ក្លិប PSG នឹង​ពិន័យ​ប្រាក់​កីឡាករ នី​ម៉ា ៣៤០.០០០​ផោន ដោយសារ​ខកខាន​មិនបាន ចូលរួម​ហ្វឹកហាត់​

183
ចែករម្លែក

តាម​ព័ត៌មាន​ថា កីឡាករ នី​ម៉ា (Neymar) នឹងត្រូវ​ពិន័យ ៣៤០.០០០​ផោន បន្ទាប់ពី ខកខាន​មិនបាន​បង្ហាញ​មុខ​ក្នុងការ​ហ្វឹកហាត់​របស់​ក្លិប Paris Saint-Germain (PSG)​។

​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​មិនបាន​បង្ហាញមុខ​ទេ​កាលពី​ថ្ងៃ​ចន្ទ ខណៈពេល​ក្លិប​ជើងឯក Ligue 1 នេះ ចាប់ផ្តើម​ត្រៀម​ហ្វឹកហាត់​សម្រាប់​យុទ្ធនាការ​រដូវ​កាល​ក្រោយ​។

​នី​ម៉ា នឹងមិន​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​បន្ថែម​៣៤០.០០០​ផោន​សម្រាប់​ខែកក្កដា​នេះ​ទេ ជាការ​ដាក់ទណ្ឌកម្ម ដោយសារតែ​មិនបាន​បំពេញ​កាតព្វកិច្ច ។ នេះ​បើតាម​សេចក្តី រាយការណ៍​របស់​កាសែត Marca របស់​អេ​ស្ប៉ា​ញ​។

​តាម​ព័ត៌មាន​ថា ក្លិប PSG មាន​ប្រាក់​លើកទឹកចិត្ត​បន្ថែម​សម្រាប់​កីឡាករ​ដែលមាន ឥរិយាបថ​ល្អ​ក្នុង​កិច្ចសន្យា ហើយ​នោះ​គឺជា​អ្វីដែល នី​ម៉ា នឹងមិន​បានទទួល​ទេ ហើយ ប្រាក់​នោះ​នឹងត្រូវ​ប្រគល់ជូន​កញ្ចប់​សប្បុរសធម៌​របស់​ក្លិប​។

​កាលពី​ចុង​សប្តាហ៍ នី​ម៉ា កំពុង​ស្ថិតនៅ​ប្រទេស​ប្រេ​ស៊ី​ល ដើម្បី​ទស្សនាការ​ប្រកួត​រវាង ក្រុម​ប្រេ​ស៊ី​ល​និង​ក្រុម​ប៉េ​រូ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Copa America ។

​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​មិនអាច​លេង​បាន​ក្នុង​ព្រឹត្តិការណ៍​នេះ បន្ទាប់ពី​មាន​បញ្ហា របួស​អំឡុងពេល​ប្រកួត​កម្តៅ​សាច់ដុំ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ