ក្លិប បា​សេ​ឡូ​ណា មានបំណង​ចំណាយ​៩៦​លាន​ផោន ដើម្បី​នាំយក​ខ្សែបម្រើ សូល នី​ហ្គេ​ស ពី​ក្លិប អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត​

478
ចែករម្លែក

ក្លិប បា​សេ​ឡូ​ណា​(Barcelona) ត្រៀម​បង្កើន​ចំណាប់អារម្មណ៍​របស់ខ្លួន​លើ​កីឡាករ សូល នី​ហ្គេ​ស (Saul Niguez) និង​មានបំណង​ចំណាយ​ប្រាក់​៩៦​លាន​ផោន ដើម្បី​នាំយក​កីឡាករ​ឆ្នើម របស់​ក្លិប​អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត​( Atletico Madrid )​នៅ​រដូវក្តៅ​នេះ​។

​ក្លិប​ជើងឯក La Liga នេះ កោតសរសើរ​ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ ហើយ​ជិត​នឹង​សម្រេច កិច្ចព្រមព្រៀង​ផ្ទេរ នី​ហ្គេ​ស កាលពី​ឆ្នាំ​២០១៧ មុនពេល​កីឡាករ​រូបនេះ​សម្រេចចិត្ត​បន្ត​អនាគត យូរអង្វែង​ជាមួយ​ក្រុម Atletico ។

​ប៉ុន្តែ​ក្លិប Barcelona បាន​ប្តេជ្ញាចិត្ត​នឹងមិន​ឲ្យ​បាត់បង់​ឱកាស​ជាថ្មី​ទេ និង​មាន​ផែនការ​បង្កើន សំណើរ​ជិត​១០០​លាន​ផោន ដើម្បី​នាំយក​កីឡាករ​រូបនេះ​។

​គេ​ដឹងថា ក្លិប Atletico ហាក់ដូចជា​រក្សា​ជំហរ​រឹងមាំ​ខណៈ​ពួកគេ​មិន​ចង់​ផ្តល់ឱកាស​ឲ្យ​គូ ប្រជែង​របស់ខ្លួន​យក​កីឡាករ​ឆ្នើម​ទៅ​ពង្រឹង​ក្រុម​នោះទេ​។

​មិន​ថា សូល ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ពហុ​កីឡដ្ឋាន Nou Camp ឬ​ទៅ​ចូលរួម​ជាមួយ​ក្លឹប ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នោះទេ កីឡាករ​រូបនេះ​នឹង​ក្លាយជា​កីឡាករ​អេ​ស្ប៉ា​ញ ដែលមាន​តម្លៃ​ខ្លួន​ផ្ទេរ​ខ្ពស់​ជាងគេ​បំផុត​មុន​ធ្លាប់មាន​។

​បើទោះបីជា​នាំ​មុនគេ​ដាច់​១០​ពិន្ទុ​នៅលើ​ក្របខណ្ឌ La Liga ស្ថិតក្នុង​ដំណាក់កាល​ដ​ណ្តើ​ម​ពាន Copa del Rey និង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ក៏ដោយ ក៏​ប្រធាន​ក្លឹប Barcelona ទំនងជា​ប្តេជ្ញាចិត្ត ជ្រើសរើស​កីឡាករ​វ័យក្មេង​បន្ថែម​សម្រាប់​រដូវ​កាល​ក្រោយ​។

​ក្លិប Barcelona ទើប​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​ឆ្នើម ហ្វ្រែ​ង​គី ដឺ ចុង (Frenkie de Jong) កាលពី​ខែមករា ក្នុងតម្លៃ​៦៥​លាន​ផោន ប៉ុន្តែ​ហាក់ដូចជា​អន្ទះសា​ចង់​បន្ថែមទៀត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

កីឡាករ សូល នី​ហ្គេ​ស (Saul Niguez)