ក្លិប អ៊ី​ន​ធ័​រ មី​លេន កំពុង​តាមដាន​ស្ថានភាព​របស់លោក កុន​តេ និង ម៉ូ​រី​ញ៉ូ​

385
ចែករម្លែក

​ក្លិប អ៊ី​ន​ធ័​រ មី​លេន​(Inter Milan) កំពុង​តាមមើល​ស្ថានភាព​របស់លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) និង​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ខណៈ​ក្លឹប​នេះ​មាន​គម្រោង ស្វែងរក​អ្នក​ស្នង​តំណែង​លោក លូ​ស៊ី​យ៉ា​ណូ ស្ប៉ា​ល​ឡេ​តទី (Luciano Spalletti) ដែល​កំពុង​រង​សម្ពាធ​។​
​ ​
​លោក ស្ប៉ា​ល​ឡេ​តទី កំពុង​ស្ថិតក្រោម​ការតាមដាន បន្ទាប់ពី​ក្រុម​របស់លោក​ខ្ទាត​ចេញ ពី​ការប្រកួត​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​និង​ក្របខណ្ឌ Europa League នៅ​រដូវ​កាល​នេះ​។​
​ ​
ស្របពេល​លោក កុន​តេ និង​លោក ម៉ូ​រី​ញ៉ូ ជា​អតីត​គ្រូបង្វឹក​របស់​ក្រុម អ៊ី​ន​ធ័​រ​សុទ្ធតែ​គ្មាន ការងារ​ធ្វើ​ដូចគ្នា ហើយ​ក្លឹប​នេះ​កំពុងតែ​ពិចារណា​លទ្ធភាព​នាំយក​ម្នាក់​ក្នុងចំណោម គ្រូបង្វឹក​ទាំងពីរ ដើម្បី​ស្នង​តំណែង​លោក ស្ប៉ា​ល​ឡេ​តទី​។
​ ​
លោក កុន​តេ នៅ​ទំនេរ ចាប់តាំងពី​ចាកចេញ​ពី​ក្លឹប​ឆេ​ល​ស៊ី ហើយ​គ្រូបង្វឹក​អ៊ីតាលី​រូបនេះ កំពុង​ជាប់គាំង​ក្នុង​ជម្លោះ​ផ្លូវច្បាប់​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី​ផងដែរ​ជុំវិញ​ប្រាក់​សំណង​។​
​ ​
​ដោយឡែក​លោក ម៉ូ​រី​ញ៉ុ មិនទាន់​ទទួលយក​ការងារ​ថ្មី​ណាមួយ​ទេ ចាប់តាំងពី​ត្រូវបាន បណ្តេញចេញ​ដោយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​កាលពី​ខែធ្នូ​។​
​ ​
​ប៉ុន្តែ​លោក ម៉ូ​រី​ញ៉ូ នៅ​ជា​វីរបុរស​របស់​ក្លិប Inter Milan នៅឡើយ បន្ទាប់ពី​ជួយ​ដឹកនាំ ពួកគេ​លើក​ពាន​បី​ដ៏​ល្បីល្បាញ​កាលពី​ឆ្នាំ​២០១០ ហើយនឹង​ជា​ជម្រើស​ដ៏​មាន ប្រជាប្រិយ​ក្នុងចំណោម​អ្នកគាំទ្រ ប្រសិនបើ​លោក ស្ប៉ា​ល​ឡេ​តទី​ត្រូវបាន​បណ្តេញ ចេញ​មែន​នោះ​៕