ក្លិប រ៉ូ​ម៉ា នៅតែ​សង្ឃឹមថា នឹង​អាច​នាំយក​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី មកកាន់​ក្របខណ្ឌ ស៊េរី អេ​

257
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លិប រ៉ូ​ម៉ា​(Roma) នៅតែ​ចង់​នាំយក​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ត្រឡប់​មកកាន់​អ៊ីតាលី ដើម្បី​ធ្វើជា​អ្នកចាត់ការ បើទោះបីជា​ពួកគេ​ទើប​តែងតាំង​លោក ក្លូ​ឌី​អូ រ៉ា​ណេ​រី (Claudio Ranieri) ហើយក៏​ដោយ​។​

​បច្ចុប្បន្ន លោក សារី អាច​នឹង​ក្លាយជា​អ្នកចាត់ការ​បន្ទាប់​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដែល​គ្រោង​បាត់បង់​ការងារ បន្ទាប់ពី​ជួប​រដូវ​កាល​ដ៏​ខកចិត្ត​ជាមួយ​ក្រុម​ឆេ​ល​ស៊ី​។

​ទោះបីជា​យ៉ាងណា ក្រុម រ៉ូ​ម៉ា ចាប់អារម្មណ៍​នឹង​គ្រូបង្វឹក​វ័យ​៦០​ឆ្នាំ​រូបនេះ ដោយសារតែ ភាពជោគជ័យ​របស់លោក​ជាមួយ​ក្លិប ណា​ប៉ូ​លី​(Napoli) ហើយ​តាម​ដឹងថា នឹង​នាំ​គ្រូ បង្វឹក​រូបនេះ​ទៅកាន់​អ៊ីតាលី ប្រសិនបើ​លោក​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Stamford Bridge មែន​។​

​លោក រ៉ា​ណេ​រី បាន​ចូល​ដឹកនាំ​ក្រុម Roma កាលពី​ពីរ​សប្តាហ៍​មុន បន្ទាប់ពី​ពួកគេ បណ្តេញ​លោក Eusebio Di Francesco ប៉ុន្តែ​ក្នុង​កិច្ចសន្យា​រយៈពេល​ខ្លី​។​

​ក្លិប រ៉ូ​ម៉ា នៅតែ​តាមដាន​មើល​ស្ថានភាព​របស់លោក សារី នៅ​ក្លឹប​ឆេ​ល​ស៊ី ដែល​លោក បាន​ចូលរួម​កាលពី​រដូវក្តៅ​មុន​ក្នុង​តំណែង​អ្នកចាត់ការ​នៅក្រៅ​ប្រទេស​អ៊ីតាលី​ជា​លើកដំបូង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​