ក្លិប បា​សេ​ឡូ​ណា​មាន​កំហុស​បច្ចេកទេស ដោយ​ប្រកាសថា ឌែ​នី​ស ស្វា​រ៉េ​ស ចូលរួម​ជាមួយ អា​សេណ​ល ក្នុង​កិច្ចសន្យាខ្ចី​ជើង​

330
ចែករម្លែក

ក្លិប បា​សេ​ឡូ​ណា​(Barcelona) បាន​សារភាពថា ខ្លួន​មាន​កំហុស​បច្ចេកទេស ដោយ​ប្រកាសថា ខ្សែបម្រើ ឌែ​នី​ស ស្វា​រ៉េ​ស (Denis Suarez) បានសម្រេច​កិច្ចព្រមព្រៀង​ខ្ចី​ជើង​ទៅ​ក្លិប Arsenal រហូតដល់​ចប់​រដូវ​កាល​។​

​ស្វា​រ៉េ​ស ដែល​តាម​ព័ត៌មាន​បាន​ខកខាន​ការហ្វឹកហាត់​របស់​ក្រុម Barcelona កាលពី​ថ្ងៃ​អង្គារ គ្រោង​សម្រេច​ក្តី​សុបិន​ជួប​ជាមួយ​អ្នកចាត់ការ អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) ដែល​កន្លងមក ធ្លាប់​ធ្វើការ​ជាមួយគ្នា​នៅ​ក្លិប​សេ​វីឡា​( Sevilla) ប៉ុន្តែ​ក្លិប បា​សេ​ឡូ​ណា បាន​សាង​កំហុស​ដោយ ប្រកាសថា មានការ​សម្រេច​កិច្ចព្រមព្រៀង​កាលពី​យប់​ថ្ងៃ​ពុធ​។​
​ ​
អ្នកចាត់ការ​ក្លិប អា​សេណ​ល បាន​និយាយ​ជាមួយ​កីឡាករ​រូបនេះ​នៅ​ខែ​នេះ ដើម្បី​លម្អិត​ពី​ផែនការ​របស់លោក​និង​មហិច្ឆតា​សម្រាប់​ក្រុម​របស់លោក​។
​ ​
​ក្លិប បា​សេ​ឡូ​ណា ចង់​លក់ ស្វា​រ៉េ​ស នៅ​ខែ​នេះ​ក្នុង​កិច្ចព្រមព្រៀង​១៧​លាន​ផោន​ទៅកាន់​ក្លិប សេ​វីឡា ឬក៏​ក្លិប រៀល បេ​ទី​ស​(Real Betis) ប៉ុន្តែ ស្វា​រ៉េ​ស បដិសេធ​មិន​ចូលរួម​ជាមួយ ក្លិប​ទាំងនោះ ដោយសារតែ​កីឡាករ​រូបនេះ​មានបំណង​វិលត្រឡប់​មកកាន់​វិស័យ​បាល់ទាត់ អង់គ្លេស​។​
​ ​
​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​កន្លងមក​ធ្លាប់​លេង​នៅ​ក្រុមយុវជន​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី មុនពេល​វិលត្រឡប់​ទៅ​ប្រទេស​អេ​ស្ប៉ា​ញ​វិញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ