​ណេ​បា​សេ​(Fenerbahce) បាន​បដិសេធ​មិន​ដាក់សំណើ​ផ្ទេរ​កីឡាករ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil) ។

​ស្រប​ពេលដែល​ក្លិប អា​សេណ​ល​(Arsenal) បាន​ត្រៀម​លក់​ខ្សែបម្រើ​ដែលមាន​ប្រាក់ ឈ្នួល ៣៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​រូបនេះ ហើយ​ថែមទាំង​សុខចិត្ត​ជួយ​ប្រាក់ ឈ្នួល​មួយផ្នែក​ផងដែរ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​អចិន្ត្រៃយ៍​ឬក៏​កិច្ចសន្យាខ្ចី​ជើង ណាមួយ​។

​ប៉ុន្តែ​គេ​ជឿថា ក្លប Fenerbahce ប្រហែល​មិន​ដាក់សំណើ​ផ្ទេរ អូ​ហ្ស៊ី​ល ទេ ជាពិសេស ខណៈ​ពួកគេ​ទើបនឹង​ចុះ​កិច្ចព្រមព្រៀង​ខ្សែបម្រើ ម៉ាក គ្រូ​ស (Max Kruse) ក្នុង​កិច្ចសន្យា លេង​បី​ឆ្នាំ និង​លេង​ក្នុង​តំណែង​ស្រដៀង​គ្នា​នេះ​។

​មានការ​ភ្ជាប់​កីឡាករ​រូបនេះ​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅលេង​នៅ​តួ​ក​គី ដោយសារតែ អូ​ហ្ស៊ី​ល មាន​ដើមកំណើត​ដូនតា​ជា​ជនជាតិ​តួ​ក​គី ហើយ​បាន​រៀបការ​ជាមួយ​អតីត​បវរកញ្ញា​តួ​ក​គី​ផងដែរ​។

​គេ​ជឿថា នេះ​គឺជា​កិច្ចសន្យា​ដែលមាន​តម្លៃ​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ពួកគេ ប៉ុន្តែ អូ​ហ្ស៊ី​ល មិន​ប្រាកដជា​ទៅលេង​នៅ Fenerbahce ទេ ហើយ​ក្លឹប​តួ​ក​គី​ក៏​កំពុង​ដក ខ្លួន​ចេញពី​សេចក្តីរាយការណ៍​ទាំង​នេះដែរ​។ គេ​នៅ​រង់ចាំ​មើលថា តើ​មាន​ក្លឹប​ណា​នឹង ដាក់សំណើ​ផ្ទេរ​កីឡាករ​រូបនេះ​។

​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ឲ្យ​ដឹងថា អូ​ហ្ស៊ី​ល មាន​ភាពស្ទាក់ស្ទើរ​ក្នុងការ​ចាកចេញ ពី​ក្លិប Arsenal ស្របពេល​នៅសល់​កិច្ចសន្យា​២​ឆ្នាំ​ទៀត​។ បើទោះបីជា​ពិបាក​ក្នុងការ ស្វែងរក​កៅអី​ក្នុង​ក្រុម​ជម្រើស​ដំបូង ក្រោម​ការដឹកនាំ​របស់​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) ក៏ដោយ ក៏​កីឡាករ​រូបនេះ​ចង់​ប្រជែង​ដើម្បី​អនាគត​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​