ក្លិប អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត ប្រជែង​ជាមួយ​ក្លិប​លី​វឺ​ភូ​ល និង ឆេ​ល​ស៊ី ដើម្បី​ផ្ទេរ​កីឡាករ ដេវីដ ណេ​រ៉េ​ស​

434
ចែករម្លែក

កីឡាករ ដេវីដ ណេ​រ៉េ​ស (David Neres) ដែលជា​គោលដៅ​ផ្ទេរ​របស់​ក្លិប​លី​វឺ​ភូ​ល ( Liverpool) និង ឆេ​ល​ស៊ី (Chelsea) នោះ​ក៏​ជា​ជម្រើស​កំពូល​នៅក្នុង​បញ្ជី​ឈ្មោះ​កីឡាករ ដែល​ក្លិប អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត (Atletico Madrid) ត្រូវ​ផ្ទេរ​នៅ​រដូវក្តៅ​នេះ​ផងដែរ​។

​ខ្សែប្រយុទ្ធ​វ័យ​២២​ឆ្នាំ​រូបនេះ​ចាប់ផ្តើម​មានឈ្មោះ​បោះ​សំឡេង​នៅ​រដូវ​កាល​នេះ​បន្ទាប់ពី ធ្វើបាន​ល្អជា​មួយក្រុម អា​ហ្សា​ក់​(Ajax) ទាំង​ក្នុង​ទឹកដី​និង​ការប្រកួត​ក្របខណ្ឌ​អឺរ៉ុប​។

​ក្លិប Liverpool និង Chelsea ស្ថិតក្នុង​ចំណោម​ក្រុម​ដែល​គេ​ជឿថា កំពុង​តាម​ប្រមាញ់ កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ ប៉ុន្តែ​នៅពេលនេះ ពួកគេ​ត្រូវ​ប្រឈមមុខ​នឹង​ការ​ប្រជែង​ពី​ក្លិប Atletico Madrid ។

​គ្រូបង្វឹក ឌី​អេ​ហ្គោ ស៊ី​ម៉ូ​ណេ (Diego Simeone) ត្រៀម​ពង្រឹង​ក្រុម​របស់លោក​ស្របពេល កីឡាករ​សំខាន់ៗ​ដូចជា លូ​កាស ហឺ​ណាន​ដេ​ស (Lucas Hernandez) ឌី​អេ​ហ្គោ ហ្គូ​ឌី​ន (Diego Godin) និង អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann) គ្រោង​នឹង​ចាកចេញ​។

​នៅពេលនេះ​សេចក្តីរាយការណ៍​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​អះអាងថា ក្លិប Atletico បាន ចាត់ទុក ណេ​រ៉េ​ស គឺជា​គោលដៅ​លេខ​១ បើទោះបីជា​ពួកគេ​ដឹងថា កីឡាករ​រូបនេះ​មាន តម្លៃ​ខ្ពស់​ក៏ដោយ បន្ទាប់ពី​ធ្វើបាន​ល្អជា​មួយក្រុម Ajax​។

​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ គឺជា​ផ្នែក​នៃ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​សម្រាប់​ការប្រកួត ក្របខណ្ឌ Copa America នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​រកបាន​១២​គ្រាប់​និង​បង្កើត ឱកាស​១៥​លើក ក្នុងការ​បង្ហាញមុខ​៥០​លើក​សម្រាប់​ក្រុម Ajax នៅ​ឆ្នាំនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ