ក្លឹប Everton ជិត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ លូ​កាស ឌី​ញ៉េ របស់​ក្លឹប​បា​សេ​ឡូ​ណា​

749
ចែករម្លែក

​ក្លឹប Everton ជិត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែការពារ​ស្លាប​ឆ្វេង លូ​កាស ឌី​ញ៉េ (Lucas Digne) របស់​ក្លឹប​បា​សេ​ឡូ​ណា បន្ទាប់ពី​មានការ​ចរចា​ប្រកបដោយ​វិជ្ជមាន​រវាង​ថ្នាក់ដឹកនាំ ក្លឹប​ទាំងពីរ​។​
​ ​
​លោក ម៉ា​សែ​ល ប្រ៊ែ​ន (Marcel Brands) ប្រធាន​បច្ចេកទេស​រប​ស់​ក្លឹប Everton បានធ្វើ​ដំណើរ ទៅ​ទីក្រុង​បា​សេ​ឡូ​ណា​កាលពីដើម​សប្តាហ៍​នេះ ដោយ​សង្ឃឹមថា នឹង​សម្រេច​កិច្ចព្រមព្រៀង ផ្ទេរ​កីឡាករ ឌី​ញ៉េ ហើយ​គេ​ជឿថា ក្លឹប​ទាំងពីរ​អាច​សម្រេច​លក្ខខណ្ឌ​នៅ​ថ្ងៃ​ច័ន្ទ​ខាងមុខនេះ​។​
​ ​
​គ្រូបង្វឹក​ថ្មី ម៉ា​កូ ស៊ី​ល​វ៉ា (Marco Silva) ចង់​លេង​ទម្រង់​ខ្សែការពារ ៣​នៅ​រដូវ​កាល​ក្រោយ ហើយ​មើលឃើញ ឌី​ញ៉េ ជា​បេក្ខភាព​ស័ក្តិសម​ជំនួស​កីឡាករ ឡេ​ធិ​ន បេ​ណេ​ស (Leighton Baines) ។​
​ ​
​ក្លឹប Everton ត្រៀម​ចំណាយ​១៨​លាន​ផោន​សម្រាប់​កីឡាករ​បារាំង​រូបនេះ បើទោះបីជា​គេ​នៅ​មិន ទាន់​ដឹងថា ក្លឹប​ទាំងពីរ​នឹង​ព្រមព្រៀងគ្នា​ក្នុងតម្លៃ​ប៉ុន្មាន​ក៏ដោយ​។​
​ ​
​គេ​រំពឹងថា លោក ប្រ៊ែ​ន នឹង​ព្យាយាម​ផ្ទេរ​ខ្សែការពារ យឺ​រី មីណា (Yerry Mina) របស់​បា​សេ​ឡូ ណា​ផងដែរ​។ កីឡាករ​សញ្ជាតិ​កូ​ឡុំ​ប៊ី​រូបនេះ​លើស​តម្រូវការ​នៅ​ពហុកីឡាដ្ឋាន Nou Camp ប៉ុន្តែ​ទទួលបាន​ការកោតសរសើ​រ​ច្រើន អំឡុង​ព្រឹត្តិការណ៍​វើ​ល​ខាប់​។​
​ ​
Everton បានដាក់​សំណើ​២៧​លាន​ផោន​សម្រាប់ មីណា ប៉ុន្តែ​កំពុង​ប្រឈម​នឹង​ការប្រកួតប្រជែង ពី​ក្លឹប​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​មកពី​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដើម្បី​ផ្ទេរ​កីឡាករ​រូបនេះ​។ ការ​ប្រជែង​គ្នា​អាចធ្វើ​ឲ្យ​តម្លៃ​ផ្ទេរ​ឡើង​ខ្ពស់ជាង​នេះ​។​
​ ​
​កាលពី​រដូវ​កាល​មុន ក្លឹប Everton បាន​ចំណាយ​ប្រាក់​១៨០​លាន​ផោន​ក្នុង​ទីផ្សារ​ទិញដូរ ហើយ​នៅ ពេលនេះ​ពួកគេ​បាន​គាំទ្រ​លោក ស៊ី​ល​វ៉ា ក្នុង​ទីផ្សារ​ទិញដូរ ស្របពេល​ពួកគេ​ចង់​ជ្រៀតចូល តំណែង​ក្រុម​កំពូល​ទាំង​៦​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែការពារ​ស្លាប​ឆ្វេង លូ​កាស ឌី​ញ៉េ (Lucas Digne)