ក្លិប វេស ហេម កំពុង​ចរចា​ផ្ទេរ សេ​បា​ស្ទៀ​ន ហាល​ឡ័​រ ក្នុងតម្លៃ​៤០​លាន​ផោន​

229
ចែករម្លែក

​ក្លិប វេស ហេម​(West Ham) សង្ឃឹមថា នឹង​បញ្ចប់​ការស្វែងរក​ខ្សែប្រយុទ្ធ​ម្នាក់ បន្ទាប់ពី បង្កើន​កិច្ចប្រឹងប្រែង ដើម្បី​ផ្ទេរ​កីឡាករ សេ​បា​ស្ទៀ​ន ហាល​ឡ័​រ (Sebastien Haller) ។​
​ ​
​ក្លិប​វេស​ហេម​កំពុង​ចរចា​ជាមួយ​ក្លិប​Frankfurt របស់ ហាល​ឡ័​រ ជុំវិញ​តម្លៃ​ផ្ទេរ​ប្រហែល ៤០​លាន​ផោន សម្រាប់​កីឡាករ​បារាំង​រូបនេះ ហើយ​កំពុងមាន​ទំនុកចិត្ត​ក្នុង​ការឈាន ដល់​កិច្ចព្រមព្រៀង​។​

​តំណាង​របស់ ហាល​ឡ័​រ ក៏​ត្រៀម​ធ្វើដំណើ​ទៅ​ប្រទេស​អង់គ្លេស​ផងដែរ ដើម្បី​ចរចា​ទល់ មុខ​គ្នា អំពី​លទ្ធភាព​ផ្ទេរ​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​។​
​ ​
​ក្លិប West Ham អន្ទះសា​ចង់បាន​ខ្សែប្រយុទ្ធ​ថ្មី​ម្នាក់ទៀត បន្ទាប់ពី​បាត់​ការអត់ធ្មត់​ជាមួយ នឹង​កីឡាករ ម៉ា​កូ អា​ណូ​តូ​វី​ច (Marko Arnautovic) ។ ក្លិប West Ham បាន​លក់ អា​ណូ​តូ​វី​ច ទៅ​ក្លឹប​ចិន Shanghai SIPG ក្នុងតម្លៃ​២២,៤​លាន​ផោន​។​
​ ​
​ក្លិប West Ham ក៏បាន​អនុញ្ញាត​ឲ្យ អែន​ឌី ខា​រ៉ូ​ល (Andy Carroll) ចាកចេញ​និង​លក់ លូ​កាស ផេ​រ៉េ​ស (Lucas Perez) ។ ដំបូង​ឡើយ ពួកគេ​ព្យាយាម​ដណ្តើមយក​កីឡាករ ម៉ាក​ស៊ី ហ្គោ​ម៉េ​ស (Maxi Gomez) ប៉ុន្តែ​មិនអាច​សម្រេច​កិច្ចព្រមព្រៀង​ជាមួយ​ក្លិប Celta Vigo ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​