ក្លិប រៀល​ម៉ា​ឌ្រី​ត​កំណត់​តម្លៃ​ខ្លួន​ខ្សែការពារ រ៉ា​ហ្វា​អែល វ៉ា​រ៉ា​ណេ ខ្ពស់កប់ពពក​

403
ចែករម្លែក

ក្លិប រៀល ម៉ា​ឌ្រី​ត​(Real Madrid )​គ្មាន​បំណង​ចង់​លក់​ខ្សែការពារ រ៉ា​ហ្វា​អែល វ៉ា​រ៉ា​ណេ (Raphael Varane) នៅ​រដូវក្តៅ​នេះ​ទេ​។ ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​នេះ នឹង​ទាមទារ​នូវ​ទំហំ ទឹកប្រាក់​ទិញ​ផ្តាច់​៤២៩​លាន​ផោន សម្រាប់​កីឡាករ​រូបនេះ ប្រសិនបើ​មាន​ក្លឹប​ណាមួយ ចង់បាន​នៅ​រដូវក្តៅ​នេះ ដែល​ធ្វើ​ឲ្យ​គូប្រជែង​នៅ​តំបន់​អឺរ៉ុប​គ្មាន​លទ្ធភាព​នឹង​ផ្ទេរ​កីឡាករ រូបនេះ​បាន​។​
​ ​
​វ៉ា​រ៉ា​ណេ វ័យ​២៥​ឆ្នាំ បានបង្ហាញ​មុខ​២៦៨​ប្រកួត និង​លើក​ពាន​ឆេ​ម​ពាន​លី​កបួន​លើក ចាប់​តាំង​ផ្ទេរ​ពី​ក្លិប លេន​(Lens) កាលពី​ឆ្នាំ​២០១១​។​
​ ​
​ប៉ុន្តែ​អនាគត​របស់​កីឡាករ​រូបនេះ​ហាក់ដូចជា​មិន​ច្បាស់លាស់ ចំពេល​មានការ​លើក ឡើង​ថា ខ្សែការពារ​កណ្តាល​រូបនេះ​ចង់បាន​ការប្រកួតប្រជែង​ថ្មី ហើយ​កំពុង​សម្លឹង រក​លទ្ធភាព​ផ្ទេរចេញ​នៅ​រដូវក្តៅ​នេះ​។​
​ ​
ទាំង​ក្លិប ជូ​វិនទុ​ស​(Juventus )​និង​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ត្រូវបាន​ភ្ជាប់​ទៅនឹង កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​រូបនេះ ដែលមាន​កិច្ចសន្យា​ដល់​ឆ្នាំ​២០២២​។​

​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) គ្រោង​នឹង​កសាង​ក្រុម​Real Madrid ឡើងវិញ​នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​គ្រូបង្វឹក​រូបនេះ​គ្មាន​បំណង​បញ្ចប់​ទំនាក់ទំនង ជាមួយ​កីឡាករ​រូបនេះ​ទេ បើទោះបីជា​ក្លិប Real Madrid បាន​ផ្ទេរ​ខ្សែការពារ អេ​ឌ័​រ មី​លី​តាវ (Eder Militao) រួចហើយ​ក៏ដោយ​។​
​ ​
វ៉ា​រ៉ា​ណេ អះអាងថា សេចក្តីរាយការណ៍​ដែលថា ខ្លួន​មិន​សប្បាយចិត្ត​នោះ​គឺជា រឿង​មិន​ពិត​។ ក្លឹប Real Madrid បានបញ្ជាក់​ជំហរ​របស់ខ្លួន​ច្បាស់​ហើយ​ថា​កីឡាករ រូបនេះ​មិនមែន​សម្រាប់​លក់​ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ