ក្លឹប​អ្នកកាសែត​កម្ពុជា ប្រកាស​ការប្រកួតប្រជែង​ពានរង្វាន់​អ្នកសារព័ត៌មាន​ឆ្នើម​ឆ្នាំ​២០១៧

589

(​ភ្នំពេញ​) ៖ ក្លិប​អ្នកកាសែត​កម្ពុជា ក​.​អ​.​ក បានប្រកាស​អំពី​ការប្រកួតប្រជែង​ពាន រង្វាន់​អ្នកសារព័ត៌មាន​ឆ្នើម​ឆ្នាំ​២០១៧​សម្រាប់​​អត្ថបទ​រាយការណ៍​អំពី​អំពើពុករលួយ​នៅ​កម្ពុជា ដោយ​បើកទូលាយ​ដល់​អ្នកសារព័ត៌មាន​ក​ម្ពុ​ជា​ដែលមាន​ស្ថាប័ន​ពិតប្រាកដ​និង​អ្នកសារព័ត៌មាន​ឯករាជ្យ ទាំង​ផ្នែក​បោះពុម្ពផ្សាយ ( កាសែត​និង​ទស្ស​វ​ដ្តី ) និង​តាម​រលកអាកាស ( វិទ្យុ និង​ទូរទស្សន៍​)​រួមទាំង​សារ​​ព័ត៌មាន អន​ឡាញ គេហទំព័រ និង​បណ្តាញ​សង្គម​ប្លុក (Blog ) ។​
​ ​
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ក​.​អ​.​ក បាន​ឲ្យ​ដឹងថា ការប្រឡងប្រជែង​នោះ ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន​ក​ម្ពុ​ជា ចូលរួម​កាន់តែ​សកម្ម​ក្នុងការ​សរសេរ​អត្ថបទ រាយការណ៍​អំពី​ពុករលួយ ប្រកបដោយ​ការទទួលខុសត្រូវ តម្លាភាព និង​សុចរិត​ភាព រួមចំណែក​ដល់​រាជរដ្ឋាភិបាល​សម្រេច​នូវ​ផែនការ​យុទ្ធសាស្ត្រ​លុបបំបាត់​អំពើពុករលួយ​នៅ​កម្ពុជា​។ ​ផ្តើម​ពី​នោះ​ក៏​លើកទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន​កុំ​ឲ្យ​មានការ​ភ័យខ្លាច​ក្នុង​ការបំពេញ​វិជ្ជាជីវៈ​របស់​ពួកគេ​ក្នុងការ​ស៊ើបអង្កេត​និង​រាយ​​ការណ៍​អំពី​អំពើពុករលួយ​ក៏ដូចជា​ចូលរួម​អប់រំ​ដល់​ពលរដ្ឋ​កម្ពុជា រួមមាន​ស្ត្រី យុវជន និង​ក្រុម​អ្នក​មិនសូវមាន​សម្លេង​ឯទៀតៗ​ឲ្យ​ចូល​​រួម​ទាំងអស់គ្នា ប្រយុទ្ធប្រឆាំង​រាល់​ទម្រង់​នៃ​អំពើពុករលួយ ។​
​ ​
​ចំពោះ​ពានរង្វាន់​ដែល​ជ័យលាភី​ទទួលបាន​រួមមាន អត្ថបទ​លេខ​១ ទទួលបាន​ទឹកប្រាក់ ចំនួន​៧៥០​ដុល្លារ​អាមេរិក​។ លេខ​២​ទទួលបាន​៤៥០​ដុល្លារ​អាមេរិក និង​លេខ​៣​ទទួល បាន​៣០០​ដុល្លារ​អាមេរិក ។ គណៈកម្មកា​រវិ​និ​ឆ័យ​មួយ​នឹងត្រូវ​បង្កើតឡើង ដោយ​រួមមាន​អ្នក​សារ​​ព័ត៌មាន​ដែលមាន​បទពិសោធន៍​ក្នុង​អាជីព​៥​ឆ្នាំ​យ៉ាងតិច តំណាង​មកពី​អង្គការ តម្លាភាព​កម្ពុជា ( TI )​និង​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ។​
​ ​
​អត្ថបទ​ដែល​ត្រូវ​ចូលរួម​ក្នុងការ​ប្រកួតប្រជែង គឺ​ត្រូវជា​អត្ថបទ​ដែល​បាន​សរសេរ​សម្រាប់ ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្នែក​បោះពុម្ព តាម​រលក​ធាតុ​​អាកាស ឬ​បង្ហោះ​លើ​អន​ឡាញ គេហទំព័រ​ឬក៏ ប្លុក​ក្នុង​ចន្លោះ​ចាប់ពី​ថ្ងៃទី​១៥ ខែកក្កដា ដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧​ហើយ​អត្ថបទ​​ទាំង នោះ​មាន​ចាប់ពី​៥០០​ពាក្យ​ឡើងទៅ ។​
​ ​
​យ៉ាងណាក៏ដោយ រាល់​អត្ថបទ​ចូលរួម​ប្រកួតប្រជែង​ត្រូវតែ​ផ្តោតទៅលើ​រឿងរ៉ាវ​ដែល​ទាក់ទង​ទៅនឹង​អំពើពុករលួយ​នៅ​កម្ពុជា​សំខាន់​អត្ថ​​បទ​រួមចំណែក​ដំណោះស្រាយ​បញ្ហា​អំពើពុករលួយ ជោគជ័យ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ឥទ្ធិពល​និង​ផលប៉ះពាល់​នៃ​អំពី​ពុក​​រលួយ ក្នុងសង្គម​កម្ពុជា ។ អត្ថបទ​ទាំងនោះ​ក៏​ជា​អត្ថបទ​បែប​វិភាគ​គ្រប់​ជ្រុងជ្រោយ មាន​លក្ខណៈ ស៊ីជម្រៅ​ក្នុង​ប្រធានបទ​រាយការណ៍ និង​កម្រិត​នៃ​ការស្រាវជ្រាវ ស្វែងរក​ការពិត មិន​លម្អៀង​មុន​ធ្វើ​សេចក្តីរាយការណ៍ ។​
​ ​
​ការប្រកួតប្រជែង​នេះ និង​ចាប់ផ្តើម​ពី​ពេលនេះ​រហូតដល់ ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៧ ។ ចំពោះ​ព័ត៌មាន​ផ្សេងៗ​ទៀត​ទាក់ទង​ការប្រកួត​​ប្រជែង​អ្នក​សារព័ត៌ មាន​អាច​ទំនាក់ទំនង​ទៅ​ទីស្នាក់ការ​ក្លិប​អ្នកកាសែត​កម្ពុជា ស្ថិត​នៅផ្ទះ​១២ ផ្លូវ​លេខ​៥ ក្នុង​បុរី​ប៉េង ហួត​ទល់មុខ​​ផ្សារ​ប៉េសេ ផ្លូវ​៣៧១ សង្កាត់​អង្រែ​លើ ខ័​ណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ។ អាច​ទំនាក់ទំនង​ទៅ​លោក ប៊ិន សុជាតិ នាយក​ប្រតិបត្តិ កអក តាមរយះ​លេខ​ទូរស័ព្ទ 012 995 226 ឬ​តាម​អ៊ី​ម៉ែ​ល​៖ socheatb@gmail.com ឬ​កញ្ញា ស៊ុំ ដា​នី មន្ត្រី​កអក តាមរយះ​លេខ​ទូរស័ព្ទ 076 5992 647 ឬ​តាម​អ៊ី​ម៉ែ​ល ៖ CCJ@online.kh ៕​ដោយ​៖​វិបុល​